ក្រុម​សមាជិក​សភា​អាមេរិកាំង​រកវិធី​នានា​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែមប្រឆាំងនឹង​មេដឹកនាំ​កម្ពុជា

សមាជិក​សភា​លោក Dana Rohrabacher សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

នៅក្នុង​ការ​សួរដេញ​ដោល​មួយ​កាលពី​ថ្ងៃអង្គារ​ ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​ម្នាក់​គឺ​លោក​ Ted Yoho ​នៃ​គណបក្ស​សាធារណៈរដ្ឋ​ បាន​ពិភាក្សា​និង​ពិនិត្យមើល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថែមទៀត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ក្រុមហ៊ុន​ អ្នក​ប្រព្រឹត្តអំពើ​ពុករលួយ​ និង​ជន​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ​ មាន​ការ​គិតគូរ​ដល់​ការ​ប្រមូល​បញ្ជី​ឈ្មោះ​បុគ្គល ​បញ្ជីឈ្មោះ​ក្រុមហ៊ុន ​បង្កក​ទ្រព្យសម្បត្តិ​ និង​ការ​ពិចារណា​រឿង​កូតា​នាំចូល​សម្លៀក​បំពាក់​មកកាន់​ទីផ្សារ​ស.រ.អា​ជាដើម។

លោក​សមាជិក​សភា​ Dana Rohrabacher ​ខាង​គណបក្ស​សាធារណរដ្ឋ ​មកពី​រដ្ឋ California ​បាននិយាយ​ថា​ វាជា​ពេលវេលា​ដែល​លោក ​ហ៊ុន សែន ​ត្រូវ​ចុះចេញ​ពីអំណាច​ហើយ។​ លោកបាន​បន្ថែមថា​ច្បាប់​ Magnitsky Act ​អាច​អនុវត្ត​បាន​ដែល​លោក​ថា​ ចូរនាំ​គ្នា​វែកមុខ​ឧក្រិដ្ឋជន​ និង​ជនគាប​សង្កត់​នានា​ ដែល​ធ្វើ​បាប​ពលរដ្ឋ​កម្ពុជា។

«យើង​ត្រូវការ​បញ្ជី​ឈ្មោះ​ពីលោក​អ្នក។ ​យើង​ត្រូវការ​បញ្ជី​ឈ្មោះ​ពី​ពលរដ្ឋ​កម្ពុជា​ដើម្បី​ផ្តល់​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ និង​បុគ្គល​ជាក់លាក់​ដើម្បីឲ្យ​យើងធ្វើ​ច្បាប់។​ រួចហើយនឹង​ឲ្យ​ក្រសួង​ការបរទេស​របស់​យើង​ស៊ើបអង្កេត​លើ​បុគ្គល​ពិសេសៗ​ទាំង​នោះ ​ហើយ​ប្រាប់​មក​យើង​វិញ​ថា ​បុគ្គល​នេះ​សម​នឹង​ទទួល​ទណ្ឌកម្ម​អ្វី​ជាក់​លាក់ ដូចជា​ខ្ញុំបាន​និយាយ​គឺ​ដូចជា​ច្បាប់ ​Magnitsky Act ​អញ្ចឹង‍»។

លោក​បាន​បន្ថែម​ថា​ គេគួរ​រក​មើល​ពី​ប្រភព​ហិរញ្ញវត្ថុ​របស់​បុគ្គល​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ហើយ​ចាត់​វិធាន​ការណ៍៖

«ហើយ​ត្រូវ​ព្យាយាម​រកធនាគារ​ដែលគេ​ទុកលុយ​ រក​មើល​ទីណា​ជា​គណនី​របស់​គេ‍»។

លោក​ក៏បាន​សួរ​យោបល់​ដល់ក្រុម​វាគ្មិន​ថា តើ​គួរ​មានវិធី​ជា​ថ្នូរ​ឲ្យ​លោក ហ៊ុន សែន​ចុះចេញ​ពី​អំណាច​ ហើយ​មិន​កាត់ទោស​គាត់​ និង​មិន​រឹបអូស​ទ្រព្យ​សម្បត្តិ​គាត់​ទេ​ បើ​គាត់​ព្រម​កែ​កុន​ស្ថានការណ៍​ប្រជាធិបតេយ្យ។​ ជា​ការ​ឆ្លើយតប​គ្មាន​វាគ្មិន​ដែល​ជា​សាក្សី​ យល់​ព្រម​ទេ​ ហើយ​ទទូច​ឲ្យ​ស.រ.អា​រឹតបន្តឹង​ទណ្ឌកម្ម​ឲ្យមាន​ដំណើរការ​កែ​ទម្រង់​ក្នុង​ប្រទេស​កម្ពុជាតាម​បែប​ប្រជាធិបតេយ្យ​វិញ។

វាគ្មិន​ទាំងបីនាក់​រួមមាន​កញ្ញា​ កឹម មនោវិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកនាង​ Olivia Enos​ អ្នក​វិភាគ​គោល​នយោបាយ​មកពី​វិទ្យាស្ថាន ​Heritage Foundation ​និង​លោក​ Kenneth Wollack ​ប្រធាន​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ (NDI) ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

លោក​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​Brad Sherman​ មកពី​រដ្ឋកាលីហ្វ័ញ៉ា ​បាន​អះអាង​ថា វា​ដល់​ពេលវេលា​ដែល​ស.រ.អា​និយាយ​ជាមួយ​អ្នក​ជំនួញ​ស.រ.អា​ហើយ ​ក្រៅពី​លោក​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ និង​ជប៉ុន​ធ្វើដូចគ្នា​ដែរ។

«ប្រសិន​បើយើង​សម្រេច​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​នាំចូល​ដ៏ពិសេស​មក​កាន់​ទីផ្សារ​ស.រ.អា​ដែល​ក្រុមហ៊ុន​នានា​បានទិញ​ផលិតផល​វាយណភ័ណ្ឌ​ពី​ប្រទេស​កម្ពុជា អាចធ្វើ​មោឃភាព​កុងត្រា​ទាំងនោះ​ អញ្ចឹង​យើងអាច​ដាក់បញ្ចូល​ក្នុងច្បាប់​បាន​ហើយ‍»។

នេះ​ជា​ការ​សួរនាំ​ដល់ក្រុម​វាគ្មិន​សាក្សី​ដើម្បី​ឆ្លើយ​ ដែល​រឿងនេះ​ស.រ.អា​ធ្លាប់​បាន​ធ្វើការ​កាត់ផ្តាច់​កូតា​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ អាស៊ី​មួយ​ចំនួន ​និង​ប្រទេស​ផ្សេង​ទៀត​ ប្រកប​ដោយ​ជោគជ័យ​ ហើយបាន​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ។

លោក​សមាជិកសភា​ ថេត យូហូ ​មក​ពីរដ្ឋ​ Florida ​បាន​រៀបរាប់​អំពី​ស្ថានការណ៍​លម្អិត​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យនៅ​កម្ពុជា​ រាប់​ចាប់​ពីការ​វាយ​តំណាងរាស្ត្រ​ពីរ​រូប​ ការ​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ​អ្នកវិភាគ​ឯករាជ្យ​ ការ​រំលាយ​គណបក្ស​ជំទាស់​ ការ​ចាប់​ដាក់​គុក​មេដឹកនាំ​ក្រុម​ជំទាស់​ គឺ​លោក ​កឹម សុខា​ ការ​បង្ក​ឲ្យ​មាន​ការ​និរទេស​ខ្លួន​ក្រុមមន្ត្រី​ជំទាស់​ជាច្រើន​រូបទៅ​ក្រៅប្រទេស​ រាប់ទាំង​អតីត​ប្រធាន​ក្រុម​ជំទាស់​ គឺ​លោក​ សម រង្ស៊ី ​ការ​បែង​ចែក​អាសនៈ​សភា​ និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​ជំទាស់​ ការ​បោះឆ្នោត​ដែល​គ្មាន​លក្ខណៈសេរី​និង​យុត្តិធម៌ ​អាច​ទទួល​ស្គាល់​ពីភាព​ស្រប​ច្បាប់​ក្នុងស្ថានភាព​ដែល​រដ្ឋាភិបាល​កម្ពុជា​មិនព្រម​កែប្រែ​ស្ថានការណ៍។

«ជា​រឿង​អភ័ព្វ ​មេដឹកនាំ​ផ្តាច់​ការ​កម្ពុជា ​មាន​ផែនការ​ផ្សេង។ ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច ​បាន​កាន់​អំណាច​ជាង៣០​ឆ្នាំ​ហើយ​ ដោយ​គ្មាន​បំណង​ផ្ទេរ​អំណាច​ទេ។​ ចំពោះ​បញ្ហា​ពង្រឹង​ការ​គាំទ្រ​គណបក្ស​ជំទាស់​ វា​ហាក់​ដូចជា​លោក​ ហ៊ុន សែន​បាន​សម្រេច​ថា ប្រសិន​បើ​លោក​មិនអាច​គ្រប់គ្រង​ការ​បោះឆ្នោត ថែម​ទាំង​ប្រព័ន្ធ​បោះឆ្នោត​ដែល​មាន​ការ​លួច​បន្លំ​បាន​ទេ​ លោក​ ហ៊ុន សែន ​នឹង​គ្រប់គ្រង​អំណាច​ដោយ​កម្លាំង​ទ័ព‍»។

សវនាការ​សាធារណៈ​មួយរបស់​អនុគណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​ចំពោះ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ មាន​ការ​ចូលរួម​ពី​ក្រុម​វាគ្មិន​ ជា​សាក្សី​បីរូប។​ វាគ្មិន​ទាំងនោះ​រួមមាន​កញ្ញា​ កឹម មនោវិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកនាង​ Olivia Enos​ អ្នក​វិភាគ​គោល​នយោបាយ​មកពី​វិទ្យាស្ថាន ​Heritage Foundation ​និង​លោក​ Kenneth Wollack ​ប្រធាន​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ (NDI) ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

កញ្ញា​ កឹម មនោវិទ្យា​ ដែល​កំពុង​ដើរ​គៀងគរ​រក​ការ​គាំទ្រពី​ក្រសួងការ​បរទេស​អាមេរិក ​ សេតវិមាន ​សភា​អាមេរិក នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ប្រទេស​មួយ​ចំនួន​ បាន​អះអាង​ប្រាប់ក្រុម​សមាជិក​សភា​អាមេរិកាំង​អំពី​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​ និង​ស្នើឲ្យ​មាន​ការ​ជួយអន្តរាគមន៍​ពី​ស.រ.អា​ ឲ្យ​បាន​ឆាប់ៗ​ មុន​ពេល​វា​យឺត​ពេល​សម្រាប់​គណបក្ស​ជំទាស់​អាច​រៀប​ចំ​ទាន់​ពេល ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

​កញ្ញា​ មនោវិទ្យា បាន​បន្ត​ថា​ អន្តរជាតិ​ចង់​បាន​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​លើ​ស្ថានការណ៍​កម្ពុជា​ ដោយ​សង្កត់ធ្ងន់​ថា ប្រជាធិបតេយ្យ​មិន​អាច​ត្រូវ​គេ​ដាក់​លើ​ជើងពាន​ផ្តល់​ឲ្យ​ទេ​ វា​លើកលែង​តែ​ពលរដ្ឋ​ប្រឹងប្រែង​ទាមទារ​ដោយ​ខ្លួនឯង។

«អញ្ចឹង​ខ្ញុំ​សុំទុក​ឱកាស​នេះ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ ឲ្យ​បង​ប្អូន​ពិចារណា​តើ​បងប្អូន​ធ្វើយ៉ាងណា​ដើម្បី​គេ​យល់​ ឲ្យ​គេ​ដឹង​ពីឆន្ទៈ​របស់​បងប្អូន ហើយ​បង​ប្អូន​ចង់​បាន​អ្វី ​ព្រោះ​ឥឡូវ​នេះ​ពិភពលោក​កំពុងតែ​ចង់​ឮ​ពី​បងប្អូន‍»។

សមាជិក​សភា​លោក Bradley Sherman នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Californiaថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ស.រ.អា​គឺ​លោកស្រី ​Heather Nauert ​កាលពី​សប្តាហ៍មុន​ បាន​អះអាង​ថា វិធាន​ការ​របស់​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​គឺ លោក​ Rex Tillerson ​កើតឡើង​បន្ទាប់​ពី​សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ កាលពីថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា។ ​លោកស្រី​បានថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖

«ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ទៅនឹង​វិធានការ​ប្រឆាំង​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​ យើង​សូម​ប្រកាស​ថា​ លោក​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​នឹង​ដាក់​បំរាម​មិន​ឲ្យ​ចូល​មក​កាន់ប្រទេស​អាមេរិក​ទេ‍​ ចំពោះ​បុគ្គល​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា»។

ក្រៅពី​បញ្ជាក់​ថា​ សមាជិក​ក្រុម​គ្រួសារ​របស់​មន្ត្រី​ និង​បុគ្គល​ទាំងនោះ​ក៏ត្រូវ​ជាប់​ក្នុង​បំរាម​នេះ​ផង​ដែរ​នោះ​ សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ដដែល​នេះ បាន​និយាយ​ថា​ វិធានការ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​រំលាយ​គណបក្ស​ជំទាស់​ដ៏​សំខាន់​ជាងគេ​ ហើយ​រារាំង​មិនឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​ ចាប់​ដាក់​គុក​មេដឹកនាំ​គណបក្ស​ជំទាស់​ គឺ​លោក​ កឹម សុខា​ រឹតត្បិត​ក្រុម​សង្គម​ស៊ីវិល​ គាប​សង្កត់​ក្រុមបណ្តាញ​ព័ត៌មាន​ឯករាជ្យ​ គឺ​ធ្វើ​ផ្ទុយ​នឹង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​អំពី​វិធានការ​បន្ទាប់​ទៀត នៅពេល​ដែល​គ្មាន​ការ​រីកចម្រើន​ ក្រៅពី​ការ​ដក​ហូត​ជំនួយ​ផ្នែក​បោះឆ្នោត​ និង​បញ្ជាក់​ពី​ការ​មិន​ទទួល​ស្គាល់ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​កែប្រែ​ស្ថានការណ៍​ឲ្យ​ត្រឡប់​ជា​ធម្មតា​វិញ ​ដែល​គេ​រំពឹង​ចង់​ឃើញ​ថា​កើត​ឡើង​នៅ​ខែ​មករា​ ឆ្នាំ២០១៨។

លោក​ Kenneth Wollack​ ប្រធាន​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ ​(NDI) ​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​ស.រ.អា​ ដែល​បាន​ដក​ជំនួយ​ផ្នែក​បោះឆ្នោត​ពី​រដ្ឋាភិបាល​កម្ពុជា ដោយសារ​ស្ថានការណ៍​កម្ពុជា​គ្មាន​ការ​កែប្រែ​ ហើយ​ថា​ក៏គ្មាន​រដ្ឋាភិបាល​ណាមួយ​ដែល​កើត​ចេញ​មក​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​អំពីភាព​ស្របច្បាប់​ដែរ។

«ដូច្នេះ​ការ​ផ្តល់ថវិកា​ដល់គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ មិនមែន​ជា​រឿង​សមរម្យ​ទេ។​ ទោះជា​យ៉ាងណា​ នៅមាន​ក្រុមអង្គការ​នានា​ដែល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ រាយការណ៍​អំពី​ដំណើរការ​បោះឆ្នោត​ ដែល​ខ្ញុំ​គិតថា​ គាំទ្រ​ដល់​សកម្មភាព​ទាំង​នោះ​គឺជារឿង​សំខាន់ ​ពីព្រោះ​ការណ៍​នេះ​មិនមែន​មានន័យ​ថា​ផ្តល់​ភាព​ស្រប​ច្បាប់​ទៅ​ដល់​ដំណើរការ​នោះទេ​ តែ​វា​នឹង​ជួយ​ដល់ក្រុម​អង្គការ​ទាំង​នោះ​ឲ្យ​ចែក​រំលែក​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត​ មិន​គ្រាន់​តែ​ដល់​ពលរដ្ឋ​កម្ពុជា​ទេ​តែ​ថែម​ទាំង​ដល់​សហគមន៍​អន្តរជាតិ​ផងដែរ‍»។

លោក​បាន​ផ្តល់តម្លៃ​ទៅលើ​ភាព​ស្របច្បាប់​របស់​មេដឹកនាំ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ​ដោយ​លើក​យក​ឧទាហរណ៍​ខ្លះ​មក​បញ្ជាក់។

«ទោះ​បីជា​មេដឹកនាំ​ផ្តាច់ការ​នានា​ ពេលខ្លះ​ចង់កាន់​អំណាច​តាមរយៈ​ដំណើរការ​បោះឆ្នោត ​ព្រោះ​ពួកគេ​ជឿថា​ ការ​ទទួល​ស្គាល់ភាព​ស្រប​ច្បាប់​ខ្លះ​អាច​នឹង​ផ្តល់​ជូន​ដល់​អ្នក​ឈ្នះ​ បើមិន​ដូច្នោះទេ​ ហេតុអី​បាន​ត្រូវការ​ការ​បោះឆ្នោត​ធ្វើអ្វី​ មិន​គ្រប់គ្រង​អំណាច​ដោយ​ក្រឹត្យ​តែ​ម្តង​ទៅ‍»។

លោក​ថ្លែង​ដូច្នេះ​ ដោយ​យោង​ថា​គ្រប់​មេដឹកនាំ​ចង់​បាន​ភាពស្រប​ច្បាប់​ តែ​មាន​លក្ខខណ្ឌ​ខ្លះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រើ​អំណាច​មហាជន​ ដូចជា​ក្នុង​ប្រទេស​ហ្វីលីពីន ស៊ែប៊ី​ ចរចៀ​ និង​អ៊ុយក្រែន​ នៅពេល​ដែល​មេដឹកនាំ​ទាំង​នោះ​មិន​ចង់​បាន​ការ​ទទួល​ស្គាល់​អំពី​ភាព​ស្រប​ច្បាប់​ លួច​បន្លំ​ការ​បោះឆ្នោត ​ដែល​គេ​រំពឹង​ថា​ចាញ់ ហើយ​បំផ្លាញ​ភាព​ស្រប​ច្បាប់​ ពេលនោះ​ពលរដ្ឋ​បាន​ងើប​ឡើង​ការពារ​សន្លឹកឆ្នោត​របស់​គេ ​ហើយ​ការពារ​ឆន្ទៈ​ពលរដ្ឋ។

លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Floridaនិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

អង្គការ NDI ​ដែល​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ប្រជាធិបតេយ្យ ​ការ​ពិភាក្សា​ ការ​ពង្រឹង​ការ​យល់​ដឹង​អំពី​ប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​នយោបាយ ​សកម្មជន​និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នោះ​ ត្រូវបាន​បណ្តេញ​ចេញ​ក្នុង​ពេល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុមសង្គម​ស៊ីវិល​និង​សារព័ត៌មាន​ឯករាជ្យ​ចាប់​តាំង​ពីខែ​សីហា​មក។

ក្រុម​សមាជិក​សភា​អាមេរិកាំង​ជាច្រើន​រូប​រួមទាំង​លោក​ Ed Royce ​ប្រធាន​គណៈកម្មការ​ការបរទេស ​លោក ​Dana Rohrabacher ​លោក ​Steve Chabot​ លោក Alan Lowenthal ​និង​សមាជិក​សភាផ្សេង​ទៀត​បាន​ប្តេជ្ញា​ថែមទៀត​រួមគ្នា​ថា​ នឹង​បន្ត​កិច្ច​ប្រឹងប្រែង​ស្តារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ​ដោយ​នឹង​ពង្រីក​ការ​គាំទ្រ​បន្ថែម​ពី​សហភាព​អឺរ៉ុប​ ជប៉ុន និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី។

លោក​ Ted Yoho​ ប្រធាន​ អនុគណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូច​សមាជិក​សភា​ផ្សេង​ទៀត​ បាន​អះអាង​ថា លោក​នឹង​ប្រមូល​ព័ត៌មាន​នានា ​រួច​នឹង​សម្រេច​ជា​ក្រោយ​ដែល​លោក​រំពឹង​ថា​ នៅ​ដើម​ឆ្នាំ​២០១៨​ថ្មី​ នឹង​មាន​លទ្ធភាព​ជា​ទណ្ឌកម្ម​ថ្មី​កើត​ឡើង ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជាមិន​ផ្លាស់ប្តូរ​ជំហរ។ ​ក្រុម​សមាជិក​សភា​ខ្លះ​បាន​អះអាង​ថា ពួកគេ​នៅ​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​ មិនមែន​ឈរ​នៅ​ខាង​រដ្ឋាភិបាល​កម្ពុជា៕