ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដាក់បម្រាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា៖
«ជាការឆ្លើយតបដោយផ្ទាល់នឹងសកម្មភាពជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ យើងប្រកាសថា លោករដ្ឋមន្ត្រីការបរទេសនឹងដាក់បម្រាមមិនឱ្យចូលសហរដ្ឋអាមេរិកនូវជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
លោកស្រី Nauert បន្ថែមថា សមាជិកក្រុមគ្រួសាររបស់ជនទាំងនោះក៏នឹងត្រូវហាមឃាត់មិនផ្តល់ទិដ្ឋាការជូនដែរ។
សហរដ្ឋអាមេរិកបន្តអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្រែក្លាយស្ថានការណ៍ឱ្យមកល្អប្រសើរឡើងវិញដោយក្នុងនោះមានការអនុញ្ញាតឱ្យគណបក្សប្រឆាំងដំណើរការឡើងវិញ ដោះលែងលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធឃោសនាដំណើរការឡើងវិញ។
សេចក្តីថ្លែងការណ៍បន្ថែមថា៖
«សកម្មភាពនេះនឹងនាំទៅដល់ការលើកលែងការហាមឃាត់ ការធ្វើដំណើរនេះ និងបង្កើនឱកាសនឹងទទួលបានមកវិញនូវភាពស្របច្បាប់សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨»។
តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំហើយហាមឃាត់មន្ត្រី គណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ការណ៍នេះបើកផ្លូវឱ្យមានការយកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិមកបែងចែកឱ្យគណបក្សកាន់អំណាច និងគណបក្សតូចៗ ដែលមិនឈ្នះបានអាសនៈកាលពីការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា៖
កញ្ញាបន្ថែមថា៖
«ខ្ញុំសង្ឃឹមថា ជំហានជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិកនឹងធ្វើ នឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញ ដើម្បីរកដំណោះសា្រយឱ្យប្រទេសកម្ពុជាធ្វើដំណើរទៅមុខកុំឱ្យប៉ះពាល់ដល់ទណ្ឌកម្មដទៃទៀត»។
គណបក្សសង្គ្រោះជាតិក៏សុំឱ្យសហរដ្ឋអាមេរិកធ្វើកិច្ចការនេះជាមួយនឹងប្រទេសមិត្តភក្តិដូចជា ជប៉ុន និងអូស្ត្រាលី ដើម្បីធ្វើសកម្មភាពរួមគ្នាឱ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរគោលជំហរ។
ការសម្រេចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្របទៅនឹងគោលជំហររបស់សេតវិមាន ដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់លាក់ ដើម្បីឆ្លើយតបនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យខូចដល់ការរីកចម្រើនខាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកចាត់ទុកថា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ និងហាមឃាត់មន្ត្រីគណបក្សមិនឱ្យធ្វើនយោបាយ ព្រមទាំងការចាប់លោកកឹម សុខាដាក់ពន្ធនាគារ ការរឹតបន្តឹងលើសកម្មភាពអង្គការសង្គមស៊ីវិល និងបង្ក្រាបលើបណ្តាញសារព័ត៌មានឯករាជ្យគឺជា ការដើរផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់ជម្លោះ និងនាំលទ្ធិប្រជាធិបតេយ្យមកកម្ពុជា។
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែបញ្ជាក់ថា ខ្លួនមិនភ្ញាក់ផ្អើលទេ។
លោកជុំ ប៊ុនរ៉ុងឯកអគ្គរាជទូតកម្ពុជាបានប្រាប់ VOAថា៖
«ការសម្រេចចិត្តនេះមិនឈរលើសច្ចធម៌ ការពិតដែលការពារសិទ្ធិពលរដ្ឋប្រទេសនីមួយៗ និងការអនុវត្តច្បាប់របស់ប្រទេសមួយទេ។ ច្បាប់របស់ប្រទេសមួយម៉េចក៏មកប៉ះពាល់សិទ្ធិពលរដ្ឋប្រទេសមួយទៀត? ការយកលទ្ធិប្រជាធិបតេយ្យមកអនុវត្តធ្វើអ្វីស្រេចនឹងចិត្តគឺជា ការបង្ខិតបង្ខំទៅវិញទេ»។
ភ្លាមៗក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិកក៏បានប្រកាសបញ្ចប់ការផ្តល់ជំនួយថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ៕