សហរដ្ឋអាមេរិកនិងប្រទេសចិន បានប្រឈមពាក្យសម្តីដាក់គ្នាម្តងទៀត ទៅលើការបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងគម្លាតនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន និងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នេះជាលើកទីពីរហើយនៃការប្រឈមដាក់គ្នា ដោយការបង្ហោះសារឆ្លើយឆ្លងតាមបណ្តាញសង្គមហ្វេសប៊ុក។ កាលពីខែមករា សហរដ្ឋអាមេរិកធ្លាប់បានបង្ហោះសារម្តងហើយ ទាក់ទងនឹងការលើកឡើងថាចិនគាំទ្ររបបខ្មែរក្រហម ហើយប្រទេសចិនបានឆ្លើយតបវិញថា «ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរនោះមិនមានទំនាក់ទំនងអ្វីនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែមានទាក់ទងនឹង“CIA”»។
កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពដែលបង្ហាញអំពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន និងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងការបង្ហោះនោះ អាមេរិកក៏បានសរសេរសារថា៖ « ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។
អាមេរិកបញ្ជាក់បន្ថែមថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។
បើតាមរូបភាពនោះ នៅក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចូលផលិតផលទៅប្រទេសចិន ដែលមានតម្លៃ៧៥៣លានដុល្លារអាមេរិក ហើយចិននាំចូលមកវិញតម្លៃប្រមាណ៥.២០០លានដុល្លារ។ ចំណែកទំនិញកម្ពុជានាំចូលអាមេរិកមានតម្លៃប្រហែល ៣.០៦៦ លានដុល្លារ និងទំនិញនាំចូលពីអាមេរិកវិញ មានតម្លៃប្រហែល ៤០០លានដុល្លារ អាមេរិក។
មួយថ្ងៃក្រោយមក ស្ថានទូតចិនប្រចាំនៅភ្នំពេញ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អាមេរិក«កំពុងតែបង្កបញ្ហា»។
ស្ថានទូតចិនបានសរសេរថា៖ «មិត្តកម្ពុជាទាំងអស់ ចូរ ប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ»។
ស្ថានទូតចិនបានបញ្ជាក់បន្ថែមថា ការវិនិយោគរបស់ចិននៅកម្ពុជាមានច្រើន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ ស្ថានទូតក៏បានលើកឡើងទៀតថា ប្រទេសចិនបានជួយកម្ពុជាក្នុងការស្ថាបនាផ្លូវថ្នល់ជាច្រើន ហើយក៏ដូចជាទំនប់វារីអគ្គិសនីផងដែរ។
ស្ថានទូតនិយាយថា៖ «ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣.០០០គីឡូម៉ែត្រ»។
ស្ថានទូតចិនក៏បានលើកជាសំណួរថាតើសហរដ្ឋអាមេរិកបានជួយអ្វីខ្លះដល់កម្ពុជា។
ស្ថានទូតបញ្ជាក់ថា៖ «ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ»?
មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបដិសេធក្នុងការអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ។
ការបង្ហោះសាររបស់ស្ថានទូតអាមេរិកធ្វើឡើងស្របតាមសុន្ទរកថារបស់លោកភារធារី Michael Newbill ដែលលោកបានថ្លែងកាលពីថ្ងៃទី៤ ខែមេសា ក្នុងកិច្ចពិភាក្សាពីឥទ្ធិពលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និង ចិន នៅប្រទេសកម្ពុជាដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
លោក Michael Newbill បានថ្លែងថា ប្រទេសចិនគឺជាអ្នកលេចធ្លោក្នុងគ្រប់ផ្នែកសំខាន់ៗនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយចិនក៏គ្របដណ្ដប់ច្រើនលើសលប់នៅក្នុងគ្រប់វិស័យ។ ក្នុងន័យនេះ លោកក៏បានបង្ហាញការព្រួយបារម្ភមួយចំនួន គឺថាប្រទេសចិនបានបង្ហាញនៅក្នុងបរិបទផ្សេងទៀតថា ខ្លួននឹងប្រើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្ខំឲ្យប្រទេសនានាព្រមទទួល«យកជាលក្ខណៈការទូតឬនយោបាយ លើបញ្ហាដែលមានសារៈសំខាន់ចំពោះប្រទេសចិន»។
លោកបន្ថែមថា៖ «លើសពីនេះទៀតដោយសារក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន កាន់តែមានតួនាទីធំនៅក្នុងសេដ្ឋកិច្ច អ្នកមិនអាចបែងចែករវាងវិស័យឯកជននិងរដ្ឋាភិបាលបានទេ ។ មានបញ្ហាខាងក្រៅដែលយើងមើលឃើញថាអវិជ្ជមានជាច្រើន ដែលមើលឃើញពីការវិនិយោគរបស់ចិន ដូចជាការខ្វះនូវតម្លាភាព ឬគណនេយ្យភាព ការកើនឡើងនៃអំពើពុករលួយ និងការនាំចេញនូវរបស់មិនល្អ។ វិនិយោគទុនចិនត្រូវបានតម្រង់ទិសដៅដើម្បីតែប្រយោជន៍របស់រដ្ឋាភិបាលចិន»។
បើតាមលោក Michael Newbill សហរដ្ឋអាមេរិកផ្តល់ជូននូវអ្វីមួយផ្សេងពីនោះ ដែលលោកថាជាអ្វីដែលអាមេរិកគិតថាមានតម្លៃចំពោះប្រទេសកម្ពុជានិងបណ្តាប្រទេសដទៃទៀតនៅអាស៊ី ។ លោកបញ្ជាក់ថានេះជាយុទ្ធសាស្រ្តតំបន់ឥណ្ឌូចិន – ប៉ាស៊ីហ្វិកដែលលោកថាដើម្បីឈានឆ្ពោះទៅរកតំបន់ដែលមានសេរីភាព បើកចំហ និងមានសុវត្ថិភាព ។
លោកមានប្រសាសន៍ថា៖ «ការវិនិយោគរបស់ចិនអាចមានអត្ថប្រយោជន៍ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះត្រូវការការពិនិត្យពិច័យនិងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាថាអត្ថប្រយោជន៍នឹងទៅប្រទេសនោះ មិនមែនអ្នកស្វែងរកប្រយោជន៍ទេ។ នេះជាមធ្យោបាយតែមួយគត់ដែលយើងអាចធានាថា ប្រទេសកម្ពុជាកំពុងទទួលបាននូវកិច្ចព្រមព្រៀងដ៏ល្អបំផុត»។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោក ក្រោយមានការបង្ហោះសាររបស់ស្ថានទូតអាមេរិកថា អាមេរិកកំពុងតែបង្កើតនូវ«ដំណឹងក្លែងបន្លំ»។ លោកបញ្ជាក់ថា ការវិនិយោគរបស់ចិនបានផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
លោកបានសរសេរថា៖ «យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ»។
លោក Paul Chambers ជាអ្នកវិភាគនយោបាយនិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Naresuanនៅក្នុងប្រទេសថៃ មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍ឆ្លើយឆ្លងគ្នារវាងអាមេរិកនិងចិន បង្ហាញថាកម្ពុជាកាន់តែស្ថិតនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចទាំងពីរ។
លោកបានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា៖ «ភាគីទាំងពីរកំពុងតែប្រើប្រាស់ការឃោសនាដើម្បីឈ្នះបេះដូង និងទឹកចិត្តរបស់ប្រជាជនខ្មែរ»។
លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) មានប្រសាសន៍ថា ការប្រកួតប្រជែងរវាងអាមេរិកនិងចិន នឹងកាន់តែមានភាពតានតឹង ហើយមិនអាចទស្សន៍ទាយបានក្នុងគ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖ «រដ្ឋតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជារងគ្រោះសម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច»។ លោកបន្ថែមថា៖ «គ្រោះថ្នាក់ភូមិសាស្ត្រនយោបាយដែលកម្ពុជាកំពុងប្រឈម កាន់តែកើនឡើង»។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា៖ «ខ្ញុំឃើញថាប្រទេសកម្ពុជាជាប្រទេសតូចមួយដែលសហរដ្ឋអាមេរិកមិនអាចយកមកធ្វើកន្លែងវាយប្រហារប្រឆាំងនឹងចិននោះទេ»។ លោកបន្ថែមថា កន្លងទៅ រដ្ឋាភិបាលទីក្រុងភ្នំពេញតែងតែប្រើប្រាស់អាមេរិក ដើម្បីបានពិន្ទុទៅឲ្យប្រទេសចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ និងស្និទ្ធិយ៉ាងខ្លាំងជាមួយប្រទេសចិន បានថ្លែងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានដែលសង់ដោយចិននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមថា សហរដ្ឋអាមេរិកមិនដែលគោរព និងឲ្យតម្លៃរូបលោក ដូចមេដឹកនាំចិននោះទេ។ ដូច្នេះហើយទើបធ្វើឲ្យលោកមានការលំបាកក្នុងការរាប់អានជាមួយអាមេរិក។
លោកបានថ្លែងកាលនោះថា៖ «អញ្ចឹងប្រទេសដទៃដែលចោទខ្ញុំថា ហ៊ុន សែន បានដឹកនាំប្រទេសទៅកៀកចិនពេក តើអ្នកបានផ្តល់អីឲ្យខ្ញុំ ក្រៅតែពីធ្វើបាបខ្ញុំ។ តែខ្ញុំចង់ធ្វើមិត្តជាមួយអ្នក តែគ្រាន់តែសុំធ្វើមិត្តជាមួយអ្នក អីក៏វាពិបាកម្ល៉េះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាច្រើនដងថា អាមេរិកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចជាការរិះគន់លើបញ្ហាសិទ្ធិមនុស្ស ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សដ៏ធំនៅកម្ពុជា និងការបោះឆ្នោតមួយដែលពុំមានវត្តមានគណបក្សប្រឆាំងដែលមានឥទ្ធិពល កាលពីខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានចោទអាមេរិកនៅពីក្រោយខ្នងគណបក្សសង្រ្គោះជាតិ នៅក្នុងគម្រោងមួយដែលលោក ហ៊ុន សែន ហៅថាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែអាមេរិកបានច្រានចោលការចោទប្រកាន់នេះជាបន្តបន្ទាប់ និងបានទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប្រសិនបើចង់ឲ្យមានទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ៕