ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ការពារ​គម្រោង​អភិវឌ្ឍន៍​ចិន​នៅ​កោះកុង​និង​ព្យាយាម​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក


រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន​ជាន់​ខ្ពស់​របស់ VOA ផ្នែក​ខេមរភាសា នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញ៉ូយ៉ក នៅ​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។ (VOA)
រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន​ជាន់​ខ្ពស់​របស់ VOA ផ្នែក​ខេមរភាសា នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញ៉ូយ៉ក នៅ​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។ (VOA)

លោក​ ទៀ បាញ់ ​អះអាង​ថា​ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ដាក់​ទ័ព​នៅ​កម្ពុជា​ទេ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​អះអាង​ពី​ការ​ការពារ​អធិបតេយ្យ​ ដោយ​មិន​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេសនៅ​ប្រទេស​កម្ពុជា​ ហើយ​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិននៅ​ខេត្ត​កោះកុង​ គឺ​ក្នុង​គោល​បំណង​ទេសចរណ៍​ដែល​មិន​ដូច​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​នានា ​រួម​ទាំងសហរដ្ឋ​អាមេរិកនោះ​ទេ។

នៅក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ជាមួយ​នឹង​ VOA ខេមរភាសា​ កាលពី​ថ្ងៃសុក្រ នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក លោក​រដ្ឋមន្ត្រី​ ទៀ បាញ់ បាន​ការពារ​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​កោះកុង​ ថា​គឺជា​គម្រោង​អភិវឌ្ឍន៍​ឯកជន​ពិត​ប្រាកដ ដែល​គ្មាន​ចេតនា​យោធា​ក្នុង​ពេល​អនាគតនោះ​ឡើយ។

លោក​បាន​បន្ថែម​ថា៖

«កម្ពុជា​គឺ​គ្មាន​អ្វី​លាក់បាំង​ទៀត​ទេ នៅក្នុង​នោះ​គឺ​ក្រុមហ៊ុន​យូញៀន ជា​ក្រុម​ហ៊ុន​ឯកជន​មួយ​របស់​ចិន​ពិតមែន​ ហើយ​គឺ​ការ​អភិវឌ្ឍន៍​កន្លែង​នោះ​ គឺ​ការ​បាន​សម្បទាន​ អភិវឌ្ឍន៍​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍។ ដូច្នេះ​បើ​សិន​ជា​ទេសចរណ៍​ដំណើរការ​បាន​ល្អ​ គេ​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាងធំ​ ហើយ​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ ដើម្បី កសាង​ឡើងវិញ​នូវ​ព្រលាន​យន្តហោះ​ផង​ កំពង់ផែ។ កំពង់ផែ​អត់​ទាន់​កសាង​ទេ ព្រលាន​យន្តហោះ​កសាង​ហើយ‍»។

រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)
រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)

ក្រុមហ៊ុន​ Union Development Group ​របស់​ចិន​ទទួល​បាន​ដីសម្បទាន​ចំនួន​ ៤៥.០០០ ​ហិកតា ​ដែល​ក្នុងនោះ​មាន​បញ្ចូល​ដែន​សមុទ្រ​ខ្មែរ​ចំនួន ​២០ភាគរយ​ នៅ​ក្នុង​ស្រុក​បុទុមសាគរ និង​គីរី​សាគរនៃខេត្ត​កោះកុង ដើម្បី​អភិវឌ្ឍន៍​គម្រោងមួយ​ដែល​មានមន្ទីរពេទ្យ អគារខុនដូ រមណីយដ្ឋាន សណ្ឋាគារ រោងចក្រ អាកាសយានដ្ឋាន​អន្តរជាតិ​និង​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ។ ក្រុមហ៊ុនបាន​ប្រកាស​ថា​នឹង​វិនិយោគទុន​ចំនួន​ ៣.៨០០​ លាន​ដុល្លារ។

របាយការណ៍​សារព័ត៌មាន​នានា​បញ្ជាក់​ថា ​អាកាស​យានដ្ឋាន​អន្តរជាតិ​នោះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​ ៣.៤០០ម៉ែត្រ​ ដែល​វែង​ជាង​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​គោល​បំណង​យោធា​ក្នុងពេល​ខាង​មុខ។ អាកាស​យានដ្ឋាន​អន្តរជាតិ​តារាសាគរ នឹង​ត្រូវ​បើក​ដំណើរ​ការ​ខ្លះៗ​នៅ​ដំណាច់​ឆ្នាំ​ ២០២០។ នេះ​បើ​តាម​គម្រោង​អភិវឌ្ឍន៍​ ដែល​បាន​បង្ហាញ​ក្នុង​ពេល​កន្លង​មក។

លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ ​អះអាង​ថា​ ការ​ដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​នេះ​គឺ​បើក​ទូលាយ​ អ្នកណា​ចង់​ទៅ​មើល​ក៏​បានដែរ​ ហើយ​ការ​កសាង​អាកាស​ដ្ឋាន​ធំ ដូច្នេះគឺស្រប​តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ឯកភាពឱ្យ​ដី​សម្បទាន​សម្រាប់​ការ​វិនិយោគ‍។​

លោក ទៀ បាញ់​ បាន​បន្ថែម​ទៀតថា៖

«ដូច្នេះ​រឿង​នេះ​ច្រើន​នាក់​បាន​លើកឡើង​ហាក់​ដូច​ជា​មើល​បញ្ហា​ហ្នឹង​ទៅ​ជា​រឿង​ផ្សេង។ ខ្ញុំ​ក៏​មិនអាច​ទៅ​បរិយាយ​បាន​ដែរ​ថា​ ធ្វើ​ព្រលាន​យន្តហោះ​ធំ​របៀប​ហ្នឹង​ គេ​អាច​ចុះបាន​គ្រប់​ប្រភេទ​យន្តហោះ​អាច​ចុះ​បាន។ នេះ​ជា​រឿង​របស់​ព្រលាន។ ដូច្នេះ​ការ​ចាត់​ទុក​ថា​អាច​មាន​នាវា​ ឬ​ក៏​មាន​យន្តហោះ​របស់​ចិន​ចុះចត​អីហ្នឹង​ រឿង​ហ្នឹង​គឺ​សមត្ថភាព​អធិបតេយ្យ​របស់​ប្រទេស​នីមួយ​គេ​ក៏​មាន​កម្រិត​ដែរ‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើនទំនាក់​ទំនង​កាន់តែជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង និងបាន​បដិសេធ​ថា​កំពង់ផែ​ដែល​សាងសង់​ដោយ​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង​ នឹង​មិន​ត្រូវ​ប្រើ​ដើម្បី​មូលដ្ឋាន​សំចត​នាវាយោធា​ចិន​ទេ។ សារព័ត៌មាន ​Asia Times​ ដែល​បាន​ដក​ស្រង់​សម្តី​ក្រុម​អ្នកវិភាគ​ ដែល​និយាយ​ថា ​កំពង់​ផែ​ទឹកជ្រៅ​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ Union ​Development​ Group​ (UDG) ​មាន​ទំហំ​ធំ​ល្មម​ ដើម្បី​ចត​នាវា​ចម្បាំង​និង​នាវា​ពិឃាត។

សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ ដែល​អាច​នឹង​ត្រូវ​ចិន​ប្រើប្រាស់​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា ឬ​អគារ​ផ្ទុក​សម្ភារៈយោធា។

លោក​អនុ​ប្រធានាធិបតី​ ​Mike Pence​ ​របស់​សហរដ្ឋ​អាមេរិក​ ​ក៏​បាន​លើកឡើង​ជា​ផ្លូវការ​នូវ​ការ​សង្ស័យ​ និង​ព្រួយ​បារម្ភ​នេះ​ នៅក្នុងលិខិត​មួយ​ ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​របស់​កម្ពុជា​ ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់លោក ចូសេហ្វ ​ហ្វែលធឺ ឧបការីរង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ កាលពី​ពាក់កណ្តាល​ខែ​មករា​ លោកក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ ដោយ​ចាត់​ទុក​ថា​ «ធ្វើ​ឱ្យ​ខូច​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​សន្តិសុខ​របស់​កម្ពុជា​ខ្លួនឯង»​ ហើយ​ឈាន​ទៅ​ដល់​ការ​ខូចខាត​ដល់​អធិបតេយ្យ​របស់​កម្ពុជា។

លោក ​ចូសេហ្វ ហ្វែលធឺ បាន​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង VOA ថា៖

«ដូច្នេះ​យើង​ព្រួយបារម្ភ​ថា​ នេះ​ប្រហែលជា​ផ្លូវ​ដែល​ចិន​អាច​នាំ​កម្ពុជា​ទៅកាន់​ ​ដូច្នេះ​ពួកគេ​អាច​និយាយ​ថា «នេះ​គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​រួមគ្នា​ ឬក៏​នេះ​គ្រាន់តែ​ជា​វត្តមាន​ម្តងម្កាល​ ឬក៏​នេះ​គ្រាន់​ជា​តំបន់​មួយ​សម្រាប់​កប៉ាល់ ​និង​យន្តហោះ​ពាណិជ្ជកម្ម‍»។​ យើង​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​អ្វី​ដែល​បាន​កើតឡើង​ពីមុន​មក​នៅ​ក្នុង​តំបន់​ ​ដែល​ថា​កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ដូចគ្នា​ ដែល​ប្រទេស​ទាំង​នោះ​មាន​វត្តមាន​យោធា​របស់​ចិន​ ឬ​ក៏​យោធា​ចិន​អាច​ចូល​ទៅ​កាន់​ផែ​ និង​ព្រលាន​យន្តហោះ​ ដែល​អាច​ឱ្យ​ពួកគេ​ប្រើប្រាស់​ដើម្បី​អំណាច​យោធា។ យើង​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង‍»។​

លោក ស្ទីវ ឆាបុត្រ អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​អូហៃយូ​ ដែល​មកពី​គណបក្ស​សាធារណរដ្ឋ ​បាន​បញ្ជាក់​ប្រាប់ VOA ​ពី​ក្តីកង្វល់​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

«យើង​មាន​ការព្​រួយបារម្ភ​ពីរឿង​នេះ។ យើង​ដឹង​ថា​ការ​សាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា។ ពួកគេ​ព្យាយាម​កេង​ចំណេញ​ពី​ស្ថានភាព​នេះ ដើម្បី​ផល​ប្រយោជន៍​ចិន និង​ខាត​ផល​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា​ រឿង​នេះ​មិន​បន្ត​ទៅ​មុខ​ទៀត​ទេ។ ខ្ញុំ​សង្ឃឹម​ថា​ ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព។

រូបឯកសារ៖ យោធាកម្ពុជាម្នាក់កំពុងពិនិត្យមើលរថយន្តយោធារបស់ចិន ដែលបានប្រគល់ឲ្យ​រដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០។
រូបឯកសារ៖ យោធាកម្ពុជាម្នាក់កំពុងពិនិត្យមើលរថយន្តយោធារបស់ចិន ដែលបានប្រគល់ឲ្យ​រដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០។

ប្រទេស​ចិន​បាន​ដាក់​មូលដ្ឋាន​យោធា​ដ៏ធំ​មួយ​នៅ​ប្រទេស​ជីប៊ូទី តាម​ច្រក​ដែល​គេ​ហៅថា​ខ្សែគុជ​នៃ​ការ​អភិវឌ្ឍន៍ ហើយនៅក្នុង​តំបន់អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ ដូចជា​នៅ​កំពង់ផែ ​Gwadar​ ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ កំពង់ផែ​ Hambanthota​ នៅក្នុង​ប្រទេស​ស្រីលង្កា និងបណ្តា​កោះនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ក្រុមហ៊ុនចិន​បាន​អភិវឌ្ឍ​ ដូចជា​ទីតាំង​ផែ​ ​និង​វាល​យន្តហោះ​ ដែល​វា​គ្រាន់តែ​ជា​ការ​វិនិយោគ​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច​តិចតួច។ បន្ទាប់​មក​ពួកគេ​បាន​ព្យាយាម​ប្រើប្រាស់​ទីតាំង​ទាំងនេះ​សម្រាប់​អំណាច​យោធា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ។

ប៉ុន្តែ​លោក​ ទៀ បាញ់ ​អះអាង​ថា​ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ដាក់​ទ័ព​នៅ​កម្ពុជា​ទេ។

«ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​បរទេសតាំង​នៅ​ប្រទេស​របស់ខ្លួនទេ ​ហើយ​ខ្លួន​ក៏​មិន​បញ្ជូន​កម្លាំង​ទៅ​បរទេស​ក្រៅពី​សំណូម​ពរ​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ ដូច្នេះ​គឺ​រឿង​នេះ​គឺ​រឿង​ច្បាស់​លាស់​ណាស់។ កាន់តែ​ច្បាស់ទៅ​ទៀត​ គឺ​យើង​មិន​អនុញ្ញាត​ទេ​ចំពោះ​អង្គភាព ​ឬ​កងទ័ព​បរទេស​មក​តាំង​ទី ​ឬ​យើង​និយាយ​ថា​ មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ គឺ​យើង​មិន​អនុញ្ញាត​ទេ។ រដ្ឋ​ធម្មនុញ្ញ​របស់​យើង​មិន​អនុញ្ញាត​ជា​ដាច់ខាត‍»។​

អ្នកវិភាគ​បាន​លើកឡើង​ថា​ កម្ពុជា​មិន​មាន​សត្រូវ​ស្លាប់​រស់នៅ​ក្នុង​តំបន់​ទេ ​ដែល​មិន​តម្រូវ​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​ខ្លួន​ឡើយ​ ព្រោះ​វា​នាំ​បញ្ហា​ច្រើន​ជាង​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ប៉ុន្តែ​មហិច្ឆតា​របស់​ចិន​ គឺជា​រឿង​មួយ​ផ្សេង។

លោក​ ឈៀង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​បញ្ជាក់​ថា៖

«អីចឹង​បើ​យើង​មើល​ពី​ភូមិសាស្រ្ត​នយោបាយ​ វា​អត់មាន​លក្ខខណ្ឌ​ណាមួយ​ដែល​កម្ពុជា​ត្រូវ​ឱ្យ​មាន​វត្តមាន​ទ័ព​បរទេស​ទេ។ ក៏ប៉ុន្តែ ​បើ​សិន​ជា​យើង​មើល​ពី​ក្រសែភ្នែក​ចិន​វិញ​ ប្រហែល​ជា​ចិន​ក៏​អាច​មាន​មហិច្ឆតា​ខ្លះ​នៅក្នុងតំបន់​ហ្នឹង​ដែរ​ ទាំង​សេដ្ឋកិច្ច​ ទាំង​យោធា​ និង​សន្តិសុខ ក៏ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​កម្ពុជា​យើង​មិន​អនុញ្ញាត​ ឬ​មិន​មាន​តម្រូវ​ការ​ ចិន​ក៏​មិន​អាច​បង្ខំ​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ដែរ‍»។

កាលពី​ដើមឆ្នាំ​២០១៧​ ប្រទេស​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​យក​ហេតុផល​ថា​ជាប់​រវល់​បញ្ហា​ផ្ទៃក្នុង ប៉ុន្តែ​នៅ​បន្ត​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ចិន។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង VOA លោក​ ទៀ បាញ់ អះអាង​ថា​ ប្រទេស​កម្ពុជាចង់​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ប្រទេស​នានា​ ប៉ុន្តែ​កង្វះខាត​ធនធាន​ថវិកា​និង​សម្ភារៈ​ធ្វើ​ឱ្យ​កម្ពុជា​មាន​តែ​ឆន្ទៈ ហើយ​មិនអាច​ធ្វើ​បាន។

លោក​បាន​បញ្ជាក់​ថា៖

«នៅ​ពេល​ខ្លះ​គឺ​កម្ពុជា​អត់មាន​សមត្ថភាព​ទេ​ អត់​មាន​ធនធាន​ទេ​ ឬក៏​ហៅថា​មានតែ​មនុស្ស ​ឬក៏​មាន​តែ​ឆន្ទៈ​ ប៉ុន្តែ​យើង​ខ្វះ​ប្រេង​ឥន្ធៈ​ក្តី​ គ្រាប់​រំសេវ​ក្តី​ មធ្យោបាយ​ផ្សេងៗ​ដែល​ត្រូវ​ការ​ហ្នឹង​ ជួន​កាល​វា​ខ្វះ។ ដូច្នេះ​យើង​មិន​អាច​បំពេញ​បាន​ក៏​វា​ជា​រឿង​មួយ។ រឿង​មួយ​ទៀត​ គឺ​តម្រូវ​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ​លើ​បញ្ហា​អ្វី​មួយ វា​គាប់​ជួន​ពេល​នោះ​ គឺ​យើង​មាន​ភារកិច្ច​អ្វី វា​សំខាន់​ជាង​យើង​ត្រូវ​ពិភាក្សា​គ្នា​លើក​ទៅ​ពេល​ណា ​ធ្វើ​បាន​ឬធ្វើ​មិនបាន។ នេះ​គឺ​រឿង​ពិត‍​វា​ដូច្នោះ​ឯង‍»។​

លោក​ ទៀ បាញ់​ ថា​ការណ៍​ដែល​អាច​ធ្វើ​ជាមួយ​នឹង​ប្រទេស​ចិន​បាន​ គឺ​ដោយ​សារ​តែ​ចិន​បាន​ចំណាយ​សព្វ​បែប​យ៉ាង​ដល់​ប្រតិបត្តិការ​សមយុទ្ធ​រួមគ្នា​នោះ។

«ខ្ញុំ​និយាយ​ឱ្យត្រង់ ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺ​ចេញ​ឱ្យ​ទាំងអស់។ ប្រេង​ឥន្ធនៈ គ្រាប់រំសេវ មធ្យោបាយ គឺ​គាត់​នាំមក​ទាំងអស់​ ហើយ​ខ្ញុំ​ចាំតែ​កម្លាំង​ចូលរួម​ ហើយ​បង្ក​លក្ខណៈ​សម្បត្តិ​ រៀបចំ​តែ​ភូមិសាស្រ្តតាម​តម្រូវ​ដែល​យើង​មាន។ ដូច្នេះ​កម្លាំង​របស់​យើង យើង​មាន​លទ្ធភាព​ធ្វើបាន។ ចំណែក​ប្រេង តាំងពី​មធ្យោបាយ​សម្ភារៈអី​សព្វបែប​យ៉ាង​ គ្រាប់រំសេវ​ដែល​ត្រូវ​ចំណាយ​ដែល​យើង​ត្រូវ​បំពេញ​បាន​តាម​តម្រូវ​ការ​ដែល​ការពិត​នូវ​សមត្ថភាព​ពិតប្រាកដ​នោះ​ គឺ​ខាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គាត់​ចេញ​ជូន​ទាំងអស់​ រហូត​ដល់​ពេល​វេលា​នៃ​ការ​សមយុទ្ធ​ទៀត​សោត​អំពី​ការ​ហូបចុក​ បំប៉ន​បងប្អូន​កម្លាំង​ដែល​ធ្វើ​ការ​ធ្ងន់ ធ្វើការដើម្បី​បម្រើ​នោះ​ គឺ​ចំនួន​រាប់​រយ​នាក់ ​ក៏​គាត់​ចេញ​ឱ្យ​ទាំងអស់។ នោះ​គឺ​ខ្ញុំ​ធ្វើ​បាន​ភ្លាម‍»។

កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​គ្នា​រីកចម្រើន​មួយ​ជំហាន​ដែរ​ ដែល​ក្នុង​នោះ​មាន​ការ​បន្តរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង ​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​កម្មវិធី​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ ដោយសារតែ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

លោកឈៀង វណ្ណារិទ្ធ ​បាន​បញ្ជាក់​ថា ​ចិន​ហាក់​មាន​ប្រៀប​ជាងសហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​សារ​តែ​វិធី​ចង​សម្ព័ន្ធ​មិត្តរបស់​ចិន​ស៊ីសង្វាក់​ជាមួយ​នឹង​វប្បធម៌​នៃ​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់។

លោក​បាន​បញ្ជាក់​ថា៖ «ចំពោះ​ចិន​គឺ​គេ​ប្រើ​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ ហើយ​នឹង​វប្បធម៌​ហើយ​ជាពិសេស​គឺ​ទំនាក់​ទំនង​បុគ្គល​និង​បុគ្គល។ ជាពិសេស​រវាង​អ្នក​នយោបាយ​ ឬ​ក៏​អ្នក​ជំនួញ ​ឬក៏​អ្នក​វិនិយោគ​សំខាន់​ណាស់ ​ដើម្បី​កសាង​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ហើយ​និង​ពង្រឹង​សហប្រតិបត្តិ​ការ។ ហើយ​ក៏​ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក​របៀប​ទំនាក់​ទំនង​គឺ​ប្រើ​លក្ខណៈ​ជា​លក្ខណៈ​ប្រព័ន្ធ​ច្រើន​ជាង។ បាន​ន័យ​ថា​ យើង​ត្រូវ​ការ​តួនាទី​អាមេរិក​នៅក្នុង​ផល​ប្រយោជន៍​អ្វី​មួយ។ អីចឹង​អាមេរិក​គេ​ជា​អ្នក​ផ្តល់​ផល​ប្រយោជន៍​ ជាពិសេស​ផល​ប្រយោជន៍​សន្តិសុខ​ ក៏​ដូច​ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​ក្នុង​លក្ខណៈ​ថា​ ប្រទេស​ផ្សេងៗ​ត្រូវ​ទៅ​រណប​ជាមួយ​អាមេរិក‍»។

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ជាច្រើន​សារ​ថា​ ខ្លួន​មិន​ចូល​ជ្រៀតជ្រែក​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ទាំង​ផ្នែក​យោធា​និង​ការទូត​បាន​ល្អ​ប្រសើរ​ឡើង​ ល្គឹកណា​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​បើក​ឱ្យ​អតីត​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​ដំណើរការ​ដោយ​សេរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG