ស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាប់ផ្តើមបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក លើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ក្នុងសម័យដឹកនាំដោយលោកសេនាប្រមុខលន់ នល់ ដែលត្រូវបានលើកឡើងថា មានការគាំទ្រដោយសហរដ្ឋអាមេរិកនិងសម័យខ្មែរក្រហម ដែលត្រូវបានផ្តល់អាវុធយុទ្ធភ័ណ្ឌដោយប្រទេសចិន។
កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនិយាយអំពីទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិកបានលើកឡើងថា៖
«វាគឺជារឿងដ៏សំខាន់ណាស់ដែលយើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុសពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
សហរដ្ឋអាមេរិកក៏បានលើកឡើងបន្តថា អាមេរិកមិនបានពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ។
ស្ថានទូតអាមេរិកាំងបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
សេចក្តីថ្លែងការណ៍នោះក៏ត្រូវបានឆ្លើយតបដោយស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។ ស្ថានទូតចិនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរនោះមិនមានទំនាក់ទំនងអ្វីនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែមានទាក់ទងនឹង“CIA”។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ VOA តាមរយៈអ៊ីម៉េលថា វាមើលទៅទំនងជាស្ថានទូតអាមេរិកចង់បញ្ជាក់ប្រាប់កម្ពុជាយ៉ាងសាមញ្ញថា នរណាជាអ្នកគាំទ្រខ្មែរក្រហមនៅពេលកាន់អំណាចឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកបញ្ជាក់ថា៖ «ប្រទេសចិន និងខ្មែរក្រហមគឺជាបងប្អូនខាងអាវុធ។ យើងកំពុងឃើញស្ថានភាពដូចគ្នានាពេលបច្ចុប្បន្ននេះ។ ចិនបានបង្កើតកាស៊ីណូនៅកម្ពុជា»។
លោក អ៊ា សុផល បានបញ្ជាក់បន្ថែមថា៖ «ពិតណាស់ដែលរបបសាធារណរដ្ឋ(ដឹកនាំដោយលន់ នល់) មិនអាចរស់ដោយមិនមានការគាំទ្រពីសហរដ្ឋអាមេរិកទេ។ ពិតណាស់ ជាមួយការដកខ្លួនរបស់សហរដ្ឋអាមេរិក របបសាធារណរដ្ឋបានដួលរលំ»។ លោកបញ្ជាក់បន្ថែមថា៖«ប្រទេសកម្ពុជាគឺតែងតែជាផ្នែកតូចមួយនៃប្រទេសមហាអំណាច»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោកស្រី Emily Zeeberg មានប្រសាសន៍ថា សហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាកេរដំណែលសង្រ្គាមរបស់ខ្លួន ដោយកិច្ចប្រឹងប្រែងជាច្រើន និងរយៈពេលវែងសម្រាប់ជំនួយមនុស្សធម៌ក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមមានការដោះគ្រាប់ជាច្រើនរយពាន់ដែលផលិតនៅប្រទេសចិន ដែលបានធ្វើឲ្យមនុស្សរបួស និងស្លាប់ជាច្រើនទសវត្សរ៍មកហើយ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលចិននឹងទទួលស្គាល់នូវកេរដំណែលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងធ្វើការកែប្រែនូវគោលនយោបាយទាំងឡាយណាដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាទាំងមូល»។
VOA មិនអាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននៅឡើយទេ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា មិនបានឆ្លើយតបនឹងសំណួររបស់ VOA ដែលបានផ្ញើតាមសារអេឡិកត្រូនិកនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងជាញឹកញាប់ និងបន្ទោសទៅលើការទម្លាក់ព្រះបាទនរោត្តម សីហនុ ចេញពីតំណែង ដោយក្រុមរបស់លន់ នល់ ទើបនាំឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហម រហូតដល់ធ្វើឲ្យប្រជាជនប្រមាណ១,៧លាននាក់ បានស្លាប់ ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ជំងឺ ភាពអត់ឃ្លាន និងការធ្វើការងារហួសកម្លាំង។
ក្រោយការចេញផ្សាយសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា៖ «ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលផ្តើមចេញពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយវត្តមានកងទ័ពបរទេសនៅលើទឹកដី បានធ្វើឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព មិនចង់ឲ្យប្រវត្តិសាស្រ្តនេះវិលមកជាថ្មី គ្រាដែលប្រទេសកំពុងមានសន្តិភាពពេញលេញនោះឡើយ»។
ប៉ុន្តែកូនប្រុសរបស់លន់ នល់ គឺលោក លន់ ឫទ្ធិ អាយុ៥៦ឆ្នាំ ដែលជាប្រធានគណបក្សសាធារណរដ្ឋខ្មែរ មានប្រសាសន៍ថា ការទម្លាក់ព្រះបាទនរោត្តម សីហនុ មិនមែនជារដ្ឋប្រហារទេ គឺគ្រាន់តែជាការបោះឆ្នោតទម្លាក់ចេញពីតំណែងពីមន្រ្តីជាន់ខ្ពស់ដែលស្ថិតក្នុងរបបនោះ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមិនមែននិយាយនេះក្នុងការកាន់ជើង លោក លន់ នល់ ដែលគាត់ជាឪពុកខ្ញុំទេ។ ខ្ញុំនិយាយជាការពិតក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរយើង គឺដែលគេតែងនិយាយថារដ្ឋប្រហារ រដ្ឋប្រហារនេះ មិនមែនមានរដ្ឋប្រហារទេ គឺសភាខ្មែរទាំងពីរ គេសុំឲ្យសម្តេចមកជួយគេ ដើម្បីដេញយៀកកុង ឲ្យចេញពីស្រុកវិញ កុំឲ្យនៅ។ ឲ្យជួយនិយាយដើម្បីឲ្យវៀតកុងហ្នឹង កុំឲ្យនៅក្នុងស្រុកយើង ប៉ុន្តែសម្តេចសីហនុហ្នឹងមិនព្រមចរចា មិនព្រមជួប មិនព្រមអ្វីទាំងអស់។ ដល់អីចឹងទៅ គេវាអស់ផ្លូវ អស់ក្រឡា ក៏គេប្រជុំគ្នាហើយ ក៏គេសម្រេចត្រូវដកចេញដើម្បីរៀបចំសាថ្មីឡើងវិញ»។
លោកក៏បានបន្ថែមថា ការទម្លាក់នេះ គឺមិនមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ ដោយលោកសម្អាងថា មានឯកសារ ពាក្យសម្តីរបស់ឪពុករបស់លោក និងការសាកសួរពីមនុស្សជំនិតនឹងលោក លន់ នល់។
លោកមានប្រសាសន៍ថា៖ «គឺខ្ញុំចង់និយាយថា ខ្ញុំគាំទ្រពាក្យសម្តីអាមេរិកកាំងដែលគាត់និយាយថា គាត់អត់មានលូកឡំក្នុងរឿងហ្នឹង ព្រោះអីមានឯកសារពាក្យសម្តីរបស់ឪពុកខ្ញុំពិតៗ កាលពេលសភាខ្មែរទម្លាក់សម្តេច(សម្តេចសីហនុ) ហើយមួយទៀត ឪពុកខ្ញុំតែងតែនិយាយ អត់មានពាក់ព័ន្ធអាមេរិកកាំង ឬ CIA ឬក៏ស្អីទេ»។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោក ឌៀប សុផល ដែលបាននិពន្ធសៀវភៅប្រវត្តិសាស្រ្តមួយចំនួន ក្នុងនោះមានសៀវភៅ «ប្រភពសង្រ្គាមកម្ពុជា» ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១៨ មានប្រសាសន៍ថា ប្រទេសមហាអំណាចតែងតែយកត្រូវរៀងៗខ្លួន ហើយមិនទទួលខុសត្រូវទាំងផ្នែកច្បាប់ និងសីលធម៌នោះទេ។
លោកបញ្ជាក់ថា បើទោះពុំមានឯកសារភស្តុតាងបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើរបបលន់ នល់ ដែលនាំឲ្យមានការធ្វើរដ្ឋប្រហារ តែលោកចាត់ទុកការគាំទ្ររបស់អាមេរិកជាការ «គាំទ្របែបចិត្តសាស្រ្ត និងការលើកទឹកចិត្ត»។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងពិនិត្យមើលឯកសារផ្លូវការ វាអត់មានមែន ក៏ប៉ុន្តែអាការគាំទ្រមួយ ខ្ញុំគិតថាជាការគាំទ្រមួយបែបលក្ខណៈចិត្តសាស្រ្តទេ ដែលជាការលើកទឹកចិត្តដល់ពួកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះនរោត្តម សីហនុ»។
លោកសាស្រ្តាចារ្យបានហៅការដកតំណែងព្រះបាទនរោត្តម សីហនុ គឺមានលក្ខណៈមិនស្របច្បាប់ផង និងស្របច្បាប់ផង។ លោកបញ្ជាក់ថា ព្រះបាទនរោត្តមសីហនុ គង់នៅក្រៅប្រទេស មិនត្រឡប់មកស្រុកខ្មែរវិញ ដោយសារមានបាតុកម្មប្រឆាំងនឹងព្រះអង្គនៅក្នុងប្រទេស ហើយមិនមានការធានាថាព្រះអង្គនឹងមានសុវត្ថិភាព ពេលត្រឡប់ចូលប្រទេសវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនចោទទៅលើម្ខាងៗទេ ខ្ញុំគ្រាន់តែនិយាយថាព្រឹត្តិការណ៍វាកើតឡើងអីចឹង ហើយបើព្រឹត្តិការណ៍វាកើតឡើងអញ្ចឹង គឺម្នាក់ៗគឺឈ្លោះគ្នា អត់មានរកអាវិធីណា ដើម្បីសម្របសម្រួលទេ ដើម្បីដោះស្រាយបញ្ហាហ្នឹងទេ ហើយទីបំផុត ក៏ឈានទៅដល់ការបោះឆ្នោតនៅក្នុងសភាមួយ។ ខ្ញុំហៅថាពាក់កណ្តាលស្របច្បាប់ ពាក់កណ្តាលខុសច្បាប់ទៅចុះ»។
ទាក់ទងនឹងប្រទេសចិនវិញ លោក ឌៀប សុផល មានប្រសាសន៍ថា ក្នុងសម័យខ្មែរក្រហម អាវុធយុទ្ធភ័ណ្ឌ គឺនាំចូលពីប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋអធិបតេយ្យទាំងពីរ តែលោកថាមិនមានឯកសារជាកិច្ចព្រមព្រៀងនៅសេសសល់នោះទេ។
សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនោះ ក៏បានអំពាវនាវឲ្យអ្នកដឹកនាំខ្មែរទាំងអស់ត្រូវប្រយ័ត្នប្រយែងអំពីទំនាក់ទំនងជាមួយប្រទេសមហាអំណាចនានា។ លោកមានប្រសាសន៍ថា៖ «អីចឹងត្រង់កន្លែងនេះ គឺគួរតែមេដឹកនាំខ្មែរធ្វើអ្វីឲ្យប្រយ័ត្នប្រយែង កុំឲ្យធ្វើអ្វីឲ្យជ្រុលនិយមងាកមកបំផ្លាញជាតិរបស់ខ្លួនឯងវិញ ដោយអត់ដឹងខ្លួន»៕