ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​ថា​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ចិន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នុងពិធីចុះហត្ថលេខាមួយ នៅវិមានរដ្ឋាភិបាលចិន ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នុងពិធីចុះហត្ថលេខាមួយ នៅវិមានរដ្ឋាភិបាលចិន ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

នៅ​ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​ទី​តាំង​នៃ​គម្រោង​វិនិយោគ​ធំៗ​របស់​ប្រទេស​ចិន​ មាន​ការ​វិភាគ​ជាច្រើន​ថា​​កម្ពុជា​អាច​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​ចិន​ ជាពិសេស​​ឥទ្ធិពល​សេដ្ឋកិច្ច​និង​​ភូមិសាស្ត្រ​នយោបាយ។ ប៉ុន្តែលោក ​ហ៊ុន សែន បាន​ប្រកាស​ច្បាស់​ថា​ ចិន​មិន​អាច​ត្រួតត្រា​កម្ពុជា​បាន​ជា​ដាច់​ខាត។

នៅ​ពេល​ដែលអ្នក​សង្កេត​ការណ៍​នយោបាយ​មួយ​ចំនួន​បង្ហាញ​ការ​បារម្ភ​ថា​ ការ​ផ្ដល់​ជំនួយ​ និង​ប្រាក់​កម្ចី​របស់​ចិន​ដែល​គ្មាន​លក្ខខណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​អាច​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ឥទ្ធិ​ពល​របស់​ចិន​នោះ​ មេ​ដឹក​នាំ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កម្ពុជា​មិន​អាច​នៅ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ចិន​បាន​ឡើយ។

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ «មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ត្បូងឃ្មុំ»​ ដែល​មាន​តម្លៃ​៥០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ជាប់​ព្រំដែន​វៀតណាម​ ហើយ​ដែល​ មាន​វត្តមាន​អគ្គរដ្ឋទូត​ចិន​លោក​ Wang Wentian​ ចូលរួម​នោះ​ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​លោក​មិន​បើក​ផ្លូវ​ឲ្យ​ប្រទេស​ចិន​ត្រួតត្រា​កម្ពុជា​បាន​ជា​ដាច់​ខាត ខណៈ​ដែល​ប្រទេស​ចិន​ក៏​គ្មាន​បំណង​ត្រួត​ត្រា​ប្រទេស​ណា​ផ្សេង​ទៀត​នោះ។

​«ខ្ញុំ​បញ្ជាក់​មុខ​អគ្គរដ្ឋទូត​ចិន​ បញ្ជាក់​ចំពោះ​មុខ​សាធារណៈ​ និង​ជា​សារ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស និង​ទៅ​កាន់​ពិភពលោក​ ថា​ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​ចិន​ត្រួត​ត្រា​ទេ​ ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន​ ក៏​មិន​ចង់​ត្រួត​ត្រា​អ្នកណា​ទាំង​អស់​ ត្រួតត្រា​អ្នកណា​ទាំង​អស់»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្ទនាគ្នាជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធស្ពានអកាសមួយ រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្ទនាគ្នាជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធស្ពានអកាសមួយ រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

​លោក​ ហ៊ុន សែន​ ក៏​បាន​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ជា​ថ្មី​ ក្នុង​ការ​បន្ត​គាំទ្រ​ នយោបាយ​ចិន​តែ​មួយ​ ដោយ​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន។

«តៃវ៉ាន់​គ្រាន់​តែ​ជា​ខេត្ត​មួយ​របស់​ចិន​តែប៉ុណ្ណោះ​ យើង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មក​ពី​តៃវ៉ាន់​ មក​រក​ស៊ី​នៅ​កម្ពុជា​ ប៉ុន្តែ​មិន​អាច​មាន​ស្ថានទូត​ ឬ​ក៏​ស្ថាន​តំណាង​របស់​តៃវ៉ាន់​នៅ​កម្ពុជា​ទេ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ស្ថិត​នៅ​ក្នុង​តំណែង​ជាង​បី​ទសវត្សរ៍មក​នោះ​ ក៏​បាន​ថ្លែង​ព្រមាន​រដ្ឋាភិបាល​បរទេស​ជាច្រើន មិន​ឲ្យ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រ​ទេស​កម្ពុជា​ ហើយ​កម្ពុជា​ក៏​មិន​យក​អធិបតេយ្យ​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស​ណាមួយនោះ​ដែរ។

វោហារសាស្ត្រ​នយោបាយ​ការពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើឡើង​ច្រំ​ដែលៗ​ ក្រោយ​រដ្ឋាភិបាល​របស់​លោកប្ដឹង​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ចោល ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​បំផុត​ ដោយ​ចោទ​ថា​ មេដឹកនាំ​គណបក្ស​នេះ​ បាន​ឃុបឃិត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

ទាំង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សហរដ្ឋ​អាមេរិក​ បានទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ។

បន្ទាប់​ពី​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​នេះ​រួម​មក​នោះ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ត្រូវ​គេ​មើល​ឃើញ​ថា​ ​បាន​ប្រឹង​រំកិល​ខ្លួន​ទៅ​កៀក​នឹង​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បាន​បែរ​ខ្នង​ដាក់​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដែល​បាន​ទាម​ទារ​ឲ្យ​កម្ពុជា​ស្តា​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ក្នុង​ដំណើរ​របស់​លោក​ ហ៊ុន សែន​ ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៩​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ផ្ដល់​ជំនួយ​ជិត​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​ ហើយក៏បាន​ដំឡើង​កូតា​ឲ្យ​កម្ពុជា​នាំ​អង្ករ​រហូត​ដល់​៤​សែន​តោន​ចូល​ទៅ​ប្រទេស​ចិន។

ការ​បន្ត​បង្ហូរ​ជំនួយ​របស់​ចិន​មក​ឲ្យ​កម្ពុជា​នេះ ​ត្រូវ​ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ កើតមាន​ឡើង​ រាល់​ពេល​ដែល​កម្ពុជា​បាន​ចេញ​មុខ​ការពារ​គោល​ជំហរ​របស់​ចិន​នៅ​កិច្ច​ប្រជុំ​អាស៊ាន​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

តួយ៉ាង​ដូច​ជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០១២ ​ប្រទេស​ហ្វីលីពីន​បាន​ចោទ​ប្រទេស​កម្ពុជា​ថា​បាន​រារាំង​មិន​ឲ្យ​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បណ្ឌិត មាស នី​ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ទទួល​ស្គាល់​ថា​ កម្ពុជា​នៅ​ពេល​នេះ​ មិន​ទាន់​ស្ថិត​ក្រោម​ត្រួតត្រា​របស់​ចិន​នោះ​ទេ​ តែ​លោក​បាន​ចោទសួរ​ថា​ តើ​កម្ពុជា​មាន​លទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ទឹក​លុយ​របស់​ចិន​ ដែល​បណ្ដាក់​ទុន​ក្នុង​ប្រទេស​ដោយ​គ្មាន​លក្ខខណ្ឌ​ផ្សេងៗ​ ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស។

លោក​មានប្រសាសន៍​ថា៖

«ការ​វិនិយោគ​ទុន​របស់​ចិន​ ឬ​ការ​គ្រប់​គ្រង​ ការ​ទំនាក់​ទំនង​របស់​ចិន​ផ្នែក​ខាង​សេដ្ឋកិច្ច​ ទាំង​ជំនួយ​អី​ហ្នឹង​ ចិន​មិន​សូវ​ខ្វល់​ខ្វាយ​ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ​ទេ​ ហើយ​ការ​មិន​មាន​លក្ខខណ្ឌ​ផ្សេងៗ​ហ្នឹង​ឯង​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​លុយ​សន្ធឹក​សន្ធាប់​ហ្នឹង ​វា​នឹង​ក្លាយ​ទៅ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​អំពើ​ពុក​រលួយ​ហ្នឹង​កើន​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៅ​ទៀត​ ហើយ​ទន្ទឹម​ហ្នឹង​ដែរ​ ក៏​ធ្វើ​ឲ្យ​ប្រទេស​មួយ​ហ្នឹង​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រោម​ឥទ្ធិពល​របស់​ចិន​កាន់​តែ​ខ្លាំង​ទៅ​ខ្លាំង​ឡើង​ អ៊ីចឹង​ទី​ចុង​បំផុត​ ចង់​មិន​ចង់​ក្រែងលោយើង​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លងនៃ​សង្គ្រាម​ត្រជាក់​ ព្រោះ​ឥឡូវ​នេះ​ យើង​ឃើញ​ថា​មាន​ការ​ចោទ​ប្រកាន់​បណ្ដើរៗ​ពី​បស្ចិម​ប្រទេស​ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​ ទៅលើ​វត្តមាន​កងទ័ព​បរទេស​អី​ហ្នឹង​ដែរ​យើង​ ឃើញ​ថា​យើង​មិន​ហ៊ាន​និយាយ​ ឬក៏​យើង​មិន​ហ៊ាន​ថា​ មិន​ដឹង​ថា​តើ​អ្វី​ដែល​គេ​រក​ឃើញ​ហ្នឹង​មាន​ស៊ីជម្រៅ​ប៉ុណ្ណា​នោះ​ណា៎បាទ។​ នេះ​សុទ្ធតែ​ជា​រឿង​ការ​ព្រួយ​បារម្ភទៅលើ​ឥទ្ធិពល​ទាំង​អស់​ហ្នឹង»។

ផ្ទះសំណាក់​ឈ្មោះ New Macau Resort នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​ភ្ញៀវទេសចរ​ចិន (ស៊ុន ណារិន/VOA)
ផ្ទះសំណាក់​ឈ្មោះ New Macau Resort នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​ភ្ញៀវទេសចរ​ចិន (ស៊ុន ណារិន/VOA)

លោក​ មាស នី​ អះអាង​ថា​ ការ​ពឹង​ផ្អែក​របស់​ខ្មែរ​ទៅលើ​ខ្នង​លុយ​របស់​ចិន​ខ្លាំង​ពេក​នោះ​ បាន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ដ៏​តូច​មួយ​នេះ​ ធ្វើ​កើត​ឡើង​ជាថ្មី​នូវ​ដាន​ចាស់​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

អ្នកវិភាគ​រូប​នេះ​ បន្ថែម​ថា៖​

«ខ្ញុំ​ទទួល​ឡើង​វិញ​ ខ្ញុំ​ថា​ទទួល​ស្គាល់​ថា​ស្អី​ដែល​មាន​សព្វ​ថ្ងៃ​នៅ​ក្នុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​នៅ​ពេល​ដែល​ចិន​នឹង​ប្រើ​ប្រទេស​កម្ពុជា​សម្រាប់​បម្រើ​ផល​ប្រយោជន៍ភូមិសាស្ត្រ​នយោបាយ​នោះ​ អា​ហ្នឹង​ចង់​មិន​ចង់​ នៅ​ពេល​ដែល​មាន​វិបត្តិ​ពិភពលោក​កើត​ឡើង​ យើង​នឹង​មិន​មាន​សមត្ថភាព​អី​ ក្នុង​ការ​ទប់​ទល់​ ពី​ឥទ្ធិពល​របស់​គេ​ទេ​បាទ​ ហើយ​និង​រងគ្រោះ​ដោយសារ​តែ​ ដោយសារ​តែ​ការ​ប្រណាំងប្រជែង​គ្នា​រវាង​មហា​អំណាច​ហ្នឹង​ឯង​ ហើយ​យើង​ធ្លាប់​ជួប​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០​ហ្នឹង​ម្ដង​ហើយ​ ចូល​ទសវត្សរ៍​ឆ្នាំ​៦០​ ឥឡូវ​នេះ​ យើង​ទំនង​ដូច​ជា​កំពុង​តែ​យក​ផ្លូវ​ដដែល​ហ្នឹង​មក​ដើរ​វិញ។ បាទ​ អ៊ីចឹង​យើង​ចាំ​មើល​បន្ត​ទៅ​ទៀត»។

អ្នក​ឃ្លាំ​មើល​កិច្ចការ​តំបន់​អាស៊ី​ជាច្រើន​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ចិនកំពុង​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​សង្កត់​លើ​ប្រទេស​តូចៗ​នានា ដែល​កំពុង​ក្លាយ​ជា​អាណានិគម​បែប​ថ្មី​ក្នុង​សតវត្ស​ទី​២១​នេះ។

​រដ្ឋាភិបាល​ចិន ​បាន​បង្កើន​ប្រាក់​កម្ចី​បរទេស​និង​ការ​វិនិយោគ​ឯកជន​ដែល​គាំទ្រ​ដោយ​រដ្ឋ នៅ​ទូទាំង​តំបន់​អាស៊ី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដោត​លើ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ តាមរយៈ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​(Belt and Road Initiative)​ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ​ ​Asian Infrastructure Investment Bank ហៅ​កាត់​ថា AIIB ដែល​ទាញ​យក​គម្រោង​ពី​បណ្ដា​ស្ថាប័ន​ហិរញ្ញប្បទាន​ពហុភាគី​គាំទ្រ​ចម្បង​ដោយ​អាមេរិក​ដូចជា ធនាគារ​ពិភព​លោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(ADB)។​

​ប្រទេស​ក្រីក្រ​ជា​ច្រើន​ដែល​បាន​បង្កើត​ចំណង​ទាក់ទង​ការ​ទូត​រឹងមាំ​ជាមួយ​ប្រទេស​ចិន​បាន​ទទួល​ប្រាក់​កម្ចី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ស្រីលង្កា​ ​បំណុល​កាន់​តែ​ច្រើន​ឡើង​ហើយ​ក្រោយ​មក​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​កាន់​កាប់​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​កំពុង​ផែ​ទៅ​ឲ្យ​ចិន ឬ​ក៏​សង​បំណុល​ទាំង​នោះ​ ដោយ​បើក​ឲ្យ​ចិន​ចូល​ទាញ​យក​ធនធាន​ធម្មជាតិ​ផ្សេងៗ៕

XS
SM
MD
LG