ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកផៃ ​ស៊ីផាន​ថា​ ក្រុង​ព្រះសីហនុ​អច្ឆរិយៈ​ដូច​ក្រុង​កាស៊ីណូ​ឡាសវេហ្កាស​និង​សាំងហ្គាពួរ


បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន
បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន

លោក ផៃ ស៊ីផាន ​បញ្ជាក់​ថា៖ «ដូច្នេះ​កំពង់​សោម​ជា​ទីក្រុង​នៃ​ការ​អភិវឌ្ឍ ហើយ​ជា​ទិស​ដៅ​នៃ​ទីក្រុង​ទំនើប។ ខ្ញុំ​ហៅ​ថា​ជា​ទីក្រុង​អច្ឆរិយៈ Miracle City ដែល​យើង​ត្រូវ​មាន​មោទនភាព​ក្នុង​នាម​ជា​ខ្មែរ»។

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ការពារ​គោល​ជំហរ​និង​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ទទួល​យក​អ្នក​វិនិយោគ​ទុន​ចិន​និង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​ បើទោះ​បី​ជា​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល ​បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ដែល​មាន​ការ​ចូលរួម​ជា​វាគ្មិន គឺ​លោក រស់ ចន្រ្តាបុត្រ ​ជា​អ្នក​ប្រវត្តិសាស្រ្ត​ និង​ជា​អ្នកស្រាវជ្រាវ​ម្នាក់ ​និង​លោក គី សេរីវឌ្ឍន៍​ ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា។

លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា​ លោក​បាន​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ដោយ​ផ្ទាល់​ ហើយ​បាន​ឃើញ​ការ​រីក​ចម្រើន​សំណង់​អគារ​នៅ​ទីនោះ​ដែល​លោក​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ទីក្រុង​កាស៊ីណូ​ Las Vegas របស់​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ខ្ញុំ​ខាន​ទៅ​៨​ខែ ស្រាប់​ទៅ​ដល់​ ខ្ញុំ​វង្វេង ពី​ព្រោះ​អគារ​ហ្នឹង វាកែ​ច្នៃទិដ្ឋភាពនៃ​ការ​ចងចាំ។ យើង​ហ្នឹង វង្វេង​អស់។ បើ​តាម​បទ​ពិសោធន៍​ខ្ញុំ​ នៅ​ពេល​យប់ ដែល​ខ្ញុំ​បើក​ទៅ​តាម​វិថី​ទាំង​អស់​នោះ យើង​ឃើញ​ហាក់​ដូច​ជា​ទិដ្ឋភាព​នៃ Las Vegas ​នេះ​ឯង»។

លោក​បាន​ហៅ​ទីក្រុង​ព្រះសីហនុ ជា​ទីក្រុង​អច្ឆរិយៈ​មួយ​នា​ពេល​នេះ។ លោក​បន្ថែម​ថា មិន​យូរ​ប៉ុន្មាន​ ទីក្រុង​មួយ​នេះ នឹង​ក្លាយ​ជា​ទីក្រុង​សាំងហ្គាពួរ។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​កំពង់​សោម​ជា​ទីក្រុង​នៃ​ការ​អភិវឌ្ឍ ហើយ​ជា​ទិស​ដៅ​នៃ​ទីក្រុង​ទំនើប។ ខ្ញុំ​ហៅ​ថា​ជា​ទីក្រុង​អច្ឆរិយៈ Miracle City ដែល​យើង​ត្រូវ​មាន​មោទនភាព​ក្នុង​នាម​ជា​ខ្មែរ»។

លោក​ក៏​បាន​បន្ថែម​ថា ចិន​នឹង​នាំ​បច្ចេកវិទ្យា​ទំនើបៗ ​ចូល​ខេត្ត​មួយ​នេះ​ផង​ដែរ ​ដែល​លោក​ថា​នឹង​ក្លាយ​ជា​ Silicon Valleyដូច​នៅ​សហរដ្ឋអាមេរិក​នៅ​ពេល​ណាមួយ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ខ្ញុំ​មិន​គិត​ដល់​ថា កំពង់​សោម​ជា Silicon Valleyនៅ​កាលី​ហ្វ័រញ៉ា ដែល​ជា​មជ្ឈមណ្ឌល​ IT(បច្ចេកវិទ្យា​ព័ត៌មាន) នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ប្រហែល​ជា​អញ្ចឹង​ដែរ»។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចូល​មក​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​មួយ​នេះ គឺ​ដោយសារ​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «បើ​សិន​ជា​គេ​មិន​ជឿ​ថា​មាន​សន្តិភាព បើ​គេ​មិន​ជឿ​ថា​មាន​ស្ថិរភាព​នយោបាយ គេ​អត់​យក​លុយ​រាប់​កោដិ​យក​មក​ដាក់​នោះ​ទេ»។

លោក ផៃ ស៊ីផាន ​បញ្ជាក់​ថា៖ «ហេតុ​ដូចម្តេច​យើង​ទទួល​លុយ​ពី​គេ​យក​មក​ចាយ ហេតុ​ម្តេច​អ្នក​ដែល​ផ្តល់​លុយ​ឲ្យ​យើង គេ​ជា​មនុស្ស​អាក្រក់។ អា​នេះ​សួរ​បញ្រ្ចាស​ទៅ​វិញ ម៉េច​ក៏​ភ័យ​ម្ល៉េះ»។

លោក​បន្ថែម​ថា ទីក្រុង​ព្រះសីហនុ នឹង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ នា​ពេល​ខាង​មុខ។

ទាក់ទង​នឹង​ការ​អនុញ្ញាត​ឲ្យ​មាន​កាស៊ីណូ​ច្រើន​នៅ​ក្នុង​ខេត្ត​មួយ​នេះ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​អាច​រក​ចំណូល​បាន​ច្រើន​ពី​វិស័យ​មួយ​នេះ តែ​លោក​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក​ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ​VOA ​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចូល​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​ទាំង​នោះ​ថា៖ «ខ្ញុំ​អត់​បាន​ចូល​ទៅ​ក្នុង​ហ្នឹង​ទេ។ ក៏​ប៉ុន្តែ​កន្លែង​ហ្នឹង គេ​ធ្វើ មិន​មែន​សម្រាប់​ខ្មែរ ខ្មែរ​អត់​មាន​លុយ​ទៅ​លេង​ហ្នឹង​ទេ។ មាន​តិច​តួច​ទេ។ យើង​មិន​សួរ ចុះ​នៅ​សាំងហ្គាពួរ។ បើ​ហាម​ខ្មែរ​មិន​ឲ្យ​លេង​នៅ​នេះ គេ​ទៅ​លេង​នៅ​សាំងហ្គាពួរ នោះ​យ៉ាងណា យើង​បាត់​ពន្ធ​ទេ។ ហើយ​មនុស្ស​ទៅ​សាំងហ្គាពួរ។ គ្មាន​អ្នកណា​មួយ​ទៅ​សាំងហ្គាពួរ មិន​បាន​ចូល ឬ​ជាន់​នៅ​ក្នុង​កាស៊ីណូ​សាំងហ្គាពួរ​ទេ។ អានេះ​យើង​គិត​ពិចារណា។ មិន​មែន​បង្វឹក​ឲ្យ​ខ្មែរ​ជា​អ្នក​លេង​ល្បែង​ទេ។ ប៉ុន្តែ​វា​ជា​ឧស្សាហកម្ម​កម្សាន្ត ​អាហ្នឹង​ចឹង»។

ទោះ​ជា​យ៉ាងណា លោក ផៃ ស៊ីផាន ​បាន​ទទួល​ស្គាល់​ថា ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​មាត់​សមុទ្រ​នេះ លឿន​ពេក​ ដែល​ពិបាក​នឹង​តាម​ឲ្យ​ទាន់។ លោក​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​ច្បាប់​កម្ពុជា​ដែល​មាន​ ដាក់​ទង់​ជាតិ​ខ្មែរ​ឲ្យ​បាន​ច្រើន​នៅ​ទីនោះ ​និង​រៀបចំ​អ្វី​ដែល​ជារបស់​ខ្មែរ​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

លោក ផៃ ស៊ីផាន ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា​ ប្រទេស​ចិន​កំពុង​យក​តំបន់​មួយ​នេះ​ជា​ភូមិសាស្រ្ត​នយោបាយ។

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​អ្នក​ដែល​វាយ​តម្លៃ​ ដោយ​លាប​ពណ៌​មក​លើ​ខេត្តកោះកុង ថ្មីៗ​នេះ ក៏​ដូច​ជា​កំពង់​សោម ឬ​ក្រុង​ព្រះ​សីហនុ​ហ្នឹង គឺ​ជា​ទិស​ដៅ​នៃ​ភូមិ​សាស្រ្ត​នយោបាយ គឺ មិន​មែន​អញ្ចឹង​ទេ។ អ្នក​នោះ​មើល​ច្រឡំ ឬ​ក៏​មាន​ការ​គិត​មួយ​ច្រណែន​និន្ទា»។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ការ​មិត្ត​ទាំង​ពីរ គឺ​ចិន និង​សហរដ្ឋ​អាមេរិក ​ហើយមិន​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​ឈ្លោះ​គ្នា​នោះ​ទេ។

លោក ផៃ ស៊ីផាន ​បញ្ជាក់​ថា ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លាង​លុយ​កខ្វក់​នៅ​ក្នុង​ខេត្ត​នេះ​ ខណៈ​មាន​ការ​រិះគន់​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖ «កម្ពុជា​មាន​យន្ត​ការ​នៃ​ការ​ទប់​ស្កាត់​ការ​លាង​លុយ។ យើង​មាន​គោលការណ៍​ក្នុង​ការ​ទប់​ស្កាត់​លាង​លុយ។ យើង​មាន​កិច្ច​សហការ​ជិត​ស្និទ្ធិ​ជាមួយ​អន្តរ​ជាតិ​ក្នុង​វិស័យ​ធនាគារ​ហ្នឹង ដើម្បី​ប្រឆាំង​នឹង​ការ​លាង​លុយ»។

លោក គី សេរីវឌ្ឍន៍ ​មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ជា​មធ្យម​២៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ចំណែក​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មក​កម្ពុជា ​មាន​តែ​១៦​ភាគរយ​តែ​ប៉ុណ្ណោះ។

លោក​ចាត់ទុក​ថា​ នេះ​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​មាន​ន័យ​ថា​ យើង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ចិន យើងចំណេញ ព្រោះ​យើង​នាំ​ចូល​បាន​កើន​លើស​មុន កើន​បាន​២៧​ភាគរយ ​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ ហើយ​នាំ​ចូល​វិញ ​កើនតែ​១៦​ភាគរយ​ ប្រចាំ​ឆ្នាំ។ អញ្ចឹង​ក្នុង​ន័យ​នេះ បើ​ផ្អែក​លើ​ទិន្នន័យ កម្ពុជា​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​ បាន​ចំណេញ​ជាងមុន»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​មើល​អំពី​កម្រិត​នៃ​សេដ្ឋកិច្ច​របស់​ចិន​និង​កម្ពុជា​ខុស​គ្នា។ចំណូល​ប្រជាជន​ចិន​៨ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប្រជាជន​ខ្មែរ​១៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ អញ្ចឹង​បែប​ផែន​ផលិត​កម្ម​ខុស​គ្នា។ ដូច្នេះ​ផលិត​កម្ម​ដែល​ខុស​គ្នា អាច​ធ្វើ​ជាមួយ​គ្នា​បាន»។

លោក រស់ ច័ន្ទត្រាបុត្រ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជា​ជំនួយការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការហូរចូលយ៉ាងគំហុកនៃជនជាតិចិនមកកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក រស់ ច័ន្ទត្រាបុត្រ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជា​ជំនួយការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការហូរចូលយ៉ាងគំហុកនៃជនជាតិចិនមកកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក រស់ ចន្រ្តាបុត្រ ​ជា​អ្នក​ប្រវត្តិសាស្រ្ត ​បាន​សរសើរ​ប្រទេស​ចិន​ថា ​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ផ្នែក​ដែល​មាន​រយៈ​ពេល​ច្រើន​ឆ្នាំ ​ដែល​លោក​ថាមិន​មាន​ប្រទេស​ណា​ធ្វើ​បាន​នោះ​ទេ។ លោក​បន្ថែម​ថា​ប្រទេស​ចិន​ក៏​មិន​បាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​ដែរ។

លោក​បញ្ជាក់​ថា៖ «អ្វី​ទៅ​ដែល​ជា​នយោបាយ​របស់​ចិន? គឺ​នយោបាយ​របស់​ចិន គឺ​គេ​ឈរ​លើ​គោល​ជំហរ​មួយ អត់​លូក​ដៃ​ចូល​កិច្ចការ​ប្រទេស​ជាតិ​នីមួយៗ​ទេ។ ដូច្នេះ​រឿង​បញ្ហា​ប្រទេស​នីមួយៗ ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ»។

លោក​ផៃ ស៊ីផាន​ បាន​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ល្អៗ​ពី​ខេត្ត​ព្រះសីហនុ សម្រាប់​ប្រយោជន៍​របស់​កម្ពុជា៕

XS
SM
MD
LG