ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសច្រានចោលនូវសេចក្ដីរាយការណ៍មួយចំនួនរបស់សារព័ត៌មានក្នុងស្រុកជាភាសាខ្មែរ និងភាសាបរទេស ហើយថាការបកស្រាយទាំងនោះខុសអំពីតួលេខបំណុលសរុបរបស់ប្រទេស ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងនេះ ដែលបានបង្ហោះលើគេហទំព័ររបស់ខ្លួននៅថ្ងៃពុធ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងចំណុចបួនសំខាន់ៗ ដែលក្រសួងបានចាត់ទុកថាត្រូវបានរាយការណ៍ខុសដោយស្ថាប័នសារព័ត៌មានមួយចំនួន ដែលថា ទីមួយ កម្ពុជាមានបំណុលបរទេសជាង ១ម៉ឺនលានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨ ទីពីរ ការទូទាត់សេវាបំណុលសរុបរបស់កម្ពុជាមានប្រមាណ ៨ភាគរយ នៃបំណុលក្រៅប្រទេសសរុប ទីបី ការខ្ចីឥណទានសរុបពីបារាំងមានចំនួន ១.៦០០ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០១៨ និងទីបួន ការខ្ចីឥណទានសរុបពីជប៉ុន មានចំនួន ១,៣លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០១៨។
នៅត្រង់ចំណុចទីមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ថា តួលេខជាង ១ម៉ឺនលានដុល្លារនោះ គឺជាតួលេខនៃការខ្ចីឥណទានសម្បទាន ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន៍ គិតចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ ២០១៨ ពោលគឺ «ពុំមែនជាតួលេខសន្និធិបំណុលបរទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ ២០១៨ ទេ»។
ក្នុងចំណុចនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បើគ្រាន់តែចុះកិច្ចព្រមព្រៀងខ្ចីឥណទានពីក្រៅប្រទេស ពុំទាន់មានន័យថា កម្ពុជាជំពាក់បំណុលបរទេសនោះទេ គឺលុះត្រាតែកម្ពុជាបានដកសាច់ប្រាក់ពីដៃគូយកមកប្រើប្រាស់ទើបគិតថា «ជាបំណុលសាធារណៈក្រៅប្រទេស»។
សេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសរសេរក្នុងន័យដើមថា៖
«ជាក់ស្ដែង យើងក៏មានការបង្វែរសាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួន និងសងប្រាក់ដើមជាបណ្តើរៗ ទៅដៃគូវិញហើយដែរ»។
ពាក់ព័ន្ធនឹងសេវាបំណុលសរុបរបស់កម្ពុជានោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ប្រសិនបើយកតួលេខនៃការទូទាត់សេវាបំណុលសរុបពីឆ្នាំ ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ ២០១៨ ដែលមានចំនួនប្រមាណ ១.៣០០ លានដុល្លារអាមេរិក ទៅធៀបនឹងសន្និធិបំណុលសាធារណៈក្រៅប្រទេសសរុប ដែលមានចំនួនប្រមាណ ៧.០០០ លានដុល្លារអាមេរិក នោះភាគរយជាក់ស្ដែងត្រូវស្មើនឹង ១៩ភាគរយ គឺមិនមែន ៨ភាគរយទេ។
ក្នុងបញ្ហាបំណុលដែលកម្ពុជាជំពាក់បារាំងនោះ ក្រសួងបានឲ្យដឹងថា កម្ពុជាបានខ្ចីឥណទានសម្បទានពីបារាំង គិតត្រឹមឆ្នាំ ២០១៨ នេះ មានចំនួនសរុបប្រមាណតែ ៣៤០លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺពុំមែន ១.៦០០លានដុល្លារអាមេរិកទេ។ ទាក់ទងនឹងបំណុលកម្ពុជាជំពាក់ជប៉ុនវិញនោះ គឺកម្ពុជាបានខ្ចីឥណទានសម្បទានពីជប៉ុន គិតត្រឹមឆ្នាំ ២០១៨ មានចំនួនសរុបប្រមាណ ១.៣០០លានដុល្លារអាមេរិក ពោលគឺពុំមែន ១,៣លានដុល្លារអាមេរិកទេ។
ផ្អែកលើកម្រិតខ្ចីប្រាក់របស់កម្ពុជាពីបរទេស នៅកម្រិតដែលអាចគ្រប់គ្រងបាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា កម្រិតបំណុលសាធារណៈក្រៅប្រទេស កម្ពុជាកំពុងស្ថិតនៅកម្រិតទាបនៅឡើយ បើធៀបនឹងផលិតផលក្នុងស្រុកសរុប ឬ ផ.ស.ស។
សេចក្ដីប្រកាសដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩ បានសរសេរក្នុងន័យដើមថា៖
«ជារួម ផ្អែកតាមការវិភាគចីរភាពបំណុល បង្ហាញថា អនុបាតបំណុលសាធារណៈក្រៅប្រទេសទាំង ០៤ របស់កម្ពុជាសម្រាប់ឆ្នាំ ២០១៨ សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់ ដែលក្នុងនោះ អនុបាតសំខាន់ជាងគេគឺ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស. មានត្រឹមកម្រិត ២១,៤ភាគរយ ធៀបនឹងគោល ៤០ភាគរយ [...] ដែលអាចសន្និដ្ឋានបានថា ស្ថានភាពបំណុលសាធារណៈក្រៅប្រទេសកម្ពុជាមានចីរភាព និងហានិភ័យកម្រិតទាប»។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អះអាងទៀតថា ការខ្ចីប្រាក់ពីបរទេស មិនអាចចេះតែធ្វើឡើងតាមតែអំពើចិត្តនោះឡើយ ដោយរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ នៅមុនពេលសម្រេចបង្កើនខ្ទង់បំណុល។
ក្រសួងបានឲ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនក្នុងន័យដើមថា៖
«រាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយស្មារតីប្រយ័ត្នប្រយែងខ្ពស់ និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គន្លឹះទាំង០៤ រួមមាន៖ ១ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ២ ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់ ៣ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និង៤ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត»។
យ៉ាងណាក៏ដោយ នៅពេលដែលរដ្ឋាភិបាលកម្ពុជាអះអាងថា អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសកម្ពុជាធៀបនឹងផ.ស.ស. មានត្រឹមកម្រិត ២១,៤ភាគរយនោះ ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនមួយថា គិតមកដល់ដំណាច់ឆ្នាំ ២០១៧ បំណុលសាធារណៈរបស់កម្ពុជាដែលមិនទាន់សង មានចំនួន ៦.៦៧0 លានដុល្លារសហរដ្ឋអាមេរិក គឺប្រមាណ ៣០.២ភាគរយ នៃផ.ស.ស ហើយប្រទេសចិនជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា។
របាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចេញផ្សាយជាសាធារណៈដោយធនាគារពិភពលោកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ បានឲ្យដឹងក្នុងន័យដើមថា៖
«ប្រទេសចិនរហូតមកដល់សព្វថ្ងៃនេះ គឺជាអ្នកឲ្យខ្ចីប្រាក់ធំបំផុត ដែលស្មើនឹងជិតពាក់កណ្ដាលនៃបំណុលមិនទាន់សងរបស់កម្ពុជា»។
ធនាគារពិភពលោកបានឲ្យដឹងទៀតថា បំណុលក្រៅប្រទេសកម្ពុជាដែលជំពាក់ចិន គឺស្មើនឹង ៤៨.៤ភាគរយ នៃបំណុលសរុបមិនទាន់សង គិតមកត្រឹមពាក់កណ្ដាលដំបូងនៃឆ្នាំ ២០១៨។ អ្នកឲ្យកម្ពុជាខ្ចីប្រាក់លំដាប់ទីពីរ និងទីបីគឺ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ដែលគ្រប់ដណ្ដប់ជាបន្តបន្ទាប់គ្នាក្នុងកម្រិត ១៩.៣ភាគរយ និង ៨.០ភាគរយនៃបំណុលសរុបមិនទាន់សង។
ធនាគារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ក៏បានឲ្យដឹងបន្ថែមថា តាមការវិភាគរបស់ខ្លួននិងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (International Monetary Fund) ភាពអាសន្ននៃកម្រិតបំណុលរបស់កម្ពុជា គឺនៅទាបនៅឡើយ។
បើគិតចាប់ពីឆ្នាំ ១៩៩៣ ដល់ដំណាច់ឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានចុះហត្ថលេខាខ្ចីប្រាក់កម្ចីសម្បទានចំនួន ៩.៦០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយដៃគូអភិវឌ្ឍន៍ ដែល ៨៧.៨ភាគរយ នៃកម្ចីទាំងនោះ បានទៅដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និង ១២.២ភាគរយ ផ្សេងទៀតនៃកម្ចីទាំងនោះ បានទៅដល់វិស័យអាទិភាពដទៃទៀត៕