នាវាដឹកយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងក្រុមប្រយុទ្ធរបស់នាវានេះបានធ្វើសមយុទ្ធយោធាជាមួយនឹងនាវាចម្បាំងកូរ៉េខាងត្បូងនៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េនៅថ្ងៃចន្ទនេះ ដែលនេះគឺជាសមយុទ្ធលើកដំបូងបង្អស់រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
សមយុទ្ធនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ដែលការបាញ់នេះអាចជាការគំរាមឆ្លើយតបចំពោះការធ្វើសមយុទ្ធនេះ។
សមយុទ្ធរយៈពេល ៤ ថ្ងៃនេះមានគោលបំណងបង្ហាញអំពី «ការតាំងចិត្តដ៏ខ្លាំងក្លា» របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង «នៅក្នុងការឆ្លើយតបចំពោះការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើង» និងមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ពួកគេនៅក្នុងការធ្វើប្រតិបត្តិការកងទ័ពជើងទឹករួមគ្នា។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងទឹកកូរ៉េខាងត្បូងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
នាវាទាហានជើងទឹកសហរដ្ឋអាមេរិកនិងនាវាទាហានជើងទឹកកូរ៉េខាងត្បូងជាង ២០ គ្រឿង ដែលក្នុងនោះរួមមានទាំងនាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នាវាល្បាតរបស់សហរដ្ឋអាមេរិក និងនាវាពិឃាតរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងផងដែរ បានចូលរួមនៅក្នុងសមយុទ្ធនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា យន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
សមយុទ្ធលើកនេះគឺជាសមយុទ្ធរួមគ្នាលើកដំបូងបង្អស់ដែលមានការចូលរួមពីនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅជិតឧបទ្វីបកូរ៉េតាំងពីឆ្នាំ ២០១៧ មក។ តាំងពីពេលនោះមក សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានលុបចោលឬក៏កាត់បន្ថយទំហំនៃការធ្វើសមយុទ្ធជាប្រចាំនេះ ដើម្បីគាំទ្រដល់ការចរចាជាមួយកូរ៉េខាងជើងរឿងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ និងដើម្បីបង្កាការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលបានផ្ទុះឆ្លងរាលដាលនៅលើពិភពលោកតាំងពីដើមឆ្នាំ ២០២០ មក៕