លោក ប្រាក់ សុខុន៖ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក​ត្រូវ​បាន​លើក​ពេល​

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ប្រាក់ សុខុន ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ​Fresh News ​ដក​ស្រង់​សម្ដី​ដោយ​បាន​និយាយ​ថា​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក​ត្រូវ​បាន​លើក​ពេល​ហើយ។

កិច្ច​ប្រជុំ​កំពូល​ពិសេស​ដែល​ត្រូវ​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃទី២៨​និង​ទី២៩​ខែ​មីនា​ខាង​មុខ​នេះ​ត្រូវ​លើក​ពេល​ដោយ​សារ​តែ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មាន​ធុរៈ​មិន​អាច​ចូល​រួម​បាន។ នេះ​បើ​យោង​តាម​លោក​ ប្រាក់ សុខុន ​ប្រាប់​សារព័ត៌មាន​ Fresh News

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ពេល​សហរដ្ឋ​អាមេរិក​ប្រកាស​កំណត់​ថ្ងៃ​ប្រជុំ​ដំបូង បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅ​មិន​ទាន់​បាន​ឯកភាព​ជាមួយ​សេតវិមាន​នៅ​ឡើយ​លើ​កាល​បរិច្ឆេទ​នេះ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ដំណឹង​អំពី​ការ​លើក​ពេល​ប្រជុំ​នេះ​ខណៈ​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណួរ​សុំ​បញ្ជាក់​របស់​វីអូអេ​នៅ​ឡើយ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃពុធ​នេះ៕