ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​អាច​នឹង​ត្រូវ​លើក​ពេល


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-សហរដ្ឋ​អាមេរិក​ ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២៨​និង​ទី២៩​ខែ​មីនា​នេះ ប្រឈម​នឹង​ការ​លើក​ពេល​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​ ខណៈ​មាន​ការ​មិន​ឯក​ភាព​គ្នា​ផ្នែក​កាល​បរិច្ឆេទ​ដែល​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​ថ្មី​មួយ​ជា​ជំនួយ​ចិន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ព្រឹក​ថ្ងៃចន្ទ ​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា៖

«ប៉ុន្តែ​ដោយ​សារ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ប្រជុំ​ពិសេស​រវាង​អាស៊ាន​និង​អាមេរិក​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នូវ​ព័ត៌មាន​ទាក់​ទិន​ថា​នឹង​មាន​ការ​ប្រជុំ​នៅ​ថ្ងៃទី​២៨​និង​២៩ ប៉ុន្តែ​ក្នុង​ពេល​ដែល​ឥណ្ឌូ​នេស៊ី​ដែល​ជា​ប្រទេស​សម្រប​សម្រួល​មិន​ទាន់​បាន​សម្រប​សម្រួល​ពេល​វេលា​នៅ​ឡើយ​ទេ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បន្ថែម​ថា មាន​បណ្ដា​មេដឹកនាំ​អាស៊ាន​យ៉ាង​ហោច​៤​ប្រទេស​បាន​អះ​អាង​ថា​ពួក​គេ​មិន​អាច​ចូល​រួម​នៅ​ថ្ងៃ​កំណត់​ខាង​លើ​ ហើយ​បាន​ស្នើ​ខាង​អាមេរិក​រំកិល​កាល​បរិច្ឆេទ​មក​ថ្ងៃទី២៦​និង​ទី២៧​ខែ​មីនា​វិញ តែ​ខាង​អាមេរិក​ថា​ខ្លួន​មិន​អាច​រៀប​ចំ​ជូន​បាន​ឡើយ។

លោក ហ៊ុន សែន លើក​ឡើង​ថា៖ «បើ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​អំពី​ពេល​វេលា​ទេ​គឺ​មាន​តែ​លើក​ពេល​ទេ​រវាង​អាស៊ាន​និង​អាមេរិក​នោះ​មាន​តែ​លើក​ពេល»។ លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​សង្ឃឹម​ថា​អាស៊ាន​ជាមួយ​នឹង​អាមេរិក​នឹង​រក​នូវ​ពេល​វេលា​សម​ស្រប​សម្រុះ​សម្រួល​គ្នា​»។

គិតត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ មិន​បាន​តប​នឹង​សំណួរ​វីអូអេ​នៅ​ឡើយ​ អំពី​ថា​តើ​ប្រទេស​ទាំង​៤​ដែល​មិន​អាច​ចូល​ប្រជុំ​ថ្ងៃទី២៨​តាម​ការ​ប្រកាស​របស់​អាមេរិក​នោះ​រួម​មាន​ប្រទេស​ណា​ខ្លះ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី២៨​ខែ​កុម្ភៈ​កន្លង​ទៅ​ អ្នកស្រី Jen Psaki អ្នក​នាំ​ពាក្យ​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​ Joe Biden គ្រោង​នឹង​ទទួល​ស្វាគមន៍​បណ្ដា​មេដឹកនាំ​អាស៊ាន​៩​ប្រទេស​និង​តំណាង​មិន​មែន​នយោបាយ​ពី​ប្រទេស​ភូមា​ដែល​ស្ថិត​ក្រោម​របប​សឹក​មក​ប្រជុំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​នា​ថ្ងៃទី២៨​និង​ទី២៩​ខែមីនា​ខាង​មុខ។

អ្នកស្រី​ Stephanie Arzate អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ មិន​បាន​តប​ចំៗ​ទៅ​នឹង​សំណួរ​វីអូអេ​ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ​ដោយ​បាន​បង្វែរ​រឿង​រៀប​ចំ​ថ្ងៃ​ពេល​នេះ​ទៅ​សេតវិមាន។ តែ​អ្នក​ស្រី បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖

«កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​នៅ​ពេល​ខាង​មុខ នឹង​ធ្វើឡើង​ដើម្បី​ប្រារព្ធ​ខួប៤៥ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក​អាស៊ាន និង​ក៏​ដូច​ជា​ស​បញ្ជាក់​អំពី​ការ​តាំង​ចិត្តជា​ធរមាន​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈ​ភាព​របស់​អាស៊ាន​ក្នុង​ការ​នាំ​មក​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព​នានា​ចំពោះ​បញ្ហា​ប្រឈម​បំផុត​នានា​នៅ​ក្នុង​តំបន់»។

បន្ទាប់​ពី​បាន​អាក់​ខាន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​តាំង​ពី​ឆ្នាំ២០១៨​មក លោក​អតីត​ប្រធានាធិបតី Donald Trump គ្រោង​ស្វាគមន៍​បណ្ដា​មេដឹក​នាំ​អាស៊ាន​ទៅ​ប្រជុំ​នៅ​ទីក្រុង Las Vegas ​កាល​ពី​ខែ​មីនា​ឆ្នាំ២០២០ តែ​ត្រូវ​លុប​ចោល​វិញ​ដោយ​ជំងឺកូវីដ១៩​រាត​ត្បាត។ ​ក្រោយ​មក​ លោក Joe Biden ដែល​បាន​មក​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន បាន​រៀប​ចំ​ប្រជុំ​កំពូល​មួយ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​កាល​ពី​ចុង​ខែ​តុលា​កន្លង​មក៕

XS
SM
MD
LG