ប្រទេសកម្ពុជាបានចូលរួមធ្វើជាសហស្ថាបនិកនិងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលថ្កោលទោសប្រទេសរុស្ស៊ីដែលចូលឈ្លានពានអ៊ុយក្រែន និងអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពចេញ ដើម្បីឈានទៅការចរចាបញ្ចប់សង្គ្រាម។
នៅក្នុងសារផ្ញើជូនថ្នាក់ដឹកនាំក្នុងគណបក្សប្រជាជនកម្ពុជា និងសមាជិករាជរដ្ឋាភិបាល កាលពីយប់ថ្ងៃពុធ ទី ២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការចូលរួមធ្វើជាសហស្ថាបនិក (co-sponsor) និងគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ ដោយថ្លែងថា «សភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរការស្លាប់ជនស៊ីវិលកាន់តែច្រើន» ហើយមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែដំណើរការចាត់ការរកវិធីបញ្ចៀសមហន្តរាយ។ នេះបើតាមសារដែលបានបញ្ចេញជាសាធារណៈ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍។
មានប្រទេសជិត ១០០ បានចូលរួមស្នើសេចក្តីសម្រេចនេះបន្ទាប់ពីរុស្ស៊ីបានវ៉េតូសំណើស្រដៀងនេះនៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប កាលពីថ្ងៃសុក្រសប្តាហ៍មុន និងនាំឲ្យមានការជំរុញរបៀបវារៈនេះទៅមហាសន្និបាតអង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ហើយលោក ហ៊ុន សែន បានពន្យល់បន្ថែមថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ានផងក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផងដែរ។
លោក ហ៊ុន សែន បានបន្ថែមថា៖
«ក្នុងក្របខណ្ឌអាស៊ាន គឺយើងកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិនឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន ដូច្នេះយើងត្រូវតែសម្រេច ដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បានសម្រាប់ការចរចាមួយក្នុងការរកដំណោះស្រាយ ក្នុងនាមអាស៊ាន»។
ក្នុងចំណោមរដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មានប្រទេសចំនួន ១៨១ បានចូលរួមក្នុងការបោះឆ្នោតលើសេចក្តីសម្រេចនោះ កាលពីថ្ងៃពុធ។ ក្នុងនោះមានប្រទេសចំនួន ១៤១ បានគាំទ្រសេចក្តីសម្រេចថ្កោលទោសទីក្រុងម៉ូស្គូ ហើយប្រទេសចំនួន ៥ បានប្រឆាំងក្នុងនោះមានប្រទេសរុស្ស៊ី និងក្រុមតូចមួយនៃសម្ព័ន្ធមិត្តរបស់ខ្លួនដែលមាន បេឡារុស្ស ស៊ីរី កូរ៉េខាងជើង និងអេរីទ្រា។ ប្រទេស ៣៥ បានបោះឆ្នោតអនុប្បវាទ ក្នុងនោះមាន ចិន ឥណ្ឌា វៀតណាម និងឡាវ។
កងទ័ពរុស្ស៊ីបានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែន តាំងពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកុម្ភៈ។ ទីក្រុងជាច្រើនក្នុងនោះ មានរដ្ឋធានីកៀវផងដែរ ត្រូវបានហ៊ុំព័ទ្ធនឹងរងការបាញ់ផ្លោងជាច្រើន។ អង្គការសហប្រជាជាតិឲ្យដឹងថា មកទល់នឹងពេលនេះ ពលរដ្ឋអ៊ុយក្រែនជាង ១ លាននាក់ បានរត់ភៀសខ្លួនទៅប្រទេសជិតខាងហើយ ហើយបើជម្លោះនេះមិនបញ្ចប់ភ្លាមៗទេ គឺនឹងមានពលរដ្ឋជាច្រើនលាននាក់ទៀត ត្រូវបង្ខំចិត្តរត់ចេញពីអ៊ុយក្រែន។ នេះបើតាមការថ្លែងរបស់លោក Filippo Grandi ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់បន្ថែមថា ប្រទេសជាច្រើននៅក្នុងពិភពលោកកំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាមពីសំណាក់រុស្ស៊ីទៅកាន់អ៊ុយក្រែន។ ដូច្នេះសម្រាប់កម្ពុជាក៏ត្រូវគិតអំពីគោលជំហរឱ្យបានច្បាស់។ លោកបានបន្ថែមថា ដោយមានការស្នើសុំពី ជប៉ុន បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់កម្ពុជាសម្រេចធ្វើជាសហស្ថាបនិកជាមួយនឹងប្រទេសដទៃទៀត។
មេដឹកនាំកម្ពុជាយល់ថា រុស្ស៊ីនឹងមានការខឹងសម្បារ ក៏ប៉ុន្តែជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិនឹងធ្វើសកម្មភាព ហើយត្រូវ «ការពារសច្ចៈធម៌» និងមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ។
លោក ហ៊ុន សែន បន្ថែមថា៖
«សង្ឃឹមថា មិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍របស់កម្ពុជាយើងលើនយោបាយការបរទេសក្នុងនោះ គឺយើងមិនគាំទ្រឱ្យមានការបំបែករដ្ឋនេះ ជាចំណុចទី ១ ។ ឯចំណុចទី ២ គឺយើងមិនគាំទ្រទៅលើការប្រើប្រាស់កម្លាំង និងការត្រៀម ដើម្បីប្រើប្រាស់កម្លាំង ឬគំរាមកំហែងនូវការប្រើប្រាស់កម្លាំង»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសម្តែងការរីករាយ ដែលប្រទេសកម្ពុជានិងសិង្ហបុរី ចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការធ្វើជាសហស្ថាបនិកនៃសេចក្តីសម្រេចនេះ។
សារតាមហ្វេសប៊ុករបស់ស្ថានទូតបានបន្ថែមថា៖
«សេចក្តីសម្រេចនេះត្រូវបានគាំទ្រដោយប្រទេសនៅអាស៊ានភាគច្រើន។ ពិភពលោកកំពុងចាត់វិធានការឱ្យរុស្ស៊ីទទួលខុសត្រូវ»។
គណបក្សសង្គ្រោះជាតិក៏បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីផងដែរ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វីអូអេ កាលពីយប់ថ្ងៃពុធថា៖
«ខ្ញុំជឿថា នៅពេលណាយើងឃើញប្រទេសមួយឈ្លានពានប្រទេសមួយទៀត យើងមិនអាចប្រកាន់ជំហរកណ្តាលទេ។ យើងត្រូវតែថ្កោលទោសប្រទេសដែលឈ្លានពានគេ ហើយយើងត្រូវតែគាំទ្រលើកទឹកចិត្ត បើជួយការពារបាន គឺចូលរួមជួយការពារប្រទេសដែលរងគ្រោះ ហើយយើងកត់សម្គាល់មួយទៀត គឺប្រទេសដែលមានមេដឹកនាំផ្តាច់ការ គឺប្រទេសដែលប្រើអំពើហិង្សាប្រឆាំងប្រជារាស្ត្រខ្លួនឯងផង អំពើហិង្សាប្រឆាំងប្រទេសនៅជុំវិញខ្លួនផង»។
លោក សម រង្ស៊ី ក៏ស្នើឲ្យក្រុមប្រទេសប្រជាធិបតេយ្យក្រោកឈរដើម្បីការពារបណ្តាប្រទេសប្រជាធិបតេយ្យ ហើយលោកក៏សរសើរស្មារតីរបស់ពលរដ្ឋអ៊ុយក្រែន ដែលបានតស៊ូដើម្បីការពារសេរីភាពនិងអធិបតេយ្យភាពរបស់ប្រទេស។
ការចរចារវាងរដ្ឋាភិបាលអ៊ុយក្រែននិងរុស្ស៊ីកំពុងតែដំណើរការជាលើកទីពីរ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអ៊ុយក្រែនទាមទារឲ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ ឲ្យមានកិច្ចព្រមព្រៀងផ្អាកការបាញ់គ្នា និងបើកច្រកមនុស្សធម៌សម្រាប់ពលរដ្ឋស៊ីវិល ដែលរត់ភៀសខ្លួនចេញពីតំបន់ជម្លោះ។ នេះបើតាមការបញ្ជាក់របស់លោក Mykhailo Podoliyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានបង្ហោះតាមបណ្តាញធ្វីតថឺ៕