ពលរដ្ឋ​កូរ៉េខាង​ត្បូង​ខ្វែង​គំនិត​គ្នាអំពី​ការ​ដាក់​បញ្ចូល​ក្រុម​កីឡា ​ហុកគី​ ផ្នែក​ស្ត្រី​រវាង​កូរ៉េ​ទាំង​ពីរ

  • Brian Padden

U.S. President Joe Biden delivers the Memorial Day speech during the National Memorial Day observance at Arlington National Cemetery in Arlington, Virginia.

ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ចំនួន​៨០​ភាគរយ​បាន​ស្វាគមន៍​ការ​ចូល​រួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ត្រជាក់ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ នៅពេល​ខាង​មុខ​នេះ។​ ក៏ប៉ុន្តែ ​ពួកគេ​មាន​ការ​ស្ទាក់​ស្ទើរ​អំពី​ការ​បញ្ចូល​ក្រុម​កីឡាការនី​ ហុកគី​ វិញ្ញាសារ​ស្ត្រី​របស់​កូរ៉េខាង​ជើង​ជាមួយ​ក្រុម​កីឡាការនី​របស់​កូរ៉េ​ខាង​ត្បូង។

សាធារណជន​កូរ៉េខាង​ត្បូង​ជាទូទៅ​គាំទ្រ​ការ​ចូល​រួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​នៅ​ពេល​ខាងមុខ​នេះ​ ដោយ​អះអាង​ថា​ជាមធ្យោបាយ​មួយ​ដើម្បីធ្វើ​ឲ្យ​រីក​ចម្រើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជិត​ខាង​ដែល​មាន​អាវុធ​នុយ​ក្លេអ៊ែ​រ ក៏ប៉ុន្តែ ​ពួក​គេ​មានការ​ខ្វែង​គំ​និត​គ្នា​អំពីការ​សម្រេច​ដើម្បី​ដាក់​ក្រុម​កីឡា​ករហុកគី​ផ្នែក​ស្ត្រី​បញ្ចូល​គ្នា​ដែល​ពួក​អ្នក​រិះ​គន់​និយាយ​ថា បាន​ដាក់​រឿង​នយោ​បាយ​ពី​លើ​ភាព​យុត្តិធម៌​នៃ​ការ​ប្រកួត។

​យោ​ងតាម​ការ​ស្ទង់​មតិកាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​៨០​ភាគរយ ​បាន​ស្វាគមន៍​ការ​សម្រេច​របស់​កូរ៉េខាង​ជើង​ដើម្បី​បញ្ជូន​គណៈ​ប្រតិភូ​ដ៏​ធំមួយ​ទៅ​កាន់​កីឡា​អូឡាំពិក​ក្រុង​ផឹងឆាង (Pyeong Chang) ឆ្នាំ២០១៨​ក្នុង​ប្រ​ទេស​កូរ៉េខាង​ត្បូង។ ក៏ប៉ុន្តែ ​សាធារណៈ​ជន​ចំនួន​៧០​ភាគរយ​ជំទាស់នឹង​ការ​បង្កើត​ក្រុម​កីឡា​ហុកគី​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​រួម​គ្នា។

លោក ​Lee Hae-jun ​ពលរដ្ឋ​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​ការ​បង្កើត​ក្រុម​កីឡា​បញ្ចូល​គ្នា​នេះ​មិន​មែន​ជា​ការ​ល្អ​ទេ។ វា​ដូចជា​ការ​បង្ហាញ​នូវ​នយោ​បាយ‍»។

ការសម្រេច​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​បន្ថែម​កីឡាការនីកូរ៉េខាង​ជើង​ទៅ​ក្រុម​កីឡា​ហុកគីកូរ៉េ​ខាងត្បូង​ដែល​មាន​លក្ខណៈ​ប្រកួត​គ្រប់​គ្រាន់​រួច​ហើយ​សម្រាប់​កីឡា​នោះ ​ត្រូវ​បានមនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ ជា​ការ​មិន​ត្រឹម​ត្រូវ​ដល់​កីឡាករ​ដែល​ទទួល​បាន​តំណែង​សំខាន់​នៅ​ក្នុង​ក្រុម​នោះ។

លោក​ស្រី Sarah Murray គ្រូ​បង្ហាត់​កីឡា​ហុកគី​របស់​កូរ៉េខាង​ត្បូង​បាន​សម្តែង​នូវ​ក្តី​ព្រួយ​កង្វល់​កាលពី​ដំបូង​ថា ការណ៍​នេះ​អាច​ឲ្យ​ក្រុម​កីឡា​គ្មាន​ប្រៀប​នៅ​ក្នុង​ការ​ប្រកួត។

លោកស្រី ​Murray ​បាន​និយាយ​ថា៖«ការ​បន្ថែម​កីឡាករ​ជិត​ដល់​ថ្ងៃ​ប្រកួត​កីឡា​អូឡាំ​ពិក​ជា​ការ​គ្រោះ​ថ្នាក់​បន្តិច​ ដូចជា​សារធាតុ​គីមី​អញ្ចឹង ​ពីព្រោះ​តែកីឡាការនី​នោះ​បាន​ស្ថិត​នៅ​ជាមួយ​គ្នា​ជា​យូរ​ណាស់​មក​ហើយ‍»។

គណៈ​កម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ ​និង​គណៈ​កម្មាធិការ​កីឡា​អូឡាំពិក​ជាតិ​របស់​កូរ៉េ​ទាំង​២​ត្រូវ​តែ​យល់​ព្រម​ដល់​ការ​បញ្ចូល​គ្នា​របស់​ក្រុម​កីឡា​ហុកគី​ផ្នែក​ស្រ្តី​នេះ​មុន​ពេល​ការ​ផ្លាស់​ប្តូរ​បញ្ជី​ឈ្មោះអាច​ត្រូវ​ធ្វើ​ឡើង។

ក៏ប៉ុន្តែ ​សម្រាប់​លោក​ Moon Jae-in​ ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​វិញ គោល​ដៅ​ធំ​សម្រាប់​កីឡា​អូឡាំពិក​នេះ​គឺ​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​សន្តិភាព​ហើយ​នៅ​ទី​បញ្ចប់​គឺ​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​ លោក គីម ជុង​អ៊ុន​ ដែល​ឯកកោ​និង​ជិះ​ជាន់​សង្កត់​សង្កិន។

លោក ​Moon ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ខណៈ​ដែល​បំពេញ​ទស្សនកិច្ច​ទី​កន្លែង​កីឡា​អូឡាំពិក​ក្រុង​ផឹងឆាង (Pyeong Chang) នៅ​សប្តាហ៍​នេះ​បាន​និយាយ​ថា៖

«ប្រសិន​បើ ​កូរ៉េខាង​ត្បូង​និង​ខាង​ជើង​បង្កើត​ក្រុម​កីឡា​ករ​រួម​គ្នា​មួយ​ហើយ​ចូល រួម​ក្នុងការ​ប្រ​កួតកីឡា​អូឡាំពិក ខ្ញុំ​គិតថា ​ការណ៍​នេះ​នឹង​ក្លាយ​ព្រឹត្តិការ​ប្រវត្តិសាស្រ្ត​មួយ។ មិន​ត្រឹម​តែ​ប្រជា​ពលរដ្ឋ​កូរ៉េទាំង២​ទេ ​ក៏ប៉ុន្តែ ប្រជា​ពលរដ្ឋ​ពិភព​លោក​ទាំង​មូល​នឹង​បាន​ឃើញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​បែប​នេះ ហើយ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​ចាប់​ផ្តើម​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរ​កូរ៉េ‍»។

ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ​ជន​ជាតិ​កូរ៉េខាង​ត្បូង​ភាគ​ច្រើន​មិន​យល់​ស្របពីការ​ដាក់​បញ្ចូល​នយោបាយ​នៅ​ក្នុង​កីឡា ​អ្នក​ខ្លះ​និយាយ​ថា ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិភាពគឺ​ជា​រង្វាន់​ ប្រសើរ​ជាងបាន​មេដាយ​មាស។

លោក​ Kim Joo-wook​ អ្នក​ក្រុង​សេអ៊ូល​បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា ​ពួកគេ​អាច​លះ​បង់ដើម្បី​អនាគត​ប្រសើរ​មួយ ​ហើយ​ប្រសិន​បើ​យើង​អាច​រស់​នៅ​ដោយ​សន្តិភាព​ជាមួយ​កូរ៉េខាង​ជើង​នោះ​ មិន​មាន​អ្វី​ប្រសើរ​ជាង​នេះ​ទេ‍»។

​តាំង​ពី​ចូល​កាន់​តំណែងនៅ​ខែ​ឧសភា ឆ្នាំ​២០១៧​មក ​មេដឹកនាំ​សេរីនិយម​ក្នុង​ក្រុងសេអ៊ូលបាន​ព្យាយាម​គាំទ្រប្រកប​ដោយ​តុល្យភាព​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​មួយ​ដល់កូរ៉េខា​ជើង​ដោយ​ការ​បង្កើន​ការ​ទាក់​ទង​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ លោក គីម ជុង​អ៊ុន​ ឲ្យ​ចូលរួម​ក្នុងការ​ចរចា​ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ ​និង​កម្មវិធី​កាំ​ជ្រួច​មីស៊ីល​របស់​ខ្លួន។

​ក្នុង​អំឡុង​នៃការ​ចរចា​អន្តរ​កូរ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​សុខ​ចិត្ត​ទទួល​យក​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក ​ហើយ​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ធ្វើ​ការ​ចរចា​ខាង​យោធា​បន្ថែម​ទៀត​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​យោធា​យ៉ាង​ខ្លាំង​មួយ។

ក្រៅ​ពី​ការ​ដាក់​បញ្ចូល​ក្រុម​កីឡាករ​ហុកគី​ផ្នែក​ស្ត្រី​នេះ នៅ​សប្តាហ៍​នេះ ​ភាគី​ទាំង​២​ថែម​ទាំងបាន​ធ្វើ​ការ​ងារ​លម្អិត​បន្ថែម​ទៀត​ចំពោះ​គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង​ដែល​មាន​សមា​ជិក​៤​រយ​នាក់​ដែល​មាន​ផែនការ​ទៅចូល​រួម​កីឡា​អូឡាំពិក​នៅ​ប្រទេស​កូរ៉េខាង​ត្បូង។

អត្ថពលលិក​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​នឹង​ដើរ​ជាមួយ​គ្នា​នៅ​ក្រោម​ទង់​ជាតិ​កូរ៉េ​រួប​រួម​គ្នា​ពិសេស​មួយ​ក្នុង​អំឡុង​ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក។

កូរ៉េខាង​ជើង​នឹង​បញ្ជូន​ក្រុម​ស្រែក​គាំទ្រ​លើក​ទឹក​ចិត្ត​ដែល​មាន​សមាជិក​ប្រហែល​២៣០​នាក់ដើម្បីគាំទ្រ​ទាំង​ក្រុម​កីឡា​ករកូរ៉េខាងត្បូង​និង​ខាង​ជើង។

កូរ៉េខាង​ជើង​នឹង​បញ្ជូន​ក្រុម​កីឡាតៃ​ក្វាន់ដូ​ដែល​មាន​សមាជិក​៣០​នាក់​និង​វង់​តន្ត្រី​ដ៏​ធំមួយ​ដែល​នឹង​សម្តែង​នៅ​ក្នុងតំបន់​ផឹង​ឆាង (Pyeong Chang) ​និង​ទីក្រុង​សេអ៊ូល។ កូរ៉េ​ខាង​ជើង​ក៏​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ពិការ​ដែល​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកួត​កីឡា​រដូវ​រងា។

ហើយ​អ្នក​លេង​កីឡា​រំអិល​លើ​ទឹក​កក​មក​ពី​ប្រទេស​ទាំង​២​នឹង​ហ្វឹក​ហាត់​នៅ​កន្លែង​លំហែ​កាយ​ភ្នំ​ Kumgang ​របស់​ប្រទេស​កូរ៉េខាង​ជើង​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន