ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​នៅ​កាណាដា​ផ្ដោត​លើ​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ​និង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កាណាដា Chrystia Freeland ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមាន​សភា Parliament Hill ក្នុង​ក្រុង Ottawa ខេត្ត Ontario កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ​និង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កាណាដា Chrystia Freeland ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមាន​សភា Parliament Hill ក្នុង​ក្រុង Ottawa ខេត្ត Ontario កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា ដោយ​ផ្ដោត​លើ​ការ​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson និង​រដ្ឋមន្ត្រី​ការបរទេស​កាណាដា​លោកស្រី Chrystia Freeland នឹង​ដឹកនាំ​កិច្ច​ប្រជុំ​នេះ​ដែល​មាន​មន្ត្រី​មក​ពី​ប្រទេស​ប្រហែល ២០ ប្រទេស​ចូលរួម ដើម្បី​ពិនិត្យ​មើល​ថា​តើ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​នូវ​ការ​ដាក់​ទណ្ឌកម្ម និង​ការ​រារាំង​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​គេចវេះ​ពី​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​របស់​អង្គការ​សហប្រជាជាតិ។

លោក Brian Hook នាយក​រៀបចំ​គម្រោង​គោល​នយោបាយ​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​នៅ​មុន​កិច្ច​ប្រជុំ​នេះ​ចាប់ផ្ដើម​ថា មេដឹកនាំ​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ចង់​បង្ហាញ​ថា មាន​ដំណោះស្រាយ​បែប​ការទូត​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​នេះ។ ចំណែក​ឯ មន្ត្រី​ម្នាក់​ទៀត​បាន​និយាយ​ថា កិច្ច​ប្រជុំ​នេះ​នឹង​មិន​ពិភាក្សា​អំពី​ជម្រើស​យោធា​នោះ​ទេ។

កូរ៉េ​ខាង​ជើង​បាន​ប្រឆាំង​នឹង​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ដែល​ចង់​ឲ្យ​ប្រទេស​នេះ​ឈប់​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ស្នើ​ឡើង​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​មួយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រាប់​លោក Trump តាម​ទូរស័ព្ទ​ថា ត្រូវតែ​មាន​កិច្ច​ប្រឹងប្រែង​ដើម្បី​រក្សា​កម្លាំង​ជំរុញ​វិវឌ្ឍ​ទៅ​មុខ​នេះ​ឲ្យ​នៅ​ដដែល។

ប្រទេស​ចិន និង​រុស្ស៊ី​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។ ប្រទេស​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​រួម​បញ្ចូល​បណ្ដា​ប្រទេស​ដែល​គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​រវាង​ឆ្នាំ ១៩៥០ និង​ឆ្នាំ ១៩៥៣ ក៏​ដូចជា​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៕

XS
SM
MD
LG