ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​និង​ខាង​ត្បូង​នឹង​ដង្ហែរ​ក្បួន​ក្រោម​ទង់ជាតិ​រួបរួម​គ្នា​នៅ​ក្នុង​ការ​ប្រកួត​កីឡា អូឡាំពិក​ រដូវ​រងា


ប្រធាន​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ចាប់​ដៃ​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ភូមិ Panmunjom កាលពី​ថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០១៨។
ប្រធាន​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ចាប់​ដៃ​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ភូមិ Panmunjom កាលពី​ថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០១៨។

កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​នឹង​រួម​គ្នាបង្កើត​ក្រុម​កីឡា hockey លើ​ទឹកកក​ផ្នែក​ស្ត្រី​ ដើម្បី​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​កីឡា អូឡាំពិក​ រដូវ​រងា​ដែល​នឹង​មក​ដល់​ ហើយ​ពួកគេ​ក៏​នឹង​ដើរ​ដង្ហែរ​ក្បួន​ក្រោម​ទង់ជាតិរួបរួមគ្នា​មួយ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​នោះ​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ប្រទេស​ទាំងពីរ​កាល​ពី​ថ្ងៃ​ពុធ។ ​

ការ​សម្រេច​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ហៅ​ថា ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ គឺ​ជា​លទ្ធផល​នៃ​សំណើ​របស់​កូរ៉េខាងត្បូង​កាល​ពី​មួយ​សប្តាហ៍​មុន​ ដើម្បី​បង្កើត​ក្រុម​កីឡាករ​រួម​គ្នា​នេះ ក្រោយ​ពី​កូរ៉េខាងជើង​បាន​យល់​ព្រម​នឹង​ចូលរួម​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​ ដែល​ប្រារព្ធ​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ទេ​កាល​ពី​ឆ្នាំ​១៩៨៨។

កីឡា​អូឡាំពិក​សម្រាប់​រដូវ​រងា​លើក​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ក្នុង​ទីក្រុង ព្យុងចាង ប្រទេស​កូរ៉េខាងត្បូង។

ប្រទេស​ដែល​ជា​គូ​សត្រូវ​នឹង​គ្នា​ទាំងពីរ​នេះ​ធ្លាប់​បង្កើត​ក្រុម​កីឡា​រួម​គ្នា​តែ​ពីរ​ដង​ប៉ុណ្ណោះ​ គឺ​ក្នុង​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​កីឡា​បាល់ទាត់​និង​កីឡា table-tennis។ ការ​ចរចា​គ្នា​កាល​ពី​លើក​មុន​ដើម្បី​បញ្ជូន​ក្រុម​កីឡាករ​រួម​គ្នា​ទៅ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ​នេះ នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ប្រទេស​ស្វ៊ីស ដើម្បី​ពិភាក្សា​លម្អិត​អំពី​ក្រុម​កីឡា​ដែល​រួម​គ្នា​នេះ ក៏​ដូចជា​ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ប្រកួត​កីឡា​នេះ​ផង​ដែរ៕

XS
SM
MD
LG