មន្រ្តីសហរដ្ឋអាមេរិកជជែកឲ្យហេតុផលថា រាល់ប្រាក់ដុល្លារ ប្រាក់ Randនិងប្រាក់ហ្វ្រង់ដែលហូរចូលក្នុងប្រទេសកូរ៉េខាងជើងបានត្រូវយកទៅប្រើប្រាស់ដើម្បីធ្វើឲ្យរីកចម្រើនដល់កម្មវិធីអាវុធនុយក្លែអ៊ែរដែលទទួលការថ្កោលទោសពីអន្តរជាតិ។
នៅពេលដែលការតានតឹងបានឡើងកំដៅយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកាត់ផ្តាច់ប្រភពចំណូលរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាងដែលខ្លួនអាចធ្វើបាន។
អង្គការសហប្រជាជាតិបានស៊ើបអង្កេតប្រទេសយ៉ាងហោចណាស់ក៏៧ដែរចំពោះការមិនអើពើការដាក់ទណ្ឌកម្មអន្តរជាតិដោយការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ប្រទេសនៅតំបន់អាស៊ីនេះមានស្ថានទូតចំនួន៨នៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ហើយនឹងមានការទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសយ៉ាងហោចណាស់ក៏១១ដែរនៅទ្វីបអាហ្វ្រិក។
លោក Mark Lambert អនុតំណាងពិសេសសម្រាប់គោលនយោបាយកូរ៉េខាងជើងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកមានសារយ៉ាងច្បាស់ដល់ប្រទេសនានានៅទ្វីបអាហ្វ្រិកនិងប្រទេសកូរ៉េខាងជើង។លោក Mark Lambert បានថ្លែងថា៖ «យើងចង់ធ្វើការជាមួយពួកគេដើម្បីបញ្ជូនសារយ៉ាងច្បាស់២ទៅឲ្យប្រទេសកូរ៉េខាងជើង។ ទី១ សហគមន៍អន្តរជាតិបានរួបរួមគ្នាហើយបាននិយាយថា គេនឹងមិនអាចសុខចិត្តទទួលយកកូរ៉េខាងជើងជាមហាអំណាចអាវុធនុយក្លែអ៊ែរហើយយើងនឹងដាក់សម្ពាធកាន់តែខ្លាំងឡើងលើកូរ៉េខាងជើងរហូតទាល់តែប្រទេសនេះវិលត្រឡប់ទៅកាន់តុចរចាវិញ។ ទី២ យើងចង់ធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់ប្រជាពលរដ្ឋកូរ៉េខាងជើងនិងមេដឹកនាំកូរ៉េខាងជើងថា មានអនាគតប្រសើរឡើង ប្រសិនបើ កូរ៉េខាងជើងវិលត្រឡប់មកកាន់ការចរចាវិញ យើងអាចធ្វើការជាមួយកូរ៉េខាងជើងដើម្បីជួយប្រទេសនេះអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនហើយនឹងធ្វើឲ្យជីវភាពរបស់ពលរដ្ឋប្រសើរឡើង»។
ពួកមន្រ្តីបានទទួលស្គាល់ថា ពាណិជ្ជកម្មរវាងទ្វីបអាហ្វ្រិកនិងកូរ៉េខាងជើងមានទ្រង់ទ្រាយតូច។ ចិននិងរុស្ស៊ីជាដៃគូពាណិជ្ជកម្មធំជាងជាមួយកូរ៉េខាងជើង ក៏ ប៉ុន្តែ លោកស្រី Sandra Oudkirk មន្រ្តីជាន់ខ្ពស់ប្រឆាំងភេរវកម្មនៅការិយាល័យសេដ្ឋកិច្ចរបស់ក្រសួងការបរទេសអាមេរិកនិយាយថា រាល់ប្រាក់ទាំងអស់មានសារៈសំខាន់។លោកស្រី Sandra Oudkirk និយាយថា៖ «ក្នុងករណីខ្លះ មិនថាតើពួកគេជាមន្រ្តីរដ្ឋាភិបាលឬអ្នកវិភាគខាងក្រៅទេ នឹងពិនិត្យចំនួនហើយនិយាយ ថា ហេ! ប្រាក់នេះប្រាកដជាចំនួនតិចមែន។ ក៏ប៉ុន្តែ ការពិតនោះគឺថា ការគំរាមកំហែងរបស់កូរ៉េខាងជើងទៅលើសហរដ្ឋអាមេរិក មានលក្ខណៈខុសការគំរាមកំហែងផ្សេងៗ ហើយយើងចាំបាច់ធ្វើឲ្យប្រាកដថា មិនមានលំហូរពាណិជ្ជកម្ម មិនមានលំហូរប្រាក់ចំណូល។ ទោះជា ចំនួនប្រាក់នោះតិចបំផុតក៏សំខាន់ដែរ»។
លោក Zachary Donnenfeld ជាអ្នកស្រាវជ្រាវដែលសិក្សាពីទំនាក់ទំនងរវាងកូរ៉េខាងជើងនិងអាហ្រ្វិកនៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខដែលមានទីតាំងនៅក្នុងទីក្រុង Pretoria និយាយថា ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិករក្សាចំណងទាក់ទងជាមួយកូរ៉េខាងជើងពីព្រោះតែកូរ៉េខាងជើងគាំទ្រការតស៊ូក្រោយឯក រាជ្យរបស់ពួកគេ ហើយពីព្រោះតែការរឹតត្បិតពាណិជ្ជកម្មនោះកូរ៉េខាងជើងផ្តល់ការធ្វើពាណិជ្ជកម្មដ៏ល្អ។ លោកក៏និយាយដែរថា សហរដ្ឋអាមេរិកអាចប្រឈមការលំបាកខាងការទូតបន្ទាប់ពីការអត្ថាធិប្បាយដ៏ចម្រូងចម្រាស់ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនដោយប្រធានាធិបតីដូណាល់ ត្រាំអំពីប្រទេសហៃទីនិងប្រទេសអាហ្វ្រិកផ្សេងៗទៀត។ លោកZachary Donnenfeldបាននិយាយថា៖ «ប្រសិនបើ រដ្ឋបាលរបស់ប្រធានាធិបតីត្រាំទទួលបានជោគជ័យក្នុង ការខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើនការដាក់ទណ្ឌកម្ម រដ្ឋបាលរបស់លោកត្រាំនឹងត្រូវការការគាំទ្រពីរដ្ឋាភិបាលអាហ្វ្រិក។ ហើយ ដោយមានព្រឹត្តិការណ៍និងអត្ថាធិប្បាយកាលពីពេលថ្មីៗនេះ ចំពោះខ្ញុំនៅមិនទាន់ដឹងច្បាស់ថាតើរដ្ឋាភិបាលអាហ្វ្រិកមានឆន្ទៈបោះបង់ចោលប្រភពធនធានធម្មជាតិថោកនិងអាវុធសម្រាប់ប្រទេសដែលបណ្តុះបង្អាប់ពួកគេ។
លោក Daragh Neville អ្នកវិភាគអង្គការ Chatham House សិក្សាពីទំនាក់ទំនងខាងការទូតរវាងតំបន់អាហ្វ្រិកនិងប្រទេសផ្សេងៗទៀតរបស់ពិភពលោក។ លោកកត់សម្គាល់ថា គំនាបលើប្រទេសនានានៅទ្វីបអាហ្រ្វិកឲ្យទម្លាក់ប្រទេសកូរ៉េខាងជើងចោលក៏នឹងកើតមានឡើងមកពីប្រទេសផ្សេងទៀតដែរ រួមមានប្រទេសកូរ៉េខាងត្បូងផង។ លោក Daragh Neville ជាអ្នកវិភាគនៃអង្គការ Chatham House និយាយថា៖ «កូរ៉េខាងត្បូងបានចាប់ផ្តើមទាក់ទងជាមួយទ្វីបអាហ្វ្រិកឡើងវិញ។ ពួកគេបានរៀបចំវេទិកាសម្រាប់ទ្វីបនោះមួយចំនួនដូចជា វេទិកាកូរ៉េ-អាហ្វ្រិកនិងវេទិកាសេដ្ឋកិច្ចកូរ៉េ-អាហ្វ្រិក។ ពួកគេបានចាប់ផ្តើមបើកស្ថានទូតកាន់តែច្រើនឡើងនៅក្នុងទ្វីបអាហ្វ្រិក ហើយកាលពីឆ្នាំទៅ ពួកគេបានចាប់ផ្តើមកម្មវិធីជំនួយថ្មីមួយសម្រាប់ទ្វីបអាហ្វ្រិក»។
VOA បានហៅទូរសព្ទស្ថានទូតកូរ៉េខាងជើងនៅក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងដើម្បីស្វះស្វែងរកអត្ថាធិប្បាយ។ ពួកគេមិនឆ្លើយទូរសព្ទរបស់យើងទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន