ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កាលពីថ្ងៃចន្ទ បានអនុម័តកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ ដែលបើកផ្លូវឱ្យមានការលប់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran) នៅពេលដែលមានការដាក់កម្រិតលើកម្មវិធីអភិវឌ្ឍន៍បរមាណូរបស់រដ្ឋាភិបាលនេះ។
ក្រុមអ្នកតំណាងនៃប្រទេសទាំងអស់១៥ដែលជាសមាជិកនៃក្រុមប្រឹក្សានេះបានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដែលសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សានេះគឺស.រ.អា. ប្រទេសអង់គ្លេស បារាំង រុស្សី ចិននិងប្រទេសអាល្លឺម៉ង់បានធ្វើការចរចាជាមួយប្រទេសអ៊ីរ៉ង់។
ដោយសន្មតថា ប្រទេសអ៊ីរ៉ង់ធ្វើតាមកិច្ចព្រមព្រៀងនេះ សេចក្តីសម្រេចចិត្តអ.ស.ប.ដែលត្រូវបានអនុម័ត អំពាវនាវឱ្យមានការបញ្ចប់ជាយថាហេតុនូវការដាក់ទណ្ឌកម្ម៧ឈុតដែលត្រូវបានអនុម័តចាប់តាំងពីឆ្នាំ២០០៦ ដើម្បីបង្ខិតបង្ខំប្រទេសអ៊ីរ៉ង់ឱ្យបញ្ឈប់អ្វីដែលអ.ស.ប.និងពួកបស្ចឹមប្រទេសយល់ថា ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការអភិវឌ្ឍន៍អាវុធបរមាណូ។រដ្ឋាភិបាលក្រុងតេហេរ៉ង់ តែងតែនិយាយជានិច្ចថា កម្មវិធីបរមាណូរបស់ខ្លួនមានគោលដៅសន្តិភាព។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានប្រគល់ភារៈឱ្យអង្គការឃ្លាំមើលខាងបរមាណូរបស់ខ្លួនគឺទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដែលហៅកាត់ថា IAEA ឱ្យ«ធ្វើការផ្ទៀងផ្ទាត់ជាចាំបាច់និងឃ្លាំមើលអំពីការប្តេជ្ញាខាងបរមាណូរបស់ប្រទេសអ៊ីរ៉ង់» ហើយអំពាវនាវដល់អ៊ីរ៉ង់ឱ្យ«ធ្វើកិច្ចសហប្រតិបត្តិការពេញលេញ»ជាមួយទីភ្នាក់ងារ IAEA ផងដែរ៕