ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ថ្លែង​ថា ​កិច្ច​ព្រម​ព្រៀង​អាវុធ​បរមាណូ​ឈាន​ដល់​ចំណុច​វែង​ឆ្ងាយ​ជាង​​ពេល​មុនៗ


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ឆ្លើយ​សំណួរ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​បន្ទប់​ East Room នៃ​សេតវិមាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ នា​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ឆ្លើយ​សំណួរ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​បន្ទប់​ East Room នៃ​សេតវិមាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ នា​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ក្នុង​សប្តាហ៍​កន្លង​ទៅនេះ​ ដើម្បី​បញ្ឈប់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​បង្កើត​អាវុធ​បរមាណូ​គឺ​ មាន​លទ្ធផល​ «ល្អជាង​អ្វី​ដែល​គេ​ធ្លាប់​ទទួល​បាន​ក្នុង​ពេល​កន្លង​មក‍»​។​

នៅក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​កាលពីថ្ងៃ​សៅរ៍​ លោក​អូបាម៉ា​បាន​និយាយ​ថា​ប្រទេស​អ៊ីរ៉ង់​មិន​អាច​បន្លំ​លើ​កិច្ច​ព្រមព្រៀង​នោះ​បាន​ទេ ​ដោយ​សារ​តែ​ដំណើរការ​ផ្ទៀងផ្ទាត់​ត្រូវ​បាន​គេ​បង្កើត​ឡើង ​«យ៉ាង​ទូលំទូលាយ‍»​និង ​«អាច​ចូល​ឆែកឆេរ​មើល​បាន‍»។ លោក​មាន​ប្រសាសន៍​ទៀត​ថា​ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់​ងាក​បែរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​គឺ​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​រឹតត្បិត​សេដ្ឋកិច្ច​អ៊ីរ៉ង់​ជាយូរមកហើយ​នោះ​នឹង​ត្រូវ​ដាក់​ចូលមក​វិញ។ កិច្ចព្រម​ព្រៀង​នោះ​ក៏​តម្រូវ​ឲ្យប្រទេស​អ៊ីរ៉ង់​ដឹក​សម្ភារៈ​សម្រាប់​ផលិត​ជាតិ​បរមាណូ​៩៨​ភាគរយ​ចេញ​ពី​ប្រទេស​នេះ​ផង​ដែរ។ ​

លោក​បន្ថែម​ថា ​បើ​សិន​ជាគ្មាន​កិច្ច​ព្រមព្រៀងគ្នា​នេះ​ទេ​ ពិភពលោក​ទាំងមូល​អាច​ប្រថុយ​គ្រោះ​ថ្នាក់​នឹង​ការ​ធ្វើ​សង្គ្រាម​មួយ​ទៀត​នៅ​ក្នុង​តំបន់​មួយ​ ដែល​ងាយ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ពិភពលោក។​

នៅ​ថ្ងៃសៅរ៍​នេះ​ដែរ​ មេដឹកនាំ​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ Ayatollah Khamenei ​ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​ផ្ទាល់​ខ្លួន​ដែរ​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ លោក​បាន​ប្រាប់​ដល់​ក្រុម​ពលរដ្ឋ​អ៊ីរ៉ង់ ដែល​មកសូត្រ​ធម៌​នៅ​ឯ​ពិធី​ Eid al-Fitr ​ក្នុងទីក្រុង​តេអេរ៉ង់​ថា ​កិច្ច​ព្រម​ព្រៀង​បរមាណូជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​ក្រុម​សម្ព័ន្ធ​មិត្ត​នេះ​មិនមែន​មាន​ន័យ​ថា ជា​សញ្ញានៃ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ដទៃ​ទៀត​ទេ។​

លោក​ខាមេនី​ បាន​ថ្លែង​សារ​នេះ​តាម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ពលរដ្ឋ​អ៊ីរ៉ង់​ក្នុង​ពេល​ដែល​ប្រជាជាតិ​ទាំងមូលកំពុង​ប្រារព្ធ​ការ​បញ្ចប់​ខែ​កាន់​បួស​រ៉ាម៉ាដាន់៕

XS
SM
MD
LG