លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry នឹងខិតខំប្រឹងប្រែងធ្វើឲ្យសាធារណជនអាមេរិកាំង «ជឿ» លើកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ ដោយលោកចេញបង្ហាញខ្លួនក្នុងកម្មវិធីសម្ភាសន៍តាមទូរទស្សន៍អាមេរិកាំងធំៗចំនួនប្រាំ។
កិច្ចព្រមព្រៀងនេះ ដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់ឈប់អភិវឌ្ឍអាវុធបរមាណូមានឡើង បន្ទាប់ពីកិច្ចចរចាគ្នាយ៉ាងខ្លាំងជាច្រើនខែរវាងប្រទេសអ៊ីរ៉ង់ និងពួកប្រទេសមហាអំណចពិភពលោកទាំង៦។ នៅពេលនេះ អ្នកការទូតកំពូលស.រ.អារូបនេះប៉ុនប៉ងនិយាយបញ្ចុះបញ្ចូលជនរួមជាតិរបស់លោកឲ្យជឿថា កិច្ចព្រមព្រៀងនេះជាការល្អតាមការពិតជាក់ស្តែង។
ក្រុមអ្នកនយោបាយខ្លះខាងគណបក្សសាធារណរដ្ឋ និងក្រុមបេក្ខជនប្រធានាធិបតីខ្លះរបស់គណបក្សនោះបានរិះគន់ខ្លាំងដល់កិច្ចព្រមព្រៀងនេះហើយបានសន្យាថានឹងប្រឆាំង ដោយធ្វើឲ្យកិច្ចព្រមព្រៀងនេះគ្មានដំណើរការនៅក្នុងការបោះឆ្នោតនៅក្នុងសភាអំពីកិច្ចព្រមព្រៀងនេះ។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានសន្យាថា នឹងវ៉េតូដល់ការប៉ុនប៉ងណាមួយរបស់សភាដើម្បីធ្វើមិនឲ្យសម្រេចការផ្តើមគំនិតនេះ។
លោកអូបាម៉ាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ«ចាត់វិធានការច្រើនជាងនរណាម្នាក់បានធ្វើពីពេលមុន» ក្នុងការរារាំងប្រទេសអ៊ីរ៉ង់មិនឲ្យមានអាវុធបរមាណូ។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោក លោកអូបាម៉ាបានមានប្រសាសន៍ថាប្រទេសអ៊ីរ៉ង់មិនអាចបន្លំកិច្ចព្រមព្រៀងនេះបានទេ ពីព្រោះដំណើរការផ្ទៀងផ្ទាត់ដែលកិច្ចព្រមព្រៀងនេះបានកំណត់ «មានភាពទូលំទូលាយ» និង«មានអធិការកិច្ចនៅក្នុងប្រទេសអ៊ីរ៉ងតែម្តង»៕