ក្រុម​សិទ្ធិមនុស្ស​រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ផ្ដោត​លើ​ការ​វិនិយោគ​និង​សិទ្ធិ​មនុស្ស

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​និង​សហជីព​កម្មករ​លើក​ឡើង​ថា​ បញ្ហា​ការ​​វិនិយោគ​ទុន​របស់​ជនជាតិ​ចិន​និង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ អាច​នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​ដំណើរ​​ទស្សនកិច្ច​រយៈពេល​១១ថ្ងៃ​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ចង់​ឃើញ​ អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គ​សហប្រជាជាតិ​(អ.ស.​ប.)​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផ្ដោត​លើ​បញ្ហា​រសើប​ ​និង​សំខាន់ៗ​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ និង​កំណែទម្រង់​ក្នុង​វិស័យ​យុត្តិធម៌។​

​ការ​លើកឡើង​នេះធ្វើឡើង​ ខណៈ​ដែល​អ្នក​ជំនាញ​ការ​ពិសេស​របស់​ ​អ.ស.ប.​ រូប​នេះ បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាទី​ដែល​អ្នកស្រី​គ្រោង​នឹង​ជួបពិភាក្សា​ជា​មួយ​មន្ត្រី​របស់​រដ្ឋាភិបាល​ ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​តំណាង​អង្គទូត​នានា​នៅ​ក្នុង​ប្រទេស​នេះ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អ.ស.​ប.ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​នៃ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​អ្នកស្រី​ ស្មីត​ នឹង​នៅ​តែ​ផ្ដោត​ជា​សំខាន់​លើ​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោយពី​គណបក្ស​ប្រឆាំង​ធំ​មួយ​ត្រូវ​បាន​គេ​ផាត់​ចេញ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ កន្លងទៅ។​ ​

ក្នុង​បរិបថ​ដែល​វត្តមាន​ការវិនិយោគ​ទុន​ចិន​កាន់​តែ​ហូរ​ច្រើន​ចូល​ក្នុង​ប្រទេស​កម្ពុជា​នោះ​ លោក​ថា​ អ្នកស្រី ​ស្មីត​ ក៏​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ និង​វិនិយោគទុនចិន​នៅ​កម្ពុជា​ផង​ដែរ។

«ហើយ​មួយ​ទៀត​ ក៏​ផ្ដោត​ ផ្ដោត​ទៅលើ​ ការ​វិនិយោគ​ផ្សារភ្ជាប់ នឹង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ​ ពីព្រោះ​ កម្ពុជា​យើង​ឃើញ​ថា ការ​វិនិយោគ​កំពុង​មាន​ ការ​សន្ទុះ​ខ្លាំង​ជាពិសេស​គឺ​វិនិយោគ​ពី​ប្រទេស​ចិន​ ហើយ​យើង​ដឹង​ហើយ​ថា​ ការ​វិនិយោគ​ប្រទេស​ចិន​ វា​ខុស​ពី​ការ​វិនិយោគ​របស់​ប្រទេស​លោក​ខាង​លិច។ លោក​ខាង​លិច​ លោក​សេរី​ អ៊ីចឹង​គឺ​វា​មាន​ការ​ប៉ះពាល់​ទៅ​ដល់​បញ្ហា​នៃ​សិទ្ធិមនុស្ស​ និង​នេះ​គឺជា​គោលការណ៍​សំខាន់»។​

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ លើកឡើង​បន្ត​ថា​ លោក​ចង់​ឃើញ​អ្នកស្រី​ ស្មីត​ លើក​យក​ការ​បន្ត​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ នៅ​ពេល​អ្នកស្រី​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះ​ ជាពិសេស​គឺ​ការ​កែ​ទម្រង់​ស្ថាប័ន​តុលាការ​ ដែល​អាច​ធានា​បាន​នូវ​នីតិរដ្ឋ​ និង​ការ​វិនិយោគ​មួយ​ដែល​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​បង្ការ​ផល​ប៉ះពាល់​លើ​សង្គម។

ចំណែក​លោក​ ​រ៉ុង ឈុន​ ​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ យល់​ថា​ អ្នកស្រី​ ស្មីត​ អាច​នឹង​លើក​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ ក្នុង​ពេល​កម្ពុជា​ ​កំពុង​មាន​បញ្ហា​រកាំរកូស​ជាមួយ​សហភាព​អឺរ៉ុប​ ​ទាក់​ទិន​ការ​ធ្លាក់​ចុះ​នូវ​លំហ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

​លោក​មាន​ប្រសាសន៍ថា​ ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ដែល​គេ​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ថា​ ​EBA ​នោះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា។​ ​

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ ​នៅ​មិន​ទាន់​ហួសពេល​នៅ​ឡើយ​ ​ក្នុង​ការ​រក​ច្រក​ចេញ​ ​ដើម្បី​រក្សា​ទុក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ ​ដែល​មាន​ការ​ទ្រទ្រង់​យ៉ាង​សំខាន់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ។​

«ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ មិន​ទាន់​ហួស​ពេល​ទេ។ យើង​អាច​ពិនិត្យ​មើល​ ​ហើយ​និង​រក​វិធី​រក​ច្រក​ចេញ​បាន​ បើ​សិន​ជា​មាន​ឆន្ទៈ​ ​តម្កល់​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ ​ក៏​ដូច​ជា​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ជា​ធំ»។

រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​( ឡេង ឡែន/VOA)

សេចក្ដី​ប្រកាស​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា​ ​អ្នកស្រី ​ស្មីត​ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២៩ តុលា​ ដល់​ថ្ងៃ​ទី​៨​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។​ ​អ្នក​ជំនាញ​រូប​នេះ នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ ដោយ​មាន​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដើម្បី​ពិភាក្សា​អំពី​របក​គំហើញ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី។​ ​សន្និសីទ​ព័ត៌មាន​ ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី៨​ ​ខែ​វិច្ឆិកា​ ​ពោល​គឺ​នៅ​ថ្ងៃ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​របស់​អ្នក​ស្រី​នៅ​កម្ពុជា។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​ថ្លែង​ថា​ ​អ្នកស្រី​ស្មីត​គួរតែ​ដាក់​ខ្លួន​ស្ថិតនៅ​ឲ្យ​ឆ្ងាយ អំពី​បញ្ហា​វិនិយោគ​ទុន​ ​ដែល​លោក​ថា​ មិន​ស្ថិត​ក្នុង​វិសាលភាព​ការងារ​របស់​អ្នកស្រី​ ស្មីត ​នោះ​ទេ។

«ការ​បណ្ដាក់​ទុន​ ​គឺ​ការ​កំណើន​មិន​ត្រឹម​តែ​សេដ្ឋកិច្ច​ទេ​ ​គឺ​កំណើន​ពលកម្ម​ការងារ​របស់​កម្មករ​របស់​យើង​ ​ហើយ​ការងារ​របស់​កម្មករ​របស់​យើង​ស្ថិត​នៅ​...​ក្រោម​ការ​គ្រប់គ្រង​របស់​ច្បាប់​រដ្ឋ​ ច្បាប់​ ​ILO...​អាស្រ័យ​ហេតុ​ដូច្នេះ​ ​គួរតែ​លោកស្រី ​ស្មីត​ ហ្នឹង​ ​បិទមាត់​ទៅ​ ​ទុក​ការងារ​ទុក​ឲ្យ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ​វិញ»។​

​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​ ​បាន​បន្ថែម​ថា​ ​អ្នកស្រី​ ស្មីត មិន​អាច​និយាយ​ពី​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBAនោះ​ទេ​ដោយ​ហេតុ​ថា​ អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​ដែល​នឹង​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ ពាក់​ព័ន្ធ​នឹង​ EBA​ នេះ មិន​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​ លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​បាន​ចូលរួម​ជាមួយ​នឹង​ការ​ជជែក​គ្នា​ពី​រឿង​ EBA​គាត់​លើកឡើង​គ្រាន់តែ​ដើម្បី​ឲ្យ​មាន​តម្លៃ​ខ្លួន​គាត់​ គាត់​គ្មាន​អ្វី​ដែល​ត្រូវ​ពាក់​ព័ន្ធ​នឹង​ EBA​ទេ​បាទ»។ ​

លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉រ​/ VOA)

VOA មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ពាក់ព័ន្ធ​បញ្ហា​វិនិយោគទុន​ចិន​នៅ​កម្ពុជា​បានទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកស្រី​ ស្មីត​ មិនបាន​ឲ្យដឹង​ពី​របៀប​វារៈ​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា​នោះ​ទេ​ តែ​អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​VOA​ ​តាម​សារEmail ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​ក្រសួង​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​អ្នកស្រី​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បានប្រែ​សម្រួល​ជា​ភាសាខ្មែរ​តាម​ន័យ​ដើម​ថា៖​

​«ខ្ញុំ​នឹង​ជួប​ផង​ដែរ​ជាមួយ​តំណាង​នានា​នៃ​សហគមន៍​ការទូត​ និង​ពី​អង្គការ​សង្គម​ស៊ីវិល​ ដែល​កំពុង​ធ្វើការ​លើ​ផ្នែក​សិទ្ធិមនុស្ស​ និង​ជាមួយ​ផលប្រយោជន៍​ជាក់​លាក់​នៃ​បេសកកម្ម​សិទ្ធិមនុស្ស ដែល​នឹង​ផ្ដោត​ជាពិសេស​លើ​សិទ្ធិមនុស្ស​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព»។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​កាល​ពី​ពេល​មុនៗ​មក​នោះ​ អ្នកស្រី ស្មីត ​តែងតែ​បាន​លើក​ឡើង​ពី​ការ​បារម្ភ​របស់​អ្នកស្រី​ចំពោះ​ការ​បន្ត​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លំហ​សេរីភាព​ដែល​កាន់​តែ​រួញ​ទៅ​នៅ​ប្រទេស​កម្ពុជា។

នា​អំឡុង​ពេល​ទស្សនកិច្ច​ចុងក្រោយ​នៅ​កម្ពុជា​ នា​ដើម​ឆ្នាំ​២០១៨នេះ​ អ្នកស្រី​ ស្មីត​ ​បាន​លើក​ឡើង​ថា​«ប្រទេស​កម្ពុជា​បាន​មកដល់​ផ្លូវ​បំបែក​ហើយ»​ ​និង​បាន​ស្នើ​បាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​តម្កល់​ការ​គោរព​សិទ្ធិ​មនុស្ស​ជាធំ​ ដែល​ជា​គ្រឹះ​មូលដ្ឋាន​នៃ​ការ​រក្សា​ឲ្យ​បាន​សន្តិភាព​ ស្ថិរភាព​ និង​ការអភិវឌ្ឍន៍​ យូរអង្វែង។​

អ្នកស្រី បាន​កត់​សម្គាល់​យ៉ាង​ដូច្នេះ​ ​នៅ​ក្រោយការ​រំលាយ​ ​និង​ការ​បែង​ចែក​អាសនៈ​ជា​តំណាង​នៅ​សភា​ ​និង​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត ​ជាង​៤១​ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ពីរ​លើក​ចុង​ក្រោយ​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ​២០១៣​ ​និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ក៏ដូចជា​ ការ​ហាម​ឃាត់​សមាជិក​១១៨ រូប​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ។

​នា​ពេល​ធ្វើ​ទស្សនកិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​ដដែល​នោះ​ អ្នកស្រី​ ​បាន​ស្នើ​ឡើងវិញ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តា​លំហ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​ អាច​អនុវត្ត​សិទ្ធិ​ឈរ​ឈ្មោះ​ ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ​ដោយ​គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ ឬ​ការ​បំភិតបំភ័យ​ ហើយ​ក៏បាន​អំពាវនាវ​ផង​ដែរ​ ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​ជា​បន្ទាន់​មួយ ​ទៅលើ​បម្រាម​ជា​ទូទៅ​ដែល​ហាម​ឃាត់​តួអង្គ​នយោបាយ​ទាំង​១១៨​រូប​នោះ៕