លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបន្តបញ្រ្ជាបការយល់ដឹងពីដំណើរការបោះឆ្នោតសភាក្នុងអាណត្តិទីប្រាំមួយ ដោយលើកនេះ លោកបានប្រាប់អ្នកពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតឲ្យដឹងពីជម្រើសកម្ពុជាដែលបានយកការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ នេះបើយោងតាមសេចក្តីប្រកាសនិងការបញ្ជាក់របស់អ្នកនាំពាក្យគ.ជ.ប។
សេចក្តីប្រកាសរបស់គ.ជ.ប ដែល VOA បានទទួលកាលពីថ្ងៃអង្គារ ឲ្យដឹងថា ប្រធានគជប លោក ស៊ិក ប៊ុនហុកបន្តយុទ្ធនាការ បញ្ជ្រាប ការយល់ដឹងពីការបោះឆ្នោតបន្ត ទៀតនៅខេត្ត បាត់ដំបង។ ក្នុងជំនួបជាមួយសិស្សនិស្សិត គរុសិស្ស គរុនិស្សិតនិងសាស្ត្រាចារ្យចំនួន ១៧០០នាក់ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែមិថុនា ប្រធានគជប ដែលជាអតីតតំណាងរាស្ត្របក្សប្រជាជនកម្ពុជា បានពន្យល់ពីប្រព័ន្ធបោះឆ្នោត២គឺប្រព័ន្ធឯកត្តនាមនិងប្រព័ន្ធសមាមាត្រ។
សេចក្តីប្រកាសបានលើកឡើងពីប្រព័ន្ធបោះឆ្នោតពីរ ដោយយោងតាមប្រសាសន៍របស់លោក ស៊ិក ប៊ុនហុក តាមន័យដើមថា៖
«ក្នុងសកលលោកគេច្រើនប្រើប្រព័ន្ធបោះឆ្នោត២ គឺប្រព័ន្ធឯកត្តនាម និងប្រព័ន្ធសមាមាត្រ។ ប្រព័ន្ធឯកត្តនាម ច្រើនបង្កើតរដ្ឋាភិបាលចេញពីគណបក្សនយោបាយតែមួយ ហើយប្រព័ន្ធនេះ មានលក្ខណៈសាមញ្ញ ងាយស្រួលទាំងទ្រឹស្តី និងការអនុវត្តសម្រាប់អ្នកបោះឆ្នោត ប៉ុន្តែប្រព័ន្ធនេះ បើជ្រើសយកមកអនុវត្ត ច្រើនជួយដល់គណបក្សនយោបាយណាដែលខ្លាំង ហើយធំជាង។ ប្រព័ន្ធសមាមាត្រ គឺឆ្លុះបញ្ចាំងពីឆន្ទៈ របស់ប្រជាពលរដ្ឋត្រឹមត្រូវបានច្រើនជាងប្រព័ន្ធឯកត្តនាមពីព្រោះឆន្ទៈអ្នកបោះឆ្នោតចេញជាចំនួនអាសនៈ នៅក្នុងរដ្ឋសភា។ ប្រព័ន្ធនេះ ផ្តល់លទ្ធភាពច្រើន ដល់ក្រុមភាគតិច និងស្ត្រីឲ្យមានភាពតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា ឬក្រុមប្រឹក្សា ហើយច្រើនបង្កើតបានរដ្ឋាភិបាលចម្រុះញឹកញាប់ជាងប្រព័ន្ធឯកត្តនាម»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ច្បាប់ប្រទេសកម្ពុជាបានតម្រូវឲ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធសមាមាត្រដែលបើកផ្លូវឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះ។
លោកថ្លែងថា៖
«ខ្ញុំសូមជម្រាបថា ឯកឧត្តមប្រធានគ.ជ.ប លោកអត់បានបញ្ជាក់ថា លោកពេញចិត្តនឹងប្រព័ន្ធបោះឆ្នោត បែបណាទេណា។ ប៉ុន្តែច្បាប់តម្រូវឲ្យរៀបចំ ការបោះឆ្នោតតាមបែបសមាមាត្រ។ អីចឹង គាត់គ្រាន់តែធ្វើការវិភាគជូនជាសាធារណៈថា ប្រព័ន្ធឯកត្តនាមហ្នឹងវាយ៉ាងម៉េច ប្រព័ន្ធសមាមាត្រហ្នឹងវាយ៉ាងម៉េច។ ហើយក្នុងនោះ គាត់បានបញ្ជាក់ហើយ ដូចក្នុងសេចក្តីប្រកាសព័ត៌មានហ្នឹងណ៎ា ថាប្រព័ន្ធសមាមាត្រនេះ វាផ្តល់ឲ្យនៅ ប្រទេសភាគច្រើន ដែលប្រកាន់យកតាមរបៀបនេះ បានរាជរដ្ឋាភិបាលមួយដែលមានលក្ខណៈចម្រុះជាង»។
យោងតាមសេចក្តីប្រកាសដដែលរបស់គ.ជ.ប ចុះថ្ងៃទី១២ ខែមិថុនាក៏បានបញ្ជាក់ឲ្យដឹងពីនីតិវិធី សម្រាប់ការចុះឈ្មោះគណបក្សនយោបាយផងដែរ។ គ.ជ.ប បានលើកឡើងថា បើក្រសួងមហាផ្ទៃបានលុបឈ្មោះគណបក្សណាហើយ មានន័យថា គណបក្សនយោបាយនោះ មិនអាចចុះបញ្ជីឈរឈ្មោះនៅគ.ជ.ប បានឡើយ។
អ្នកជំនាញការខាងបោះឆ្នោត នៅកម្ពុជាបដិសេធមិនផ្តល់ការអធិប្បាយចំពោះថាតើកម្ពុជាអាចជ្រើសរើសយកប្រព័ន្ធឯកត្តនាម មកជំនួសឲ្យប្រព័ន្ធសមាមាត្របានដែរឬទេ។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល(Comfrel)យល់ថា ប្រព័ន្ធសមាមាត្រផ្តល់អត្ថប្រយោជន៍ច្រើនដល់គណបក្សធំៗ ហើយអាចផ្តល់លទ្ធភាពដល់គណបក្សនយោបាយគ្រប់គ្រងតំណាងរាស្រ្តផងដែរ។
កាលពីខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីនាំពាក្យគ.ជ.បមួយរូបគឺលោក ឌឹម សុវណ្ណារុំ បានទៅបញ្ជ្រាបការយល់ដឹងស្តីពីដំណើរការបោះឆ្នោតសម្រាប់នីតិកាលទី៦នៅឯខេត្តតាកែវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល។
ការបញ្ជ្រាបការយល់ដឹងពីដំណើរការបោះឆ្នោតនាពេលនោះ កើតមានឡើង បន្ទាប់ពីអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប.នៅកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយបាននិយាយចំៗថា ការបោះឆ្នោតខែកក្កដា ដែលបានគ្រោងទុកនោះ គឺជាការបោកបញ្ជោតឆន្ទៈ ប្រជាពលរដ្ឋខ្មែរដែរជាម្ចាស់ឆ្នោត ប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញតឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតនោះទេ។
ទោះបីមានការរិះគន់ខ្លាំងពីអ្នកស្រីស្មីត យ៉ាងនេះក្តី ក៏ប្រធាន និងក្រុមមន្រ្តីគ.ជ.ប បានបន្តកិច្ចខិតខំក្នុងការបញ្ជ្រាបការយល់ដឹងពីដំណើរការបោះឆ្នោត។ គ.ជ.ប បានកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃបោះឆ្នោត ដែលនឹងមានគណបក្សចំនួន២០ចូលរួម៕