លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិគ្រោងនឹងទៅដល់ដែនដី អ៊ីស្រាអែលនិងប៉ាឡេស្ទីននៅថ្ងៃអង្គារនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃបន្ទាប់ពីមានអំពើហិង្សាជាច្រើនសប្តាហ៍ដែលលោកហៅថា «ការកើនឡើងអំពើហិង្សាដ៏គួរឱ្យគ្រោះថ្នាក់»។
នៅមុនពេលចាកចេញដំណើរ លោកអគ្គលេខាបានចេញផ្សាយសារជាវីដេអូមួយសម្រាប់ពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយថ្លែងថា លោកយល់ពីការខឹងសម្បារនិងការព្រួយបារម្ភរបស់ពួកគេទាំងសងខាង ហើយលោកបានទទូចសុំឱ្យគេគ្រប់គ្នាប្រឆាំងនឹងភេរវកម្មនិងការអុចអាលណាមួយ។
លោក បាន គីមូន បានអំពាវនាវដល់មេដឹកនាំប៉ាឡេស្ទីនឱ្យប្រើប្រាស់ឋាមពលដែលពលរដ្ឋមានមកប្រើនៅក្នុងផ្លូវសន្តិភាព និងអំពាវនាវដល់យុវជនប៉ាឡេស្ទីនទាមទារពីមេដឹកនាំទាំងនោះរួមទាំងមេដឹកនាំអ៊ីស្រាអែលនិងអង្គការសហប្រជាជាតិឱ្យជំរុញឱ្យមានដំណោះស្រាយនយោបាយ។
លោកបានបញ្ជាក់នៅក្នុងសារនោះថា លោកមិនសុំឱ្យពួកគេអសកម្មទេ «ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែទម្លាក់អាវុធចោលនិងត្រូវមានក្តីសង្ឃឹម»។
អគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ទៀតថា វិធីសាស្រ្តសម្រាប់អ៊ីស្រាអែលទទួលបានសន្តិភាពនិងសុវត្ថិភាពប្រកបដោយចីរភាពគឺមិនមែនតាមរយៈការធ្វើរបង ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងការឆ្លើយតបយ៉ាងខ្លាំងក្លាដោយកម្លាំងសន្តិសុខទេ។ លោកបន្ថែមថា ភាគីទាំងពីរត្រូវតែប្តេជ្ញាស្វែងរកដំណោះស្រាយសម្រាប់រដ្ឋទាំងពីរ៕