ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រលក​ថ្មីនៃ​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន​លើ​អ៊ីស្រាអែល​


ប៉ូលិស​អ៊ីស្រាអែល​ឈរ​នៅជិត​សាកសព​ក្មេងប្រុស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​វាយប្រហារ​​របស់ប៉ាឡេស្ទីន​ នៅចំណុច​កើតហេតុ​នៃការ​ចាក់សម្លាប់​គ្នា​ ក្នុងតំបន់ Pisgat Zeev ភាគ​ខាង​ជើង​នៃ​ទីក្រុង​ហ៊្សេរុយសាឡិម​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥។

ពលរដ្ឋ​អ៊ីស្រាអែល​បីនាក់​បាន​ស្លាប់​នៅ​ក្នុង​រលក​ថ្មី​មួយ​នៃ​ការ​បាញ់​និង​ចាក់​សម្លាប់​ដោយ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅក្រុង​​ហ៊្សេរុយសាឡិម​ និង​នៅ​កន្លែង​ផ្សេង​ទៀត។​

ពលរដ្ឋ​អ៊ីស្រាអែល​បីនាក់​បាន​ស្លាប់​នៅ​ក្នុង​រលក​ថ្មី​មួយ​នៃ​ការ​បាញ់​និង​ចាក់​សម្លាប់​ដោយ​ពលរដ្ឋ​ប៉ាលេស្ទីន​នៅក្រុង​ហ៊្សេរុយសាឡិម​ និង​នៅ​កន្លែង​ផ្សេង​ទៀត។​

ការ​វាយ​ប្រហារ​ដែល​កាន់​តែ​ឡើង​កម្តៅ​របស់​ប៉ាលេស្ទីន​ទៅលើ​ជនស៊ីវិល​អ៊ីស្រាអែល​បាន​កើតឡើង​ក្នុង​គ្រា​ដែល​ដំណើរ​ការ​សន្តិភាព​នៅ​ទ្រឹង​នៅឡើយ។​ ការ​ចរចា​សន្តិភាព​បាន​បរាជ័យ​កាល​ពី​ឆ្នាំ​មុន​ ដោយ​បាន​ធ្វើឲ្យ​ជនជាតិ​ប៉ាលេស្ទីន​មាន​ការ​ស្រងាកចិត្ត ​និង​ខកចិត្ត​ចំពោះ​គោល​បំណង​របស់​ពួកគេ​ក្នុង​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ។​

​លោក ម៉ូសេ អាមីរ៉ាវ (Moshe Amirav)​ ​អ្នកវិភាគ​អ៊ីស្រាអែលជឿ​ថា ​អ៊ីស្រាអែល​ គួរ​តែចាត់​វិធានការ​ការ​ទូត​មុន​គេ។​

«ការ​ដែល​យើង​គ្មាន​ដំណើរ​ការ​នយោបាយ​ណាមួយ​នឹង​នាំ​មក​នូវ​អំពើ​ហិង្សា​កាន់តែ​ច្រើន​ឡើងៗ។​ ហើយ​វា​ស្រេច​តែ​យើង​ទេ។ ​យើង​(អ៊ីស្រាអែល) ​គឺ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​មួយ។​ យើង​កំពុង​ត្រួតត្រា​តំបន់​វ៉េសប៊ែង​ (West Bank) និង​ហ្សេរុយសាឡិម (Jerusalem)។ ​វា​ស្រេច​តែ​យើង​ក្នុង​ការ​ផ្តួចផ្តើម​គំនិត​ថ្មីៗ​និង​ការ​រៀបចំ​នានា ​ជាមួយ​ពួក​ប៉ាលេស្ទីន»។

ប្រទេស​អ៊ីស្រាអែល​និយាយ​ថា ​ខ្លួន​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​វិល​ទៅ​រក​តុ​ចរចា​នៅ​ថ្ងៃ​នេះ ​ដោយ​គ្មាន​លក្ខណ្ឌ​ជាមុន​ណា​មួយ​ឡើយ។​ ប៉ុន្តែ​ក្រុម​ប៉ាឡេស្ទីន​និយាយ​ថា ការ​ពង្រីក​ការ​តាំង​លំនៅ​ដ្ឋាន​របស់​អ៊ីស្រាអែល​នៅ​តំបន់​វ៉េសប៊ែង ​និង​ការ​ប្រកែក​របស់​អ៊ីស្រាអែល​មិន​ព្រម​ដក​ថយ​ទៅ​កាន់​ព្រំដែន​កាល​ពី​ឆ្នាំ​១៩៦៧​វិញ​នោះ ​មាន​ន័យ​ថា ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​គ្នា​ទេ។​

កិច្ច​ចរចា​សន្តិភាព​ដូច​អំពិលអំពែក​ទាំង​នេះ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៩៣ ​ប៉ុន្តែ​ក្រុម​ប៉ាឡេស្ទីន​មាន​អារម្មណ៍​ថា ​ពួកគេ​គ្មាន​អ្វី​ដែល​ត្រូវ​លើក​ឡើង​សម្រាប់​ការ​ចរចា ហើយ​ហេតុ​ដូច្នេះ​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​បាត់​បង់​ដែរ។​

សែប អេរ៉េកាត់ (Saeb Erekat)​ អ្នក​នាំពាក្យ​ប៉ាលេស្ទីន​ និយាយ​ថា ​អំពើ​ហិង្សា​គឺ​ជា​«លទ្ធផល​ពី​ធម្មជាតិ»​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​របស់​អ៊ីស្រាអែល ​និង​ការ​កាន់កាប់​របស់​អ៊ីស្រាអែល។​

​នៅពេល​ដែលគ្មាន​អ្នក​កាន់កាប់​ឬ​គ្រប់គ្រង​នយោបាយ​ អំពើ​ហិង្សា​នឹង​ឡើង​កម្តៅ។ ​បន្ថែម​ពីលើ​រលក​នៃ​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​រៀង​រាល់​ថ្ងៃ​រវាង​កងកម្លាំង​អ៊ីស្រាអែល​និង​ក្រុម​ប៉ាឡេស្ទីន ​នៅក្នុង​តំបន់​វ៉េសប៊ែង និង​ព្រំដែន​កាហ្សា​ផង​ដែរ។ ​ស្ថានភាព​នេះ​បាន​បង្កើន​ភាព​ភ័យ​ខ្លាច​អំពី​ការ​ងើប​ឡើង​បះបោរ​របស់​ក្រុម​ប៉ាឡេស្ទីន​ជា​លើក​ទី​៣៕​

ប្រែសម្រួលដោយ ​សាយ មុន្នី

XS
SM
MD
LG