ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ប៉ាឡេស្ទីន​ម្នាក់​ក្លែងបន្លំ​ជា​អ្នក​កាសែត​ត្រូវ​បាន​បាញ់​ស្លាប់​បន្ទាប់​ពី​ខ្លួន​បាន​វាយប្រហារ​លើ​ទាហាន


សាកសព​របស់​បុរស​ប៉ាឡេស្ទីន (រូប​ឆ្វេង) ដែល​បាន​ចាក់​ទាហាន​អ៊ីស្រាអែល​ដេក​នៅ​លើ​ដី​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ ខណៈ​ដែល​ទាហាន​ដែល​រង​របួស (រូប​ស្តាំ) ត្រូវ​បាន​ព្យាបាល​នៅ​នឹង​កន្លែង​នៅ​ក្នុង​ទីក្រុង Hebron តំបន់​ West Bank កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥។
សាកសព​របស់​បុរស​ប៉ាឡេស្ទីន (រូប​ឆ្វេង) ដែល​បាន​ចាក់​ទាហាន​អ៊ីស្រាអែល​ដេក​នៅ​លើ​ដី​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ ខណៈ​ដែល​ទាហាន​ដែល​រង​របួស (រូប​ស្តាំ) ត្រូវ​បាន​ព្យាបាល​នៅ​នឹង​កន្លែង​នៅ​ក្នុង​ទីក្រុង Hebron តំបន់​ West Bank កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ បុរស​ប៉ាឡេស្ទីន​ម្នាក់​ដែល​បាន​ក្លែងបន្លំ​ខ្លួន​ជា​អ្នក​កាសែត​បាន​ត្រូវ​បាញ់​ស្លាប់​នៅ​ក្រោយ​គាត់​បាន​ចាក់​ និង​ធ្វើ​ឱ្យ​របួស​ដល់​ទាហាន​អ៊ីស្រាអែល​ម្នាក់​នៅ​ខាង​ក្រៅ​ទីតាំង​លំនៅដ្ឋាន​មួយ​ក្នុង​តំបន់​ West Bank នៅ​ពេល​ដែល​ជនជាតិ​ប៉ាឡេស្ទីន​បីនាក់​ទៀត​ដែល​បាន​ប៉ះ​ទង្គិច​នៅ​ក្នុង​ការ​គប់​ដុំ​ថ្ម​លើ​ពួក​ទាហាន​អ៊ីស្រាអែល​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ពួក​ទាហាន។

នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ធ្វើ​ការ​ប្រជុំ​បន្ទាន់​ កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ដោះស្រាយ​ស្ថានភាព​សន្តិសុខ​ដែល​ធ្ងន់ធ្ងរ​ឡើងៗ​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry គ្រោង​នឹង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល គឺ​លោក Benjamin Netanyahu។ មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​គ្រោង​នឹង​ជួប​ជាមួយ​លោកស្រី Angela Merkel ​អធិការបតី​អាល្លឺម៉ង់​នៅ​ថ្ងៃ​ពុធ។​

កងទ័ព​អ៊ីស្រាអែល​បាន​រាយការណ៍​ថា ​ការ​ចាក់​ដោយ​កាំបិត​កាល​ពី​ថ្ងៃសុក្រ​នៅ​ឯ​ទីតាំង​លំនៅដ្ឋាន​ Kiryat Arba បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​គប់​ដុំ​ថ្ម​ដាក់​លើ​ពួក​ទាហាន​អ៊ីស្រាអែល។​

បុរស​ក្លែង​បន្លំ​ខ្លួន​ខាង​លើ​នេះ​បាន​ពាក់អាវ​យឺត​ពណ៌​លឿង​ដោយ​មាន​សរសេរ​អក្សរ​ថា​ «អ្នក​កាសែត» ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ជិត​ពួក​ទាហាន។​រូបថត​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ គាត់​កាន់​កាំបិត​មួយ​ ហើយ​បាន​វាយ​ប្រហារ​លើ​ទាហាន​ម្នាក់​នៅ​មុន​ពេល​រូប​គាត់​ត្រូវ​បាន​គេ​បាញ់​ស្លាប់៕

XS
SM
MD
LG