រុស្ស៊ីចាប់ផ្តើមវាយប្រហារកាំជ្រួចមីស៊ីលថ្មីៗទៅលើអ៊ុយក្រែននៅព្រឹកថ្ងៃទី២៦ ខែមករានេះដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរ ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូនអស់រយៈពេលមួយយប់ ខណៈដែលការប្រយុទ្ធដ៏ខ្លាំងបានបន្តមិនស្រាកស្រាន្តនៅក្នុងតំបន់ខាងកើតជាទីកន្លែងដែលកងកម្លាំងរបស់រដ្ឋាភិបាលក្រុងមូស្គូបានបង្កើនការដាក់សម្ពាធយ៉ាងខ្លាំងលើកងការពាររបស់អ៊ុយក្រែន។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលថ្មីបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទើបតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិកបានសន្យាផ្តល់ឱ្យរដ្ឋាភិបាលក្រុងកៀវនូវរថក្រោះចម្បាំងទំនើប ហើយបានអំពាវនាវសម្ពន្ធមិត្តលោកខាងលិចរបស់រដ្ឋាភិបាលក្រុងកៀវឱ្យផ្តល់កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយនិងយន្តហោះចម្បាំងដើម្បីបង្កើនប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
អភិបាលក្រុងកៀវលោក Vitasaidli Klitschko បាននិយាយថា មនុស្សម្នាក់បានត្រូវសម្លាប់ ហើយ២នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយទៅលើរដ្ឋធានីហើយលោកបានជំរុញឱ្យពួកអ្នកស្រុកស្ថិតនៅក្នុងទីជម្រក។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវបាននិយាយថា កាំជ្រួចរាប់សិបគ្រាប់បានត្រូវកម្ទេចនៅលើរដ្ឋធានីដោយសារប្រព័ន្ធការពារដែនអាកាស។
លោកបាននិយាយទៀតថា «សត្រូវបានបាញ់កាំជ្រួច Cruise Missile ជាង១៥គ្រាប់តម្រង់មកកាន់ទីក្រុងកៀវ»។
លោកAndriy Yermakប្រធានរដ្ឋបាលប្រធានាធិបតីរបស់អ៊ុយក្រែនបានសរសេរនៅលើតេឡេក្រាមថា«កាំជ្រួចមីស៊ីលរុស្ស៊ីលើកទី១បានត្រូវបាញ់ទម្លាក់ដោយមិនមានការបញ្ជាក់ទីកន្លែង»។
អាជ្ញាធរមូលដ្ឋាននិយាយថារោងចក្រអគ្គិសនី២កន្លែងបានរងការវាយប្រហារដោយកាំជ្រួចមីស៊ីលនៅក្នុងតំបន់ Odesaភាគខាងត្បូង។
តំបន់ Vinnisya ភាគកណ្តាលក៏រងការវាយប្រហារពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ីដែរ។ នេះបើតាមលោក Serhiy Borzov ប្រធានរដ្ឋបាលយោធាតំបន់។ លោកបានបន្ថែមទៀតថាមិនមានមនុស្សស្លាប់ ឬរងរបួសទេ។
កាលពីដំបូង អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកដ្រូនចំនួន២៤គ្រឿង រួមទាំងចំនួន១៥គ្រឿងនៅលើរដ្ឋធានីកៀវផងដែរដែលរុស្ស៊ីបានធ្វើការវាយប្រហារនៅពេលយប់៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន dpa។