ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ចំពោះការសម្រេចផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ខណៈដែលពួកអ្នកការទូតនៅក្នុងប្រទេសរុស្ស៊ីបានព្រមានថា ចំណាត់ការនេះនឹងធ្វើឲ្យមានការបង្ហូរឈាមកាន់តែខ្លាំងឡើងប៉ុណ្ណោះ។
ការឆ្លើយតបដោយការខឹងសម្បាពីរដ្ឋាភិបាលក្រុងមូស្គូកើតមានឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងការខំប្រឹងប្រែងមួយដើម្បីជួយប្រទេសនោះធ្វើការប្រយុទ្ធប្រឆាំងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅផ្នែកខាងកើតអ៊ុយក្រែន។
លោក Sergei Ryabkovអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា៖ «ថ្ងៃនេះ សហរដ្ឋអាមេរិកបានជំរុញប្រទេសអ៊ុយក្រែនយ៉ាងច្បាស់ក្រឡែតឆ្ពោះទៅកាន់ការបង្ហូរឈាមថ្មីមួយ»។ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយទៀតថា អាវុធអាមេរិកាំងនោះអាចនាំឲ្យមានជនរងគ្រោះថ្មីនៅក្នុងប្រទេសជិតខាង។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែន បានឆ្លើយតបចំណាត់នោះដោយការអរគុណនិងថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំចំពោះការដឹកនាំរបស់លោកហើយទទូចថា អាវុធទាំងនោះមិនមែនដើម្បីគោលបំណងធ្វើការវាយប្រហារទេ។
ប្រធានាធិបតីប្រទេសអ៊ុយក្រែន Petro Poroshenko បាននិយាយនៅលើគេហទំព័រជាភាសាអង់គ្លេសថា «អាវុធរបស់អាមេរិកនៅក្នុងកណ្តាប់ដៃទាហានអ៊ុយក្រែនមិនមែនគោលបំណងវាយប្រហារនោះទេ ក៏ប៉ុន្តែ ដើម្បីទប់ទល់ពួកឈ្លានពាន ការពារទាហាននិងជនស៊ីវិលអ៊ុយក្រែននិងដើម្បីការពារខ្លួនឯង។អាវុធទាំងនោះក៏ជាការបង្ការដើម្បីទប់ទល់មេរោគនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ី»៕