ក្រុមហ៊ុនរបស់ស.រ.អាមួយនិយាយថា ខ្លួនបានលក់គ្រឿងសញ្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន មុនពេលការសម្រេចចិត្តដែលគេរំពឹងទុកពីរដ្ឋបាលរបស់លោក ប្រធានាធិបតី ត្រាំ ដែលត្រូវសម្រេចថាតើត្រូវលក់គ្រឿងសញ្វាវុធទាំងនោះដល់ប្រទេសអ៊ុយក្រែនឬយ៉ាងណានោះ។
លោក Richard Vandiver នាយកគ្រប់គ្រងប្រតិបត្តិការនៃក្រុមហ៊ុន AirTronic, USA, បានថ្លែងប្រាប់ VOA ភាសាអ៊ុយក្រែនក្នុងកិច្ចសម្ភាសន៍មួយតាមប្រសាសន៍ដើមថា៖ «យើងបានចាប់ផ្តើមនាំទំនិញរបស់យើងទៅកាន់អ៊ុយក្រែនកាលពីឆ្នាំទៅ ហើយយើងបន្តនាំទំនិញបន្តបន្ទាប់ថែមទៀតរហូតដល់បច្ចុប្បន្ននេះ»។
លោក Richard Vandiver បានបន្ថែមថា ការលក់គ្រឿងសព្វាវុធដែលផ្តាច់ផ្តិលជីវិតមនុស្ស (Lethal Arms )ទាំងនោះគឺត្រូវកំណត់ត្រឹមតែគ្រឿងសព្វាវុធដែលបាញ់ការពារចំងាយជិតៗតែប៉ុណ្ណោះ សំខាន់ជាងគេនោះគឺរ៉ុកកែតបាញ់ចេញពីលើស្មា ដែលត្រូវគេផលិត និង ធ្វើទំនើបកម្មជាងអាវុធប្រឆាំងរថក្រោះរបស់រុស្ស៉ី តែត្រូវគេប្រើយ៉ាងទូលំទូលាយនោះ។ ប្រទេសអ៊ុយក្រែនជាប់ពាក់ព័ន្ធនឹងការប្រឆាំងនឹងក្រុមបំបែករដ្ឋដែលទទួលការហ្វឹកហ្វឺននិងគាំទ្រថវិកាដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតប្រទេស។ ហើយអ៊ុយក្រែនមានការព្រួយបារម្ភពីការវាយប្រហារដោយកងរថក្រោះ។
សភាស.រ.អាបានអនុម័តថវិកាចំនួន ៣៥០ លានដុល្លារ ជាជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន រួមទាំងការផ្តល់ថវិកាចំនួន ៤៧ លានដុល្លារសម្រាប់ការទិញអាវុធទៀតផង ក្នុងពេលអនុម័តច្បាប់ថវិកាការពារជាតិថ្មីៗបំផុតនេះ៕