អង់គ្លេស​ថា​ការ​អញ្ជើញ​លោក ត្រាំ​ មក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅអង់គ្លេស​នៅ​​រក្សា​ដដែល

លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ជួប​គ្នា​នៅសេត​វិមាន​ កាល​ពី​ខែ​មករា។

ការអញ្ជើញ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​អង់គ្លេស នៅ​តែ​រក្សា​ដដែល។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ។ ការ​លើកឡើង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​មួយ​បាន​រាយការណ៍​ថា លោក ត្រាំ ចង់​ពន្យារ​ពេល​ទស្សនកិច្ច​នេះ។

កាសែត ​The Guardian ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក ត្រាំ បាន​ប្រាប់​ដល់​លោកស្រី​នាយករដ្ឋមន្ត្រី​ Theresa May ​ថា​លោក​មិន​ចង់​មក​នោះ​ទេ ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា។ កាសែត​នេះ​បាន​ស្រង់សម្តី​របស់​ជំនួយការ​ម្នាក់​នៅ​ក្នុង​វិមាន Downing Street ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ។

ប៉ុន្តែ​សេតវិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំង​២​នាក់​នៅ​មិន​ទាន់​បាន​ពិភាក្សា​គ្នា​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។

លោកស្រី Lindsay Walters អ្នក​នាំពាក្យ​របស់​សេតវិមាន​បាន​មាន​ប្រសាសន៍​ថា លោក ត្រាំ​ «មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី​នាយករដ្ឋមន្ត្រី May។ ការ​ពន្យារ​ពេល​នោះ​មិន​ដែល​ត្រូវ​បាន​លើក​ឡើង​តាមរយៈ​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ​ទេ‍»។ ​

ការិយាល័យ​របស់​លោកស្រី​ May បាន​ច្រាន​ចោល​មិន​ព្រម​ផ្តល់​អត្ថាធិប្បាយ​ទៅ​លើ​«ការ​សន្ទនា​តាម​ទូរស័ព្ទ​លក្ខណៈ​ឯកជន»​នោះ​ទេ‍៕