ពួក​ជន​ទេសន្តរ​ប្រវេសន៍​រាប់ពាន់​នាក់​ឡើង​គោក​នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី

  • Steve Herman

ជន​ទេសន្តរ​ប្រវេសន៍​ដែល​គេ​ជឿ​ថា​ជា​ជន​ Rohingya សម្រាក​ក្នុង​ជម្រក​ស្នាក់នៅ​ បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពីទូក​នៅ Lhoksukon ខេត្ត​ Aceh ប្រទេសឥណ្ឌូនេស៊ី​ កាលពីថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០១៥។

ចាប់តាំង​ពី​ថ្ងៃ​អាទិត្យទី​១០​ខែ​ឧសភា​មក​ ពួក​ជន​ទេសន្តរប្រវេសន៍ជាង​២​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក​ឡើង​គោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេសម៉ាឡេស៊ី​ឬបាន​ត្រូវ​ជួយ​សង្គ្រោះ​នៅ​ក្នុងលំហរសមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ទាំង​ពីរនេះ។ ​មាន​មនុស្ស​រាប់ពាន់​នាក់ទៀត​អាច​ធ្វើ​ដូច្នេះ​ដែរ។ ការមក​ដល់នៃ​ពួក​ជន​ទាំង​នេះមាន​ឡើង​នៅ​ក្រោយ​ការ​បង្ក្រាប​នៃប្រទេស​ថៃ​លើ​បណ្តាញ​ពួក​ឧក្រិដ្ឋជនដែល​បាន​ជួញ​ដូរពួក​ជន​ភៀសខ្លួន​អំបូរ Rohingya មក​ពី​ប្រទេស​ភូមា​នៅ​ជិតខាង។

ពួក​មន្ត្រី​បាន​និយាយ​ថា ​ពួក​ទេសន្តរប្រវេសន៍​ Rohingya ​ជាង​១ពាន់៤រយ​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១១​ខែ​ឧសភា​ពី​ទូក​បួន​គ្រឿង​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ ឥណ្ឌូនេស៊ី​ និង​ប្រទេស​ម៉ាឡេស៊ី។ ការ​មក​ដល់​នៃ​ពួក​ជន​ទាំង​នេះ ​មាន​ឡើង​នៅ​ក្រោយ​ការ​មក​ដល់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ Aceh ​ប្រទេស​ឥណ្ឌូនេស៊ី​ ​នៃទូក​ឈើ​យ៉ាង​តិច​ណាស់​ពីរ​មាន​មនុស្ស​ជិះ​ណែន​ក្តន់​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ​ដោយ​មាន​មនុស្ស​ប្រមាណ​៦០០​នាក់​នៅ​ក្នុង​ទូក​ទាំង​នោះ។

មន្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​បាន​និយាយ​ថា​ ពួក​ជន​ប្តូរ​លំនៅដ្ឋាន​ទាំង​នេះ​ ដែល​មាន​រូម​បញ្ចូល​ទាំង​ស្ត្រី​និង​កុមារ​ផង​នោះ​ បាន​ត្រូវ​បោក​បញ្ឆោតនិង​បាន​ត្រូវ​និយាយ​ប្រាប់​ថាពួកគេ​បាន​ទៅ​ដល់​ជិត​ឆ្នេរសមុទ្រ​នៃប្រទេស​ម៉ាឡេស៊ី ​ហើយ។ បន្ទាប់​មក ​ពួក​គេ​បាន​ត្រូវ​និយាយ​ប្រាប់​ឱ្យ​ហែល​ទឹកទៅ​កាន់​ឆ្នេរ​សមុទ្រ។

ពួក​អ្នក​នៅ​រស់​ខ្លះ​មាន​ជំងឺ​ហើយ​ខ្សោយ​ដោយមាន​ការ​ស្រេកឃ្លាន​ហើយ​បាន​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​គ្លីនិក​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ​ដើម្បីទទួល​ការ​ព្យាបាល។​

នៅ​ក្នុង​ព្រះវិហារ​អ៊ីស្លាម ​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ខេត្ត​ Aceh​ ជន​ទេសន្តរប្រវេសន៍ Muhammad Juned ពន្យល់​ប្រាប់​ពួក​អ្នក​កាសែតថា​ ក្រុម​របស់​លោក​បាន​ឋិត​នៅ​ក្នុង​សមុទ្រ​ពីរ​ខែ។

បុរស​នេះ​និយាយ​ថា ​មាន​មនុស្ស​ជាង​៥០០​នាក់​នៅ​ក្នុង​ទូក​បី​គ្រឿង។ ​នៅ​ពេល​ត្រូវ​សួរ​ថា​តើ​ពួក​គេ​ធ្វើដំណើរ​ទៅ​ទីណា​និង​ព្រោះ​ហេតុ​អ្វី​ គាត់​ឆ្លើយ​ថា​«យើង​ចង់​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​ឱ្យ​បាន​ប្រាក់​កាស»។

ពួក​ប៉ូលិស​ម៉ាឡេស៊ី​ និយាយ​ថា ​ពួក​គេ​កំពុងធ្វើ​ក្រដាស​ស្នាម​ឱ្យ​ពួក​ជន​ទេសន្តរប្រវេសន៍​ជាង​១ពាន់​នាក់​នៅ​លើ​កោះ​សម្រាក​កាយ​ Langkawi។

លោក​ Joe Lowry ​អ្នកនាំពាក្យ​របស់​ការិយាល័យ​ក្នុង​តំបន់​នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​នៅ​ក្នុង​ក្រុង​បាងកក​និយាយ​ប្រាប់​វីអូអេថា ​ពួក​បុគ្គលិក​នៃ​អង្គការ IOM ​បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ជួយ​ពួក​ជន​ទេសន្តរប្រវេសន៍​ទាំង​នេះ។

«គេ​បាន​នាំ​ពួក​ជន​ទាំង​នេះ​មក​ គេ​ចុះ​ឈ្មោះ​ពួក​ជន​ទាំង​នេះ​ ផ្តល់​កន្លែង​រស់​នៅ ​ម្ហូបអាហារ​ ទឹក​ ការ​យក​ចិត្តទុកដាក់​ខាង​វេជ្ជសាស្ត្រ​ប្រសិន​បើ​ពួក​គេ​ត្រូវការ​ដោយ​មាន​ការរួម​ផ្សំ​រវាង​ពួកបុគ្គលិក​អង្គការ​ IOM​ និង​អាជ្ញាធរ​ អាស្រ័យ​លើ​អ្វី​ដែល​អាជ្ញាធរ​ត្រូវ​ការ​និង​អ្វី​ដែល​ពួក​គេ​ចង់ឱ្យ​យើង​ផ្តល់ឱ្យ»។

ប្រទេស​ថៃ​ ដែលឋិត​នៅ​ក្រោមការ​ត្រួតត្រារបស់​ពួក​យោធា​ នៅ​ខែ​នេះ​បាន​បើក​ការ​បង្ក្រាប​មួយ​លើ​ការ​ជួញ​ដូរ​ពួក​ជនអំបូរ​ Rohingya កាន់​សាសនា​អ៊ីស្លាម​ទៅ​កាន់ប្រទេស​ជិតខាងនៅ​ក្រោយ​ការ​រក​ឃើញសាកសព​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ផ្នូរសព​រួម​នៅ​កន្លែង​ដែល​ហៅ​ថា​«ជំរុំ​ទាសករ»​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

បើ​តាម​លោក Lowry អ្នកនាំពាក្យ​អង្គការ​ IOM ​ថា​ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឱ្យ​រា​រែក​ដល់​ពួក​អ្នក​ជួញដូរ​មនុស្ស​មិនឱ្យ​នាំពួក​ Rohingya មក​កាន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ថៃ។

«ដោយ​ការ​យកចិត្តទុក​ដាក់​ទាំង​អស់​លើ​ស្ថានការណ៍​ក្នុង​ជំរុំទាំង​នេះ​ក្នុងប្រទេស​ថៃ​កាល​ពី​ពីរ​បី​ថ្ងៃ​និង​ពីរ​បី​អាទិត្យ​មុននេះ​ វា​ហាក់ដូច​ជា​នៅ​ពេល​នេះ​ប្រទេស​ថៃបាន​បិទ​ទ្វារ​ហើយ​សម្រាប់​ពួក​អ្នក​ជួញ​ដូរ​មនុស្ស»។

កាល​ពី​ថ្ងៃ​ចន្ទ អគ្គមេបញ្ជាការ​នៃ​កងទ័ព​ជើងគោក​ថៃបាន​និយាយ​ប្រាប់​ពួក​អ្នក​សារព័ត៌មាន​ថា​ការស្វែង​រក​កំពុង​មាន​ធ្វើ​ត​ទៅ​ទៀត​នៅ​ក្នុងតំបន់​មាន​ផ្ទៃដី​រដឹបរដុប​ដើម្បី​រក​ជំរុំ​ថែម​ទៀត​ដែល​នៅ​ទីនោះ​ពួក​ជន​ទេសន្តរប្រវេសន៍ខុស​ច្បាប់​បាន​ត្រូវ​ឃុំឃាំង។​

បើ​តាម​អភិបាល​នៃ​ខេត្ត​ថៃ​មួយ​ថាការ​ជួញ​ដូរ​ពួក​ជន​អំបូរ​ Rohingya កាត់​តាម​ប្រទេស​ថៃ​បាន​ត្រូវ​ជឿ​ថា​មាន​យ៉ាង​ហោចណាស់​ចាប់តាំង​ពីឆ្នាំ១៩៩៨​មក​។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ​បាននិយាយ​ថា​ ការជួញ​ដូរ​ពួក​ជន​ Rohingya ទាំង​នេះ​មាន​ទាក់ទិន​នឹង​ការ​ឃុបឃិត​គ្នា​រវាង​ពួក​អ្នកជួញដូរ​និងពួក​អ្នកនយោបាយ​ថៃនិង​អាជ្ញាធរ​ឯទៀតៗ ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​សមាជិក​នៃ​កងទ័ព​ជើងគោក​និង​កងទ័ព​ជើងទឹក​ថៃ​ផងដែរ។​

លោកឧត្តមសេនីយ​ Udomdej Sitabutra ​អគ្គមេបញ្ជាការ​នៃកងទ័ព​ជើងគោក​ថៃ​បាន​បដិសេធ​ថា​គ្មាន​នាយ​ទាហាន​កងទ័ព​ជើង​គោក​ថៃ​ទាក់ទិន​ជាមួយ​ការ​ជួញ​ដូរ​ពួក​ជន​អំបូរ​ Rohingya ទេ។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពួក​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​ទាក់ទិន​ជាមួយ​ការ​ជួញ​ដូរមនុស្ស។

គេមាន​ជំនឿ​ថា​ផ្នូរ​សព​ច្រើន​ថែម​ទៀត​នៃ​ពួក​ជន​ Rohingya ដែល​បាន​ត្រូវ​សម្លាប់​ឬ​បាន​ស្លាប់​ដោយសារ​ការ​ធ្វើបាប​នៅ​ពេល​ជាប់​ឃុំឃាំង​នឹង​ត្រូវ​រក​ឃើញនៅ​ក្នុង​ជំរុំ​ដែល​បាន​ត្រូវ​បោះបង់ចោល​នៅ​ក្នុង​ជំរុំ​ក្នុងព្រៃ។

ពួក​ជន​អំបូរ Rohingya ដែល​បាន​ត្រូវ​ចាត់ទុក​ដោយ​អ.ស.ប.​ថា​ជា​ពួក​ជន​អំបូរភាគ​តិច​មួយ​ដែល​បាន​ត្រូវ​ធ្វើ​ទុក្ខបុក​ម្នេញ​ខ្លាំង​ជាង​គេ​នៅក្នុង​ពិភពលោក​ មក​ពីប្រទេស​បង់ក្លាដេស​ និង​ប្រទេសភូមា។

ប្រទេស​ភូមា​ដែល​ជា​ប្រទេស​មួយ​មាន​ប្រជារាស្ត្រ​ច្រើន​បំផុត​ជា​អ្នក​កាន់​ព្រះពុទ្ធសសានា​ចាត់​ទុក​ពួក Rohingya កាន់​សាសនា​អ៊ីស្លាម​ ថា​ជា​ពួក​ជន​ទេសន្តរប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដេស ទោះ​ណា​ជា​ពួក​ Rohingya ច្រើន​នាក់​បាន​រស់​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ភូមាជា​ច្រើន​ជំនាន់មក​ហើយ​ក៏ដោយ។ កាល​ពី​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ​ ពួក​គេបាន​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ចាក​ចេញ​យ៉ាង​ច្រើនប្រកប​ដោយ​គ្រោះ​ថ្នាក់​តាម​សមុទ្រ។​

ប្រទេស​ថៃ​ជា​ស្ថានីយ៍​ឆ្លងកាត់​សម្រាប់​ពួក​ជន​ដែល​បាន​រត់គេច​ខ្លួន​ជា​ដំបូង​ចេញ​ពី​ខេត្ត​ Sittwe នៅ​ក្នុងប្រទេស​ភូមា​ដោយ​មាន​សេចក្តីសង្ឃឹម​ថា​នឹង​បាន​ទៅ​ដល់​ប្រទេសឥណ្ឌូនេស៊ី ​និង​ប្រទេស ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជារាស្ត​ភាគ​ច្រើន​ជា​អ្នកគោរព​សាសនា​អ៊ីស្លាម។​

ក៏​ប៉ុន្តែ​ពួក​អ្នកជួញដូរមនុស្ស​ក្នុង​ប្រទេស​ថៃ​បាន​យក​ចំណេញ​ពី​ពួក​ជន​អំបូរ​ Rohingya ដោយ​ទាមទារ​ប្រាក់​បន្ថែម​សម្រាប់​សេរី​ភាព​ពួក​គេហើយ​បាន​លក់​ជនទាំង​នេះ​ច្រើន​នាក់​ឱ្យ​ជំពាក់​ប្រាក់​សេវភាព​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

បើ​តាម​អ្នកស្រី​ Chris Lewa ដែល​ចាត់ចែង​កិច្ចការ​របស់​អង្គការ​ The Arakan Project ដែល​ជា​ក្រុម​ការពារ​សិទ្ធិមនុស្ស​របស់​ពួក​ជន​អំបូរ Rohingya ថា​ជា​លទ្ធផល​នៃ​ការ​បង្ក្រាបនៅ​ក្នុង​ប្រទេស​ថៃ​ មាន​ពួក​ Rohingya រាប់ពាន់​នាក់ទៀត​ប្រាកដ​ជា​កំពុង​ឋិត​នៅ​ក្នុង​សមុទ្រ​នៅលើ​ទូក​មាន​ភាព​ទ្រុឌទ្រោម​។

«ខ្ញុំ​យក​ចិត្ត​ទុកដាក់​ចង់​ឃើញ​ថា​តើ​មាន​ពួក​ Rohingya ​ប៉ុន្មាន​នាក់​នឹង​ចាប់ផ្តើម​ឡើងគោក។ ​ខ្ញុំ​យល់​ថា ​យ៉ាង​តិចណាស់​ក៏​មាន​៧ពាន់​នាក់ដែរ​ នេះ​បើ​តាម​មតិ​របស់​ខ្ញុំ។ ក៏​ប៉ុន្តែ​ប្រហែល​មិន​មែន​ជន​ទាំង​អស់​នឹង​ឡើងគោក​ទេ​ ប្រហែល​មាន​ជន​ខ្លះ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ភូមាឬ​ប្រទេស​បង់ក្លាដេស​ វិញ។​ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ខិតខំ​ព្យាយាម​ឃ្លាំ​មើល​ស្ថានការណ៍នេះ»។

ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជនភៀស​ខ្លួន​ហៅ​កាត់​ថា​ UNHCR ស្ទង់​ប្រមាណ​ថា​ មាន​ពួក​ Rohingya និងជន​ជាតិ​បង់ក្លាដេស​ ២ម៉ឺន​៥ពាន់​នាក់​បាន​ជិះ​ទូក​របស់​ពួក​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ដែលមាន​ចំនួន​ពីរ​ដង​ច្រើន​ជាង​ចំនួនកាល​ពី​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០១៤៕

ប្រែសម្រួល​ដោយលោក ​ឈឹម សុមេធ