ការទទួលស្គាល់ដោយស្ងៀមស្ងាត់របស់អាមេរិកទៅលើយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ដ៏ប្រល័យរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវគេរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរនេះត្រូវបានគេបំភ្លេចចោល ហើយអាចនឹងឈានទៅដល់កិច្ចសហប្រតិបត្តិការសារជាថ្មីរវាងសម្ព័ន្ធមិត្តចាស់នេះ បើទោះជាការធ្វើដូច្នេះធ្វើឲ្យចិនព្រួយបារម្ភក៏ដោយ។
ឧបការីរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក James Walsh បានថ្លែងក្នុងការផ្តល់ព័ត៌មានត្រួសៗតាមទូរស័ព្ទកាលពីថ្ងៃទី៣១ មករា ថា លោកមាន«សុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្ន» អំពីរបៀបដែលប្រទេសហ្វីលីពីនបោសសម្អាតគ្រឿងញៀន ហើយថា សហរដ្ឋអាមេរិកនឹងគាំទ្រយុទ្ធនាការនេះ ដរាបណាយុទ្ធនាការនេះធ្វើឡើងដោយស្របច្បាប់។
ក្រុមសកម្មជនជឿជាក់ថា រដ្ឋាភិបាលរបស់លោក Duterte បានអនុញ្ញាតឲ្យមន្ត្រីនគរបាលបាញ់សម្លាប់មនុស្សរហូតដល់ទៅ៧ពាន់នាក់ ដោយគ្មានការកាត់ទោស ចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៦ មក។
គេហទំព័ររបស់ប្រធានាធិបតីហ្វីលីពីនបានសរសេរថា៖«អត្ថាធិប្បាយរបស់លោក Walsh ឲ្យតម្រុយថា ការកោតសរសើរពីឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់របស់រដ្ឋបាលនេះកំពុងមានការកើនឡើង»។
ការផ្លាស់ប្តូរពាក្យសម្តី ក្រោយពេលមានជំនួបដ៏សុទិដ្ឋិនិយមរវាងលោក Duterte និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកា បានចាប់ផ្តើមធ្វើឲ្យមេដឹកនាំហ្វីលីពីនដែលមានសម្តីឆៅរូបនេះ បន្ធូរបន្ថយពាក្យសម្តីរបស់លោកដែលធ្លាប់និយាយប្រឆាំងនឹងសហរដ្ឋអាមេរិក ជាពិសេសទៅលើការរិះគន់របស់អាមេរិកកាលពីអតីតកាលទៅលើយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀននេះ។
លោក Duterte បានប្រៀបធៀបអ្វីដែលលោកបានថ្លែងនោះទៅនឹងការបង្កើតចំណងមេត្រីភាពជាមួយនឹងគូសត្រូវរបស់សហរដ្ឋអាមេរិកនៅសម័យសង្គ្រាមត្រជាក់ គឺប្រទេសចិន។
លោក Batongbacal សាស្ត្រាចារ្យផ្នែកច្បាប់និងកិច្ចការដែនសមុទ្រអន្តរជាតិនៅសាកលវិទ្យាល័យប្រទេសហ្វីលីនបាននិយាយថា៖ «អ្នកអាចនិយាយបានថា ទំនាក់ទំនងនេះប្រហែលជាត្រូវបានធ្វើឲ្យមាននឹងនរឡើងវិញ»។
កិច្ចសហប្រតិបត្តិការបន្ថែមរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន
អ្នកជំនាញនិយាយថា ទំនាក់ទំនងកាន់តែល្អប្រសើរជាមួយសហរដ្ឋអាមេរិកអាចស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ ទន្ទឹមនឹងការការពារទំនាក់ទំនងផ្នែកសេដ្ឋកិច្ច។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមអ្នកវិនិយោគបរទេសកំពូលនៅក្នុងប្រទេសហ្វីលីពីន ជាមួយនឹងទឹកប្រាក់ជាង៤,៥៨ពាន់លានដុល្លារនៅក្នុងការវិនិយោគផ្ទាល់ដែលកំពុងកើតមាន។ អាមេរិកក៏ជាប្រភពនៃការងារសម្រាប់ពលរដ្ឋហ្វីលីពីនជាង៣,៤លាននាក់ដែលរស់នៅក្រៅប្រទេសផងដែរ។
សហរដ្ឋអាមេរិកបានបង្ហាញសញ្ញាថា ខ្លួនមានបំណងផ្តល់ជំនួយផ្នែកកិច្ចការពារប្រទេសដល់ហ្វីលីពីន ដែលអ្នកខ្លះយល់ថាជំនួយនេះមានសារៈសំខាន់សម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកកាន់តែធំនៅអាស៊ី ដែលធ្វើឡើងក្នុងបំណងទប់ស្កាត់ការរីករាលដាលរបស់ប្រទេសចិនដែលជាប្រទេសខ្លាំងជាងគេបំផុតក្នុងតំបន់។
កាលពីខែមុន សហរដ្ឋអាមេរិកបានប្រកាសនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនមួយដែលមានឈ្មោះថា «Operation Pacific Eagle-Philippines» ឬ ប្រតិបត្តិការឥន្ទ្រីប៉ាស៊ីហ្វិក ហ្វីលីពីន» ដើម្បីបញ្ឈប់អំពើភេរវកម្មនៅលើកោះ Mindanao ដែលជាកោះមានភាពចលាចល ហើយនៅទីនោះអំពើហិង្សាបង្កដោយជនឧទ្ទាមកាន់សាសនាឥស្លាមបានបណ្ដាលឲ្យស្លាប់មនុស្សប្រមាណ ១សែន២ម៉ឺននាក់ចាប់តាំងពីទសវត្សរ៍ ១៩៦០មក។ កងទ័ពហ្វីលីពីនបានវាយប្រហារលើក្រុមឧទ្ទាមមួយក្រុមអស់រយៈពេល៥ខែកាលពីឆ្នាំមុន។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្វីលីពីនបានចាប់ផ្តើមនូវកិច្ចខិតខំប្រឹងប្រែងមួយដែលមានទឹកប្រាក់ ៣៥៨,០០០ដុល្លារនៅខែកុម្ភៈនេះ ដើម្បីជួយដល់គម្រោងសុខុមាលភាពសង្គមចំនួន៣៧គម្រោង ដែលស្ថិតនៅលើកោះ Mindanao នេះដែរ។
ភាគីទាំងពីរនៅតែបន្តធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយគ្នាជារៀងរាល់ឆ្នាំ ប៉ុន្តែការសមយុទ្ធនេះបានជៀសឆ្ងាយពីតំបន់សមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបិទការចេញចូលនៅលើដែនទឹកដែលមានជម្លោះ។
ភាគីចិន
លោក Duterte បានក្លាយជាមិត្តជាមួយរដ្ឋាភិបាលក្រុងប៉េកាំង កាលពីចុងឆ្នាំ២០១៦ ដោយលោកទទួលបានទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារ ដែលបានពីការស្នើសុំជំនួយអភិវឌ្ឍន៍ពីចិននិងការវិនិយោគគម្រោងនានាដូចជាផ្លូវរថភ្លើងជាដើម។
លោក ត្រាំ សង្ឃឹមថា ចំណងទាក់ទងជាមួយប្រទេសហ្វីលីពីននឹងបញ្ឈប់រដ្ឋាភិបាលក្រុងម៉ានីលមិនឲ្យខិតកាន់តែជិតជាមួយប្រទេសចិន នេះបើតាមសម្តីរបស់លោក Eduardo Araralសាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិរបស់ប្រទេសសិង្ហបុរី។
ជនជាតិហ្វីលីពីនចំនួន៧០ភាគរយបានបង្ហាញការទុកចិត្តទៅលើសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៦ ហើយពលរដ្ឋចំនួន៣៩ភាគរយ បង្ហាញការជឿទុកចិត្តលើប្រទេសចិន។ នេះបើតាមការរកឃើញរបស់វិទ្យាស្ថាន Social Weather Stations មានមូលដ្ឋាននៅទីក្រុងម៉ានីល។
លោក Araral និយាយថា អ្វីដែលកើតមានទៅតាមការយល់ឃើញរបស់លោកឧបការីរង Walsh នោះគឺអាស្រ័យលើថា តើមេដឹកនាំផ្សេងទៀតរបស់សហរដ្ឋអាមេរិកប្រព្រឹត្តទៅលើប្រទេសហ្វីលីពីនយ៉ាងដូចម្តេច នាពេលអនាគត។
លោកនិយាយថា៖«វាអាស្រ័យលើថាតើសហរដ្ឋអាមេរិកនឹងប្រើសន្លឹកបៀរបស់ខ្លួនយ៉ាងដូចម្តេច។ ប្រសិនបើអាមេរិកលេងបែបសំឡុតគេ ឬជាថៅកែដែលវាយឫកធំនោះ វាមិនអាចដំណើរការល្អជាមួយលោក Duterte បានទេ។ ដូច្នេះ ពួកគេត្រូវតែបង្ហាញសារដែលល្អជាងនេះ»។
លោក Batongbacal និយាយថា លោក Duterte ប្រហែលមិនងាកមករករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដោយងាយស្រួលលឿនពេកទេ។ លោកមានការខឹងសម្បានឹងតួនាទីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្វីលីពីន តាំងពីមុនលោកឡើងកាន់អំណាចមកម៉្លេះ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វាមិនមានអ្វីផ្លាស់ប្តូរច្រើនទេ ពីព្រោះបើសិនអ្នកប្រៀបធៀបទៅអ្វីដែលគាត់កំពុងអនុវត្តគោលនយោបាយការបរទេសរបស់គាត់ជាមួយប្រទេសចិន ឬបើប្រៀបធៀបជាមួយគោលនយោបាយជាមួយសហភាពអឺរ៉ុបនោះ យើងឃើញថាមិនមានអ្វីប្រែប្រួលខុសពីមុនឡើយ»៕
ប្រែសម្រួលដោយ នៀម ឆេង