ក្នុងនាមជាអតីតតារាកម្មវិធីទូរទស្សន៍ម្នាក់ លោក ដូណាល់ ត្រាំ ចេះធើ្វឲ្យមានការទន្ទឹងរង់ចាំមើល ថាតើលោកនឹងតែងតាំងអ្នកណារហូតដល់ពេលប្រកាស។
សមាជិកក្រុមគ្រួសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សមាជិកសភាខាងគណបក្សសាធារណរដ្ឋ អនុប្រធានាធិបតី លោក Mike Pence ព្រមទាំងក្រុមអ្នកសារពត៌មាន បានមកជួបជុំគ្នានៅក្នុងសេតវិមានដើម្បីស្តាប់ការប្រកាសតែងតាំងចៅក្រមតុលាការកំពូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោកនិយាយថា៖ «ថ្ងៃនេះខ្ញុំកំពុងតែធ្វើតាមការសន្យាមួយទៀតរបស់ខ្ញុំ ទៅកាន់ពលរដ្ឋអាមេរិកាំង គឺធ្វើតាមរយៈការតែងតាំងលោកចៅក្រម Neil Gorsuch»។
លោក ត្រាំ ថ្លែងថាពលរដ្ឋអាមេរិកាំងរាប់លាននាក់បានដឹងថា អំណាចរបស់ប្រធានាធិបតីក្នុងការជ្រើសរើសចៅក្រមតុលាការកំពូលគឺជាការងារសំខាន់បំផុត នៅពេលដែលពួកគេទៅបោះឆ្នោត។ លោកបានជ្រើសរើសយកបុគ្គលដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Columbia សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Oxford និងជាចៅក្រមតុលាការឧទ្ធរណ៍សហព័ន្ធដែលមានវ័យ៤៩ឆ្នាំ ជាចៅក្រមតុលាការកំពូល។
លោកបន្តថា លោកដឹងថាវានឹងមានផលប៉ះពាល់យូរអង្វែង។ «ខ្ញុំតែងតែមានអារម្មណ៍ថា បន្ទាប់ពីការងារការពារប្រទេសជាតិ ការសម្រេចចិត្តដ៏សំខាន់ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក គឺការតែងតាំងចៅក្រុមតុលាការកំពូល។ ផ្អែកតាមអាយុ ចៅក្រមម្នាក់អាចធ្វើការបាន៥០ឆ្នាំ ហើយការសម្រេចចិត្តរបស់ចៅក្រម អាចមានសុពលភាពរហូតដល់មួយសតវស្សរ៍ ឬអាចយូរជាងនេះ នឹងអាចជាអចិន្រ្តៃយ៍»។
លោក Gorsuch ឆ្លើយតបយ៉ាងសប្បាយរីករាយចំពោះការតែងតាំងនេះ ដោយលោកនិយាយថា៖ «មានវត្តមានឈរនៅក្នុងគេហដ្ឋានជាប្រវត្តិសាស្រ្តមួយនេះ និងដឹងច្បាស់ពីអ្វីដែលជាគុណវិបត្តិរបស់ខ្ញុំ ខ្ញុំសូមសន្យានិងអះអាងថា បើសិនជាបានទទួលការអនុម័ត ខ្ញុំនឹងធ្វើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ បម្រើយ៉ាងស្មោះត្រង់ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសដ៏អស្ចារ្យមួយនេះ»។
លោក Gorsuch គឺជាបេក្ខជនដែលតែងតាំងដោយប្រធានាធិបតីសម្រាប់តំណែងចៅក្រមតុលាការកំពូលដែលនៅទំនេរ បន្ទាប់មរណភាពរបស់ចៅក្រមអភិរក្សនិយម លោក Antonin Scalia កាលពីខែកុម្ភៈឆ្នាំមុន។ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានផ្សព្វផ្សាយការសាទររបស់ខ្លួនភ្លាមៗ នៅតាមប្រព័ន្ធទាក់ទងសង្គម ខណៈពេលដែលសមាជិកខាងគណបក្សប្រជាធិបតេយ្យមួយចំនួននៅមានការមន្ទិលសង្ស័យ។
អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានតែងតាំងលោកចៅក្រម Marrick Garland ភ្លាមៗបន្ទាប់ពីមរណភាពរបស់លោក Scalia ក៏ប៉ុន្តែព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបានបដិសេធការតែងតាំងនេះ ដោយនិយាយថាវាកៀកពេលទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ការបដិសេធទៅលើបេក្ខភាពរបស់លោក Garland នេះ បានធ្វើឲ្យក្រុមអ្នកប្រជាធិបតេយ្យយ៉ាងច្រើនមានការខឹងសម្បា ហើយមនុស្សមួយចំនួនបាននាំគ្នាមកប្រមូលផ្តុំ នៅខាងមុខតុលាការកំពូលកាលពីយប់ថ្ងៃអង្គារដើម្បីប្រកាសឲ្យដឹងពីជំហរមិនពេញចិត្តរបស់ពួកគេទៅលើការតែងតាំងរបស់លោក Trump។
អ្នកតវ៉ាស្រែកថា៖ «នេះជាការតែងតាំងដ៏គ្រោះថ្នាក់មួយ។ លោកគិតពីរឿងនយោបាយមុនគិតពីពលរដ្ឋអាមេរិកាំង លោកគិតពីអំណាច ទ្រព្យសម្បត្តិ និងសារជីវកម្ម មុនគិតពីពលរដ្ឋអាមេរិកាំង។ យើងត្រូវការបុគ្គលដែលបើកចំហរដោយយុត្តិធម៌ និងឯករាជ្យ អង្គុយនៅលើកៅអីតុលាការកំពូល»។
លោក Gorsuch ទំនងជាប្រឈមនឹងការចោទសួរដ៏តានតឹង ពីសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ អ្នកដែលចង់ដឹងពីទស្សនៈរបស់លោកទៅលើបញ្ហាមួយចំនួន រួមទាំងបញ្ហាការរំលូតកូន និងការរឹតបណ្តឹងការធ្វើដំណើររបស់ជនភៀសខ្លួន និងពលរដ្ឋមូស្លីមមកពី៧ប្រទេសផ្សេងទៀតមិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា