លោក​ត្រាំ៖ ​មិត្តភាព​រវាង​ស្មាក្តី​ពិ​សេស​ជាមួយ​និង​អតីត​នាយក ​FBI​ គឺ​ជា«​ការ​រំខាន»

រូបឯកសារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ (ឆ្វេង) ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ Fox កាល​ពីពេល​កន្លង​ទៅ។

​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ទល់​មុខ​គ្នា​ជា​លើក​ទី១​ក្នុង​រយៈ​ពេល​៦​សប្តាហ៍ លោក​ប្រធានា​ធិបតី ​ត្រាំ បាន​និយាយ​ថា ​វាជា​ការ​រំខាន​បំផុត​ដែល​បុរស​ដឹកនាំ​ការ​ស៊ើប​អង្កេត​ពី​លទ្ធភាព​នៃ​ការ​ទាក់​ទង​រវាង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោក​និង​ប្រទេស​រុស្ស៊ី ​ជា​មិត្ត​ភ័ក្រ្ត​របស់​លោក ​James Comey អតីត​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI។

ប្រធានា​ធិបតី ត្រាំ​ បាន​ប្រាប់​កម្មវិធី ​Fox and Friends​ ក្នុង​បណ្តាញ​ទូរទស្សន៍ ​Fox News ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ​លោក​ Robert Mueller ​ស្មាក្តី​ពិសេស​នោះ​ គឺ​ជា​មិត្ត​ដ៏​ល្អ​បំផុត​ជាមួយ​លោក ​Comey ​ដែល​នេះ​ជា​ការ «រំខាន​បំផុត»។

លោក​ប្រធានា​ធិបតី ត្រាំ ក៏​បាន​ស្នើ​ដែរថា ​លោក​ Mueller​ ប្រហែល​ត្រូវចុះ​ចេញពី​ដំណែង​នៅ​ពេល​ណា​មួយ ដោយ​លោក​បាន​និយាយ​៣​ដង​ថា «យើង​នឹង​ត្រូវ​រង់​ចាំ​មើល‍​សិន» នៅ​ពេល​សួរ​ថា​តើ​លោក ​Mueller ​ត្រូវ​ដក​ខ្លួន​ចេញ​ពីការ​ស៊ើបអង្កេត​នេះ​ឬទេ។​ លោក​ប្រធានា​ធិបតី ត្រាំ ​បាន​និយាយ​ថា ​លោក​មានការ​ព្រួយ​កង្វល់​ថា ​លោក Mueller​ បាន​រក្សា​ទុក​ពួក​មេធាវី​ដែល​កាល​ពីពេល​មុន​បាន​រួម​វិភាគ​ទាន​ដល់ពួក​គណបក្ស​ប្រជាធិបតេយ្យ។

ទីភ្នាក់ងារ​ព័ត៌មាន ​Associated Press​ រាយការណ៍​ថា ​លោក​ Comey​ និង​លោក ​Mueller ត្រូវ​បាន​គេ​ដឹង​ថា ​មិនមែន​ជា​មិត្តភ័ក្រ្ត​ជិតសិ្នទ្ធ​នោះ​ទេ ប៉ុន្តែលោក​ទាំង២​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​ក្នុង​អំឡុង​រដ្ឋបាល​របស់​លោក ប៊ូស។ លោក​ David Kelley​ ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​និយាយថា ​លោក​ Mueller ​និង​លោក​ Comey មិន​បាន​ទៅ​លេង​ផ្ទះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ ហើយលោកទាំង​២​កម្រ​ទទួល​ទាន​អាហារ​ជាមួយ​គ្នា​ណាស់។

ពួក​អ្នក​ជំនាញ​ច្បាប់​និយាយ​ថា ​ទំនាក់​ទំនង​របស់​លោក​ទាំង​២​មិន​ជិតស្និទ្ធរហូតដល់តម្រូវ​ឲ្យ​ដក​លោក ​Mueller​ ចេញ​ពី​ស្មាក្តី​ពិសេស​នោះ​ទេ៕