ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​ថា ​មិនមានខ្សែអាត់​សំឡេង​​ការ​សន្ទនា​ជាមួយ​អតីត​នាយក FBI ​ដែល​លោក​បាន​បណ្តេញ​ចេញ​ទេ


លោក​ប្រធានាធិបតី​ត្រាំថ្លែង​នៅ​ក្នុង​ការជួបជុំ​មួយ​នៅ​ Cedar Rapids រដ្ឋ Iowa កាល​ពី​ថ្ងៃទី​២១ មិថុនា ២០១៧។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​លោក​មិន​បាន​ថតសំឡេង​ការ​សន្ទនា​របស់​លោក​ជាមួយ​លោក James Comey ​អតីត​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI​ ដែល​លោក​ត្រាំ​បាន​បណ្តេញ​ចេញពី​ដំណែង​នោះទេ ​បន្ទាប់​ពី​លោក Comey ​បាន​និយាយ​ថា ​លោក​ប្រធានា​ធិបតី ​បាន​ជំរុញ​ឲ្យ​លោក​បញ្ឈប់​ការស៊ើបអង្កេត​របស់​ទី​ភ្នាក់​ងារ​នៅក្នុង​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាលពី​ឆ្នាំទៅ​នោះ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ចប់​ភាព​មិន​ប្រាកដ​ប្រជាអស់​រាប់​សប្តាហ៍​អំពី​ថាតើ​លោក​បាន​ថត​សំឡេង​ការសន្ទនា​ឯកជន​នៅ​សេតវិមាន​ដែលលោក​បានធ្វើ​ឡើង​ជាមួយ​លោក Comey ដែរ​ឬទេ។

​ការ​សន្ទនានេះ​ជា​លក្ខណ​ឯក​ជន​នៅពេល​ទទួលទាន​អាហារ​ពេលល្ងាច​នៅ​ឯ​សេតវិមាន​ជាមួយ​លោក Comey​ភ្លាម​ៗ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ចូលកាន់​ដំណែង​កាល​ពី​ខែ​មករា ​នៅពេល​ដែល​លោក​ប្រធានាធិបតី​សុំភាព​ស្មោះត្រង់​ពី​លោក Comey ដែលលោក Comey ​មិន​បាន​សន្យា។

នៅ​ឯ​ជំនួប​ក្រោយមក​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ​លោក Comey បាន​ប្រាប់​គណៈកម្មការ​ព្រឹទ្ធសភា​កាល​ពីខែ​មុន​ថា ​លោក​ប្រ​ធា​នា​ធិបតី​បាន​ប្រាប់​លោក​ថា​លោក​សង្ឃឹម​ថា​លោក Comey អាច​បោះ​បង់​ចោល​ការ​ស៊ើបអង្កេត​លោក Michael Flynnអតីត​ទីប្រឹក្សា​សន្តិសុខជាតិ​ហើយ​នឹង​ការទាក់​ទង​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ប្រធានា​ធិបតី​ត្រាំ ​បាន​បណ្តេញ​លោក Flynn ​ចេញ​ពី​ដំណែង​មួយ​ថ្ងៃ​មុនពេល​បាន​ដឹងថា ​លោក Flynn ​បាន​ភូតកុហក​អនុប្រធានា​ធិបតី Mike Pence ​អំពី​ការ​ទាក់​ទង​របស់​លោក​ជាមួយ​លោក Srgey Kislyak ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG