ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ហៅ​លោក Trump ថា​ជា «មនុស្ស​វិកលចរិត‍»


លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​សម្រាប់​ការ​ជួបជុំ​មួយ​នៅ​មជ្ឈមណ្ឌល Cellular របស់​អាមេរិក នៅ​ក្នុង​ក្រុង Cedar Rapids កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​សម្រាប់​ការ​ជួបជុំ​មួយ​នៅ​មជ្ឈមណ្ឌល Cellular របស់​អាមេរិក នៅ​ក្នុង​ក្រុង Cedar Rapids កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ហៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថា​ជា «មនុស្ស​វិកលចរិត» ខណៈពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ភាព​តឹងតែង បន្ទាប់ពី​ការ​ស្លាប់​របស់​និស្សិត​អាមេរិកាំង​ឈ្មោះ Otto Warmbier ដែល​កូរ៉េ​ខាង​ជើង​បាន​ដោះលែង​កាល​ពី​សប្ដាហ៍​មុន ក្នុង​លក្ខណៈ​ភ្លឹកៗ។

សារព័ត៌មាន Rodong Sinmun ដែល​ជា​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​រាយការណ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​ក្នុង «ស្ថានការណ៍​តានតឹង‍» នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សារព័ត៌មាន​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លោក Trump លេង​សើច​ជាមួយ​នឹង​គំនិត​នៃ​ការ​ចង់​វាយ​ប្រហារ​បង្ការ​ទុក​មុន​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ដើម្បី​បង្វែង​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។

ការ​សាកល្បង​គ្រាប់​មីស៊ីល​ជា​ច្រើន​លើក​ច្រើន​សារ​តាំង​ពី​ឆ្នាំ​មុន បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ការ​ស្លាប់​របស់​និស្សិត​អាមេរិកាំង​ឈ្មោះ Warmbier រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​ទៅ​ទៀត។

លោក Trump រិះគន់​របប​ព្រៃផ្សៃ​របស់​កូរ៉េ​ខាង​ជើង និង​បាន​និយាយ​ថា លោក​ប្ដេជ្ញា​នឹង​ការពារ​មិន​ឲ្យ​សោកនាដកម្ម​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ស្លូត​ត្រង់​នៅ​ក្រោម​កណ្ដាប់​ដៃ​របប​ដែល​មិន​គោរព​នីតិរដ្ឋ ឬ​ក៏​តម្លៃ​មនុស្ស​ជា​មូលដ្ឋាន​នោះ​ទេ។

ការ​លើក​ឡើង​របស់​លោក Trump ត្រូវ​បាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In គាំទ្រ។ លោក Moon Jae In បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ មុន​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នា​សប្ដាហ៍​ក្រោយ ថា កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​និស្សិត​អាមេរិកាំង​រូប​នោះ៕

XS
SM
MD
LG