ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន​ពិភាក្សា​គ្នា​អំពី​ការ​លុកលុយ​របស់​រុស្ស៊ី​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន


លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​សរុប​ទៅ​កាន់​អ្នក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko នៅ​ក្នុង​ការិយាល័យ Oval Office នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​សរុប​ទៅ​កាន់​អ្នក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko នៅ​ក្នុង​ការិយាល័យ Oval Office នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​រហូត​ទាល់​តែ «រុស្ស៊ី​ដក​ការ​ត្រួតត្រា​របស់​ខ្លួន​ចេញ​ពី​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Sean Spicer ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ពេល​ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន។

លោក Spicer បាន​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ហើយ​យើង​ជឿ​ថា តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​អ៊ុយក្រែន ដូច្នេះ ទណ្ឌកម្ម​ទាំង​នេះ​នឹង​នៅតែ​មាន​ប្រសិទ្ធភាព​ដដែល‍»។

ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បាន​ប្រកាស​ខ្លួន​លោក​ថា លោក​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​លោក​បាន​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា «ដៃគូ​យុទ្ធសាស្ត្រ ដែល​គាំទ្រ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ជា​ទី​បំផុត‍» សម្រាប់​រដ្ឋាភិបាល​អ៊ុយក្រែន។

លោក Poroshenko បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​សម្របសម្រួល​ដ៏​មាន​ប្រសិទ្ធភាព​របស់​យើង​អាច​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស និង​ទឹកដី​អ៊ុយក្រែន ក៏​ដូចជា​អាច​គាំទ្រ​បូរណភាព និង​អធិបតេយ្យភាព​របស់​យើង​បាន‍»។

លោក Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ុយក្រែន សម្រេច​បាន​លទ្ធផល​ជា​ច្រើន‍ ហើយ​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ទីតាំង​មួយ ដែល​សហរដ្ឋ​អាមេរិក​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង។

សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​លោក Trump បាន​បង្ហាញ​ថា កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ឯ​សេតវិមាន ផ្ដោត​លើ​ការ​ពិភាក្សា​អំពី​ការ​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​គោល​នយោបាយ​កំណែ​ទម្រង់ ក៏​ដូចជា​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​លោក​ប្រធានាធិបតី Poroshenko៕

XS
SM
MD
LG