ការ​កាន់​តំណែង​ឆ្នាំ​ទី​១​របស់​លោក ​ត្រាំ​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្លាំង​ ប៉ុន្តែ​ការ​ស្ទង់​មតិ​ទាប

  • Jim Malone

លោក ដូណាល់ ត្រាំ ដើរ​ទៅកាន់​កន្លេែង​ថ្លែង​សុន្ទរកថា ដើម្បី​និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ March for Life នៅ Rose Garden​ របស់​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា។

នៅ​ថ្ងៃ​សៅរ៍​ ទី​២០​ ខែ​មករា​ គឺ​ជា​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ត្រាំ​ ​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​១​ឆ្នាំ។​ ឆ្នាំ​ទី​១​ ដ៏​ចម្រូង​ចម្រាស​របស់​លោក​មិន​ដូច​ប្រធានាធិបតី​មុនៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ​ទេ​ ហើយ​ឆ្នាំ​ ២០១៨​ នេះ​ប្រហែល​ដូច​ជា​ឆ្នាំ​មុន​ដែរ។

ចំពោះប្រធានាធិបតី​ទី​ ៤៥​ របស់​សហរដ្ឋ​អាមេរិក​ វា​ជា​ការ​ចាប់​ផ្តើម​ដ៏អង់​អាច​ក្លាហាន​មួយ។

លោក​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ​បាន​មាន​ប្រសាសន៍​ថា៖ «ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ គឺ​មាន​តែ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ជាធំ»។

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ចាត់​វិធានការកែ​ប្រែ​ច្បាប់​ជំនាន់​អតីត​ប្រធានាធិបតី​ លោក​ អូបាម៉ា​ និង​បំពេញ​អាសនៈទំនេរ​នៅ​តុលាការ​កំពូល។

ជោគ​ជ័យ​ធំ​ជាង​គេ​របស់​លោក​ គឺ​ច្បាប់កាត់​បន្ថយ​ពន្ធដារ​ដែល​សម្រេច​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​កាន់​តំណែង​ប្រធានាធិបតី​បាន​ ១១​ខែ។

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​សេចក្តី​ព្រាង​ច្បាប់​ ដែល​យើង​មាន​មោទនភាព​ណាស់។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ ហើយវា​នឹង​ជួយ​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក»។

លោក​ John Fortier​ អ្នក​វិភាគ​និយាយ​ថា​ ការ​អនុម័ត​ច្បាប់​ពន្ធ​ដារ​នេះ​ នឹង​ជួយ​ដល់​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​នេះ។

លោក​ John Fortier​ ថ្លែង​ថា៖ «គណបក្ស​សាធារណ​រដ្ឋ​ បាន​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធ​ដារ​នេះ​បាន​ទទួល​ការ​អនុម័ត​ កាល​ពី​ខែ​ធ្នូ​។ នេះ​ជា​ជោគ​ជ័យដ៏​សំខាន់​មួយ​ សម្រាប់​គណបក្ស​សាធារណរដ្ឋ​ ដូច្នេះ​ នេះ​ជា​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ផ្លូវ​ត្រូវ​វិញ»។

ប៉ុន្តែ​ ការ​កាន់​តំណែង​ឆ្នាំ​ទី​១​ របស់​លោក​ត្រាំ​ ក៏​មាន​ការ​បរាជ័យ​ផង​ដែរ​ ដូច​ជា​ការ​បរាជ័យ​ក្នុង​ការ​លុប​ចោល​ច្បាប់​ធានា​រ៉ាប់​រង​សុខភាព​ហៅ​ថា​ Obamacare​ ការ​ផ្ទុះ​ឡើង​ជា​ច្រើន​ដង​នូវ​វោហារសាស្ត្រ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​តាម​ប្រព័ន្ធ​សង្គម​ Twitter​ និង​ការ​ប្រើ​ពាក្យ​ច្រឡោះ​បោះរបស់​លោក​ទៅ​លើ​ប្រទេស​ហៃ​ទី​ និង​អាហ្វ្រិក​។ ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​មានកំហឹង​មក​ពីគណបក្ស​ប្រជាធិបតេយ្យ​ រួម​ទាំង​សមាជិក​សភា​ លោក Cory Booker​ ផង​ដែរ។

លោក​ CORY BOOKER​ បាន​មាន​ប្រសាសន៍​ថា៖ «ពាក្យ​ទាំង​នោះ​ មិន​បាន​រសាយ​បាត់​ដូច​អ័ព្ទ​ទៅ​តាម​ខ្យល់​នោះ​ទេ។ វា​បង្ក​ឲ្យ​មាន​របួស​ បំពុល​ និង​អាច​ធ្វើ​ឲ្យ​ពួក​ជ្រុល​និយម​ស្អប់​ប្រទេស​យើង»។

លោក​ John Hudak ​ អ្នក​វិភាគ​នៃ​វិទ្យាស្ថាន​ BROOKINGS ​ បាន​ថ្លែង​ថា​ ភាព​ចម្រូង​ចម្រាស់​របស់​លោក​ត្រាំ​ និង​ភាព​ដឹក​នាំ​ដែល​បង្ក​ការ​បែក​ខ្ញែក​របស់​លោក​ បន្ត​ធ្វើ​ឲ្យ​ការ​ស្ទង់​មតិ​របស់​លោក​ធ្លាក់​ចុះ​ បើ​ទោះ​ជា​សេដ្ឋ​កិច្ច​មាន​ភាព​រឹង​មាំ​ក៏​ដោយ។

លោក​ John Hudak​ បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ពលរដ្ឋ​វាយ​តម្លៃ​លោក​លើកត្តា​ផ្សេងៗ​ ជា​ជាង​តែ​កត្តាសេដ្ឋកិច្ច​អាមេរិក​ ហើយ​ករណី​នេះ​ពន្យល់​ថា​ អត្រា​បំពេញ​ការងារ​របស់​លោក​មាន​កម្រិត​ទាប»។

លោក​ Larry Sabato ​ អ្នក​វិភាគ​នៃ​សកលវិទ្យាល័យ VIRGINIA​ ថ្លែង​ថា​ ការ​ស្ទង់​មតិ​ប្រធានាធិបតី​ដែល​មាន​កម្រិត​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​លោក​ត្រាំ​ ក៏​អាច​ជួយ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដែរ។

លោក​ LARRY SABATO​ ថ្លែង​ថា៖ «កាល​ណា​មាន​រឿង​ចម្រូង​ចម្រាស​បែប​នេះ​ ពលរដ្ឋ​មិន​បាន​បែង​ចែក​រវាង​ប្រធានាធិបតី​ដែល​មិន​មាន​ប្រជាប្រិយ​ភាព​ និង​អ្នក​ដែល​ចង់​ព្យាយាម​ដក​ខ្លួន​ចេញ​ពីប្រធានាធិបតី​ដែល​មិន​មាន​ប្រជា​ប្រិយ​ភាព​នោះ​ទេ»។

សម្រាប់​ឆ្នាំ​ ២០១៨​នេះ​ លោក​ ត្រាំ ​សង្ឃឹម​ថា​ សេដ្ឋ​កិច្ច​ដ៏​រឹង​មាំ​នេះ​អាច​ធ្វើ​ឲ្យ​ការ​ស្ទង់​មតិ​របស់​លោក​ប្រសើរ​ឡើង​វិញ។

ប៉ុន្តែ​ ការ​ដែល​អាច​ចាញ់​ឆ្នោត​សភា​នៅ​ខែ​វិច្ឆិកា​ និង​ការ​ស៊ើប​អង្កេត​ពី​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ដែល​មិន​ចេះ​ចប់​នោះ​ អាច​ធ្វើ​ឲ្យ​ការ​កាន់​តំណែង​របស់​លោក​នៅ​ឆ្នាំ​ទី២​ រឹត​តែ​ពិបាក​ជាង​ឆ្នាំ​ទី​១​របស់​លោក៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង