ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ទទួល​សំណើ​ផ្ដល់​សិទ្ធិ​ឡើង​វិញ​ដល់​ជន​អន្តោប្រវេសន៍​ក្រោម​កម្មវិធី DACA


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ថ្លែង​អំពីកំណែទម្រង់​មន្ទីរឃុំឃាំងនៅ​ក្នុង​បន្ទប់​ Roosevelt ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១១ មករា ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ថ្លែង​អំពីកំណែទម្រង់​មន្ទីរឃុំឃាំងនៅ​ក្នុង​បន្ទប់​ Roosevelt ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១១ មករា ២០១៨។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ខ្លួន​បាន​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ទទួល​សំណើ​ដើម្បី​ផ្ដល់​សិទ្ធិ​ជា​ថ្មី​ដល់​ជន​អន្តោប្រវេសន៍​នៃ​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ដែល​ហៅ​កាត់​ថា DACA។

ការ​ប្រកាស​របស់​ទីភ្នាក់ងារ​សេវាកម្ម​សញ្ជាតិ និង​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ចៅក្រម​មួយ​រូប​កាល​ពី​សប្ដាហ៍​មុន​បាន​រារាំង​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​បញ្ចប់​កម្មវិធី DACA នេះ។

ទីភ្នាក់ងារ​សេវាកម្ម​សញ្ជាតិ និង​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​លើ​វិបសាយ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «រហូត​ទាល់តែ​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត គោល​នយោបាយ​នៃ​កម្មវិធី DACA នេះ នឹង​ដំណើរការ​ជា​ធម្មតា​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ស្រាប់​មុន​ពេល​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ‍»។

សេចក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា អ្នក​ដែល​ពី​មុន​ទទួល​បាន​សិទ្ធិ​ការពារ​ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ក្រោម​កម្មវិធី DACA នេះ អាច​ដាក់​ពាក្យ​សុំ​ឲ្យ​មាន​ការ​បន្ត​ជូន​នូវ​សិទ្ធិ​ដូច​នេះ​ដល់​ខ្លួន​ឡើង​វិញ។ សេចក្ដី​ប្រកាស​នោះ​បាន​បន្ថែម​ទៀត​ថា ទីភ្នាក់ងារ​សេវាកម្ម​សញ្ជាតិ និង​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​នឹង​មិន​ទទួល​សំណើ​ពី​អ្នក​ដែល​មិន​ដែល​ទទួល​បាន​សិទ្ធិ​ក្រោម​កម្មវិធី DACA នេះ​នោះ​ទេ។

ការ​ពន្យារ​ពេល​កម្មវិធី DACA នេះ បាន​ផ្ដល់​សេរីភាព​ឲ្យ​រដ្ឋអាជ្ញា​ធ្វើ​ការ​សម្រេច​លើ​ការ​ពង្រឹង​ច្បាប់​អន្តោ​ប្រវេសន៍។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ លោក Trump បាន​លុប​ចោល​នូវ​កម្មវិធី DACA នេះ ដែល​នេះ​ជា​កម្មវិធី​មួយ​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី Barack Obama ដើម្បី​ការពារ​ជន​អន្តោប្រវេសន៍​ជិត ៨ សែន​នាក់ ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ដែល​ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ​ត្រូវ​បាន​ឪពុក​ម្ដាយ​ពួកគេ​នាំ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​ពួកគេ​នៅ​ជា​កុមារ ហើយ​ឥឡូវ​នេះ អ្នក​ទាំង​នោះ​នៅតែ​រស់នៅ​ដោយ​ខុស​ច្បាប់​ដដែល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG