ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកមិនមែនជាអ្នកប្រកាន់ពូជសាសន៍នោះទេ។ លោកបដិសេធដូច្នេះគឺក្នុងរយៈពេល ៣ ថ្ងៃក្រោយមក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកបាននិយាយសំដៅលើជនអន្តោប្រវេសន៍ដែលមកពីប្រទេសហៃទី អែលសាល់វាឌ័រ និងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកថាជាអ្នកមកពី «ប្រទេសគួរឲ្យខ្ពើមរអើម»។
លោក Trump បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ថា៖ «ខ្ញុំគឺជាមនុស្សប្រកាន់ពូជសាសន៍តិចតួចជាងគេបំផុត»។
បើយោងទៅតាមអ្នកចូលរួមមួយចំនួននៅក្នុងការប្រជុំរបស់សេតវិមានអំពីបញ្ហាអន្តោប្រវេសន៍ លោក Trump បានចោទជាសំណួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកអនុញ្ញាតឲ្យជនអន្តោប្រវេសន៍មកពីប្រទេសហៃទី អែលសាល់វាឌ័រ និងបណ្ដាប្រទេសអាហ្វ្រិកនានាចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។ ហើយលោកបាននិយាយថា លោកចង់បានជនអន្តោប្រវេសន៍ច្រើនបន្ថែមទៀតមកពីបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសន័រវែសជាដើម។ លោកក៏បានបញ្ជាក់ផងដែរថា លោកមិនចង់បញ្ចូលប្រទេសហៃទីទៅក្នុងកិច្ចព្រមព្រៀងកំណែទម្រង់អន្តោប្រវេសន៍នោះទេ។
ទោះបីជាសេតវិមានមិនដែលបដិសេធអំពីការប្រើប្រាស់ពាក្យអសុរោះរបស់លោក Trump ក្នុងការនិយាយអំពីជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ក៏ដោយ ក៏លោក Trump បានបដិសេធលើរឿងនេះ។
លោក Trump បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំមិនដែលនិយាយពាក្យប្រមាថមើលងាយណាមួយទៅលើប្រទេសហៃទីនោះទេ។ រឿងនេះបានបង្កើតឡើងដោយគណបក្សប្រជាធិបតេយ្យ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋហៃទី។ ការប្រជុំនៅពេលអនាគតប្រហែលជាគួរតែថតទុក ដោយសារតែមិនអាចទុកចិត្តបានសោះ»។
លោក Dick Durbin សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Illinois ខាងគណបក្សប្រជាធិបតេយ្យ ដែលចូលរួមនៅក្នុងការប្រជុំនោះដែរ បានអះអាងថា លោក Trump ពិតជាបានប្រើពាក្យប្រមាថមើលងាយមែន៕