លោក​ ត្រាំ ​ច្រាន​ចោល​ម្តង​ទៀត​ការសន្និដ្ឋាន​របស់ CIA ​ថា​ប្រទេស​រុស្ស៊ី​បាន​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត

លោក​ ដូណាល់​ ត្រាំ ពេល​ផ្តល់​សម្ភាសន៍​ដល់​ទូរទស្សន៍ Fox News កាល​ថ្ងៃ​ទី១០ ខែ​ធ្នូ នៅ Trump Tower។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​លើ​ការ​សន្និដ្ឋាន​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​កណ្តាល​សហរដ្ឋ​អាមេរិក CIA ដែល​ថា​ប្រទេស​រុស្ស៊ី​បានជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ដើម្បី​ជួយ​លោក​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត។ ​

លោក ​ត្រាំ​ បាន​ចោទ​សួរ​ថា ​តើ​ហេតុ​អ្វីបាន​ជាការ​អះអាង​នេះ​មិន​ត្រូវ​បាន​គេ​ធ្វើ​មុនការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​មុន។

នៅ​ក្នុង​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ ​Twitter​ លោក ត្រាំ​ បាន​អះអាង​ថា ​ប្រសិនបើ​លោក​ស្រី ហ៊ីឡារី​ គ្លីនតុន​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ឆ្នោត​ប្រធានា​ធិបតី​វិញ​ហើយ​ពួក​គណ​បក្ស​សាធារណរដ្ឋ​ព្យាយាម​លេង​សន្លឹក​បៀ​រុស្ស៊ី​និង​ CIA​ វិញ គេ​នឹង​ហៅ​ថា​ទ្រឹស្តី​ឃុប​ឃិត​គ្នា​មិន​ខាន។

​ប្រធានាធិបតីជាប់​ឆ្នោត​ ដូណាល់ ត្រាំ និយាយ​បន្តទៀត​ថា៖ «​ប្រសិនបើ​លោកអ្នក​មិន​អាចចាប់​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​បាន ​វា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​សម្រេច​ថា​តើ​នរណា​បាន​លួចចូល​ក្នុង​ប្រព័ន្ធកំព្យូទ័រ​នោះ។ ​តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​លើក​ឡើង​បញ្ហា​នេះ​មុនពេល​បោះឆ្នោត‍»។

លោក Jason Miller ​អ្នកនាំ​ពាក្យ​របស់​លោក ត្រាំ ​បាន​ហៅ​ការ​សន្និដ្ឋាន​របស់​ទីភ្នាក់​ងារ CIA​ ថា​ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ជ័យ​ជម្នះ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់ ត្រាំ ជា​ការ​ខុស​ច្បាប់។

កំណត់​សម្គាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ ត្រាំ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោកបាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Fox News ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​«ការ​សន្និដ្ឋាន​របស់​ទីភ្នាក់​ងារ CIA ​អំពីការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ​របស់​រុស្ស៊ី​ជំរុញ​ឲ្យ​លោក​មាន​ឱកាស​ឈ្នះ​ឆ្នោត​ជា​ការ​គួរឲ្យ​អស់​សំណើច»​ហើយ​លោក​បាន​ហៅ​ការ​លើក​ឡើង​ដូច្នេះ​នេះ​ជា​ការ​ដោះសារ​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ជ័យ​ជម្នះ​ដ៏​គួឲ្យ​ភ្ញាក់​ផ្អើល​លើ​លោក​ស្រី​ គ្លីនតុន​ ដែល​ជាអតីត​រដ្ឋ​មន្រ្តី​ការបរ​ទេស​សហរដ្ឋ​អាមេរិក៕