ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ព្រួយ​បារម្ភ​ខ្លាំង​អំពី​មតិ​លើក​ឡើង​របស់​លោក Donald Trump ចំពោះ​កោះ​​តៃវ៉ាន់


ទស្សនាវដ្ដី​មួយ​ក្បាល​បាន​ដាក់​រូប​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump នៅ​លើ​ក្រប​ ក្នុង​ហាង​សៀវភៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី ១២ ធ្នូ ២០១៦។

រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​មតិ​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump អំពី​ថា​តើ​សហរដ្ឋ​អាមេរិក​គួរ​បន្ត​គោល​នយោបាយ​ទទួល​ស្គាល់​ចិន​តែ​មួយ ដរាប​ណា​រដ្ឋាភិបាល​ចិន​ផ្ដល់​សម្បទាន​ពាណិជ្ជកម្ម ឬ​ក៏​យ៉ាង​ណា​នោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន នៅ​ក្នុង​ឆ្នាំ ១៩៧៩ សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​ចិន ដោយ​ក្នុង​នោះ បាន​ទទួល​ស្គាល់​គោល​ជំហរ​ចិន​តែ​មួយ ហើយ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា គោល​នយោបាយ​នេះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន និង​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក Trump «ស្វែង​យល់​ឲ្យ​បាន​ហ្មត់ចត់» ចំពោះ​បញ្ហា​នេះ។

កាសែត​រដ្ឋ​ចិន Global Times បាន​បញ្ជាក់​ថា លោក Trump «ខ្វះ​ការ​ពិចារណា» ដែល​គិត​ថា លោក​អាច​ប្រើ​ប្រាស់​គោល​នយោបាយ​តៃវ៉ាន់​នេះ ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​ចរចា​សេដ្ឋកិច្ច ហើយ​ថា លោក Trump «ចាំបាច់​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​កិច្ចការ​បរទេស​ឲ្យ​បាន​សមរម្យ»។

កាសែត​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​បើ​លោក Trump គាំទ្រ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ ឬ​ក៏​គាំទ្រ​ការ​លក់​អាវុធ​ដល់​តៃវ៉ាន់ ប្រទេស​ចិន «នឹង​មិន​មាន​ហេតុផល​ណា​មួយ ដើម្បី​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន លើ​កិច្ចការ​អន្តរជាតិ​នោះ​ទេ» ហើយ​ប្រទេស​ចិន​អាច​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដល់​គូរ​បដិបក្ខ​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG