ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាអំពីសន្តិសុខតាមព្រំដែនជាមួយពួកសមាជិកសភាគណបក្សសាធារណរដ្ឋ និងជំនួយការជាន់ខ្ពស់នៅសេតវិមាន កាលពីថ្ងៃសៅរ៍ ចំពេលមានការបិទរដ្ឋាភិបាលមួយផ្នែកក្រោយពីព្រឹទ្ធសភាមិនអាចសម្រេចបាននូវការសម្របសម្រួលច្បាប់ចំណាយថវិកាដែលរាប់បញ្ចូលទាំងលុយ៥ពាន់លានដុល្លារសម្រាប់ធ្វើជញ្ជាំងតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលស្នើដោយលោកប្រធានាធិបតី។
ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ត្រូវបានគេសួរថា តើហេតុអ្វីគណបក្សប្រជាធិបតេយ្យមិនមានវត្តមាននៅក្នុងកិច្ចប្រជុំនៅសេតវិមាននៅពេលដែលលោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ពួកគេត្រូវទទួលខុសត្រូវចំពោះការបិទរដ្ឋាភិបាលមួយផ្នែកនេះ។
មន្ត្រីនេះនិយាយថា៖ «វាសំខាន់ណាស់ដែលសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចូលរួមហើយចាប់ផ្តើមចរចាជាមួយយើង។ ការសន្ទនាកាលពីយប់មិញបានកើតឡើង។ យើងសង្ឃឹមថា អ្នកទាំងនោះនឹងបន្តនៅថ្ងៃនេះ ថ្ងៃស្អែក និងពេលអនាគត។ ប៉ុន្ដែវាសំខាន់ណាស់ថា ពួកគេត្រូវទទួលស្គាល់ថា សន្តិសុខព្រំដែន ឧបសគ្គនានាត្រូវតែជាផ្នែកមួយក្នុងនៃកញ្ចប់ថវិកានេះ»។
ការចរចានៅសភាកម្រិតបុគ្គលិកបានបន្តកាលពីថ្ងៃសៅរ៍ ប៉ុន្តែមេដឹកនាំព្រឹទ្ធសភាគណបក្សសាធារណរដ្ឋគឺលោក Mitch McConnell បាននិយាយថា រាល់កិច្ចព្រមព្រៀងជាដំបូង ត្រូវមានការយល់ព្រមពីប្រធានាធិបតីនិងអ្នកដឹកនាំសភាមុនពេលបោះឆ្នោត។ ប្រហែលមួយភាគបួននៃស្ថាបនរដ្ឋាភិបាលអស់ថវិកានៅម៉ោង១២ព្រឹកថ្ងៃសៅរ៍ម៉ោងទីក្រុងវ៉ាស៊ីនតោន។ ការងារបុគ្គលិករដ្ឋាភិបាលជាង៨សែននាក់ ត្រូវបានរំខានហើយជាងពាក់កណ្តាលនៃបុគ្គលិកទាំងនោះត្រូវបានគេតម្រូវឱ្យធ្វើការដោយគ្មានប្រាក់ខែ៕