ប្រធានាធិបតីអាមេរិកលោក Donald Trump មិនចុះហត្ថលេខាលើច្បាប់ដើម្បីបញ្ចៀសការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលនៅកណ្តាលយប់ថ្ងៃសុក្រនោះទេ ព្រោះច្បាប់នេះមិនមានប្រាក់សម្រាប់ធ្វើជញ្ជាំងដែលលោកចង់សាងសង់តាមបណ្តោយព្រំដែនអាមេរិក - ម៉ិកស៊ិកដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមមេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍។
នៅពេលលោកចេញពីកិច្ចប្រជុំនៅសេតវិមានជាមួយលោក Trump លោក Paul Ryan ប្រធានរដ្ឋសភា បាននិយាយថា លោកប្រធានាធិបតីមាន «ការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខតាមព្រំដែន»។
សមាជិកសភាលោក Kevin McCarthy មេដឹកនាំសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោក Trump ជឿជាក់ថា ការចុះហត្ថលេខាលើវិធានការផ្តល់មូលនិធិបណ្ដោះអាសន្នដែលបានអនុម័តដោយព្រឹទ្ធសភាដើម្បីឱ្យរដ្ឋាភិបាលដំណើរការទាំងស្រុងដល់ថ្ងៃទី៨ខែកុម្ភៈប៉ុន្តែមិនរាប់បញ្ចូលថវិកាសម្រាប់ធ្វើរបងព្រំដែននោះគឺជាការអូសបណ្តាលពេល «ជជែកវែកញែកអំពីឧបសគ្គ»។
សមាជិកសភាបាននិយាយថា ពួកគេនឹងព្យាយាមយល់ព្រមតាមការទាមទាររបស់លោកប្រធានាធិបតី ដោយបន្ថែមការផ្តល់មូលនិធិធ្វើជញ្ជាំងនៅក្នុងកំណែទម្រង់ច្បាប់ថវិការបស់សភាតំណាង។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានជំទាស់យ៉ាងខ្លាំងចំពោះការចំណាយប្រាក់៥ពាន់លានដុល្លារដំបូងសម្រាប់លើជញ្ជាំងដែលត្រូវចំណាយទឹកប្រាក់២០ពាន់លានដុល្លារដែលលោក Trump អះអាងថា នឹងរារាំងជនអន្តោប្រវេសន៍ខុសច្បាប់ ហើយអ្នកគណបក្សសាធារណរដ្ឋមួយចំនួនក៏បានជំទាស់ផងដែរ៕