ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ ពិចារណា​អំពី​ការ​ដក​ទាហាន​អាមេរិកាំង​ប្រមាណ​៧​ពាន់​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គនីស្ថាន


រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​ស្តាប់​ការ​ណែ​នាំ​អំពី​សន្តិសុខ​មុន​ពេល​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត Logar ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​ស្តាប់​ការ​ណែ​នាំ​អំពី​សន្តិសុខ​មុន​ពេល​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត Logar ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​អាមេរិកាំង​និយាយ​ថា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ កំពុង​ពិចារណា​អំពី​ការ​ដក​ទាហាន​ស.រ.អា.​ច្រើន​ក្រាស់​ក្រែល​ពី​ប្រទេស​អាហ្វហ្គនីស្ថាន​ គឺប្រមាណ​ពាក់​កណ្តាល​នៃ​ទាហាន​ចំនួន​ជាង​១ម៉ឺន​៤​ពាន់​នាក់​ដែល​បម្រើការ​នៅ​ទី​នោះ។

តាម​រយៈ​ផែនការ​ដែល​បាន​ត្រូវ​រាយការណ៍​ថា​ ទាហាន​ស.រ.អា.​ប្រមាណ​៧​ពាន់​នាក់​នឹង​ចាប់​ផ្តើម​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ខែ​មករា​ ហើយ​ពួក​ទាហាន​នៅ​សេស​សល់​នឹង​វិល​មក​ប្រទេស​អាមេរិក​វិញ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ជា​លំដាប់​លំដោយ។

រហូត​មក​ដល់​ពេល​នេះ​គ្មាន​អត្ថាធិប្បាយ​ពី​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ឬទីបញ្ជាការ​កណ្តាល​ស.រ.អា.​ទេ។

ក្រុម​ទាហាន​ស.រ.អា.​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​មិន​ប្រយុទ្ធ​របស់​អង្គការ​អូតង់​ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ហ្វឹក​ហ្វឺន​និង​ផ្តល់​ការ​ណែនាំ​ដល់​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គនីស្ថាន​ក្នុង​ការ​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ខាង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផ្ទាល់។

អត្ថាធិប្បាយ​របស់​ពួក​មន្ត្រី​ស.រ.អា.​ទាំង​នេះ​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​របស់​លោក​ ត្រាំ​ ថា​ស.រ.អា.​នឹង​ដក​ទាហាន​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី៕

XS
SM
MD
LG