ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ធ្លាក់​ដល់​ដៃ​ព្រឹទ្ធ​សភា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​


រូប​វិមាន​កាពិតូល ដែល​ឆ្លុះ​ទៅ​នឹង​ទឹក​ភ្លៀង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៨។

លោក​ប្រធានាធិបតី ​Donald Trump ​បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​តាម ​Twitter ​ថា៖ «ឥឡូវ​នេះ​ ពួក​អ្នក​ប្រជា​ធិបតេយ្យ​ជា​អ្នក​សម្រេច​បិទ​រដ្ឋាភិបាល!»។

លោក​ថ្លែង​ដូច្នេះ​ បន្ទាប់​ពី​និយាយ​ថា ​លោក​នឹង​ទទួល​ខុស​ត្រូវ​ដោយ​មោទនភាព​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ ប្រសិន​បើ​សភា​មិន​បាន​អនុម័ត​ច្បាប់​ដែល​រួម​បញ្ចូល​ប្រាក់​៥​ពាន់​លាន​ដុល្លារ​សម្រាប់​ធ្វើ​ជញ្ជាំង​ព្រំដែន​ដែល​ជា​សំណើ​របស់​លោក។​

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ​សភា​តំណាង​រាស្ដ្រ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​អនុម័ត​ច្បាប់​គម្រោង​ចំណាយ​បណ្តោះ​អាសន្ន​ដែល​រួម​មាន​ថវិកា​សម្រាប់​ធ្វើ​ជញ្ជាំង​តាម​សំណើ​លោក​ប្រធានាធិបតី ហើយ​ព្រឹទ្ធ​សភា​ត្រូវ​បាន​រំពឹង​ថា ​នឹង​បោះឆ្នោត​លើ​វិធានការ​នេះ​នៅ​ថ្ងៃ​សុក្រ​ដោយ​សង្ឃឹម​ថា​នឹង​កែប្រែ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​សុក្រ។​

លោក ត្រាំ​ បាន​និយាយ​តាម​ Twitter ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖​ «ប្រសិន​បើ​គណបក្ស​ប្រជា​ធិបតេយ្យ​បោះ​ឆ្នោត​បដិសេធ​ ​នោះ​នឹង​មាន​ការ​បិទ​រដ្ឋាភិបាលរយៈ​ពេល​យ៉ាង​យូរ»។

ក្រោយ​មក​ នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ នៅឯ​សេតវិមាន លោក ត្រាំ​ ​បាន​បង្កើន​កើន​ទ្វេដង​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​រយៈ​ពេល​១១​ម៉ោង​របស់​លោក​ដើម្បី​បន្ទោស​ការ​បិទ​រដ្ឋាភិបាលទៅ​លើ​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ។ ​លោក​និយាយ​ថា៖ ​«យើង​នឹង​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​ឱ្យ​មាន​ការ​អនុម័ត​នៅ​ព្រឹទ្ធសភា។ ​តាម​មើល​ទៅ​មិន​អាច​ទទួល​បាន​ការ​អនុម័ត​ទេ។ ​វា​អាស្រ័យ​លើ​គណបក្ស​ប្រជា​ធិបតេយ្យ ​ដូច្នេះវា​ពិត​ជា​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​អ្នក​បិទរដ្ឋាភិបាល»។ ​

នៅក្នុង​ការ​ព្យាយាម​ជំរុញ​ឱកាស​តិច​តួច​ដើម្បី​បាន​ការ​អនុម័ត​ដោយ​ព្រឹទ្ធសភា​នោះ​ លោក ត្រាំ​ ​បាន​កោះ​ហៅ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណ​រដ្ឋ​ទៅ​សេតវិមាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​និង​សន្តិសុខ​ព្រំដែន។

ម្តង​ហើយ​ម្តងទៀត ​ លោក ​ត្រាំ​ ​បាន​ទាមទារ​ថវិកា​ដើម្បី​សាង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក​ម៉ិកស៊ិច ​ហើយ​លោក​បាន​ប្រាប់​មេដឹកនាំ​គណបក្ស​សាធារណ​រដ្ឋ​នៅមុន​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​នឹង​មិន​ចុះ​ហត្ថលេខា​លើ​ច្បាប់អនុម័ត​ដោយ​ព្រឹទ្ធសភា​ដែល​មិន​រាប់​បញ្ចូល​ថវិកា​សម្រាប់​ជញ្ជាំង​នោះ​ទេ៕

XS
SM
MD
LG