ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ​Jim Mattis​ ប្រកាស​លា​លែង​ពី​តំណែង​ក្រោយ​ពេល​មិន​យល់​ស្រប​ជាមួយ​លោក​ត្រាំ


រូបឯកសារ៖ លោក James Mattis (ឆ្វេង) និងលោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ពេល​ស្ដាប់​ការ​​ផ្ដល់​ព័ត៌មាន​មេ​ដឹកនាំយោធានៅ​សេត​វិមាន​ កាល​ពី​ខែ​តុលា ២០១៨។

រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​លោក ​Jim Mattis ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា ​លោក​បាន​លា​លែង​ពី​តំណែង​ដោយ​បាន​យក​លិខិត​លាលែង​របស់​លោក​ទៅ​កាន់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដោយ​ផ្ទាល់​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពេល​អាហារ​ថ្ងៃ​ត្រង់​នៅ​សេត​វិមាន។ ​

លិខិត​របស់​លោក​ Mattis ​មិន​និយាយ​ពី​ឈ្មោះ​លោក​ ត្រាំ​ ទេ​ ​តែ​បាន​បាន​គូស​បញ្ជាក់​ពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​ទស្សនៈ​របស់​លោក​និង​ទស្សនៈ​លោក​ប្រធានាធិបតី​ ជាពិសេស​អំពី​សារៈ​សំខាន់​នៃ​សម្ព័ន្ធ​មិត្ត​និង​ការ​ប្រើ​អំណាច​របស់​សហ​រដ្ឋអាមេរិក។ ​លោក ​Mattis ​បាន​សរសេរ​ថា៖ «យើង​ត្រូវ​តែ​មាន​ភាព​ម៉ឺង​ម៉ាត់​និង​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនងជាមួយ​ប្រទេស​ទាំង​នោះ​ដែល​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្ត​កាន់​តែ​មាន​ភាព​តាន​តឹង​ខ្លាំង​ឡើង​ជា​មួយ​យើង»។​

លោក​បាន​ព្រមាន​ថា រុស្ស៊ី ​និង​ចិន​ចង់​ចាត់​ចែង​ពិភព​លោក​តាម​បែប​ផ្តាច់​ការ​របស់​គេ​ ដោយ​សំឡេង​វ៉េតូ​ប្រឆាំង​ការ​សម្រេច​ចិត្ត​ខាងសេដ្ឋកិច្ច​ ខាង​ការទូត​ និង​ខាង​សន្តិសុខ​របស់​ប្រទេស​ទាំង​នោះ។ លោក ​Mattis​ បាន​សន្និដ្ឋាន​ដោយ​សរសេរ​ថា​ លោក​នឹង​លា​ចេញ​ពី​តំណែង​នៅ​ចុង​ខែ​កុម្ភៈ​នេះ។​

លោក​សរសេរ​ថា៖​ «ដោយសារ​លោក​ប្រធានាធិបតី​មាន​សិទ្ធិ​ជ្រើស​រើស​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​មាន​ទស្សនៈ​ស្រប​ជាមួយ​លោក​លើ​ប្រធាន​បទ​ទាំង​នេះ​ និង​ប្រធាន​បទ​ដទៃ​ទៀត ​ដូច្នេះ​ខ្ញុំ​ត្រូវ​ចុះ​ចេញ​ពី​តំណែង»។​

ការ​សម្រេច​ចិត្ត​របស់លោក Mattis ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ​ត្រាំ​ បាន​ប្រកាស​ថា ​លោក​នឹង​ដក​កង​ទ័ព​អាមេរិក​២,០០០​នាក់​ពី​ប្រទេស​ស៊ីរី ដែល​ជា​ការផ្លាស់​ប្តូរ​មួយ​ដែល​ក្រសួង​ការពារ​ជាតិ​បាន​ជំទាស់៕​

XS
SM
MD
LG