លោក ត្រាំ​ និង​​មេដឹកនាំ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បរាជ័យ​ក្នុង​ការ​បញ្ចប់​ការ​បិទទ្វារ​​រដ្ឋាភិបាល

ប្រធានាធិបតី​ ត្រាំ ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ក្រោយ​ពេល​មេដឹកនាំ​ព្រឹទ្ធសភា​បាន​បើក​កិច្ច​​ប្រជុំ​ស្តី​ពី​សន្តិសុខ​ព្រំដែន​នៅខណៈ​រដ្ឋាភិបាល​នៅបន្ត​បិទទ្វារ កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​នឹង​ពួក​មេដឹកនាំ​សភា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ ដើម្បី​បញ្ចប់​ការ​បិទ​ទ្វារ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ដោយសារ​តែ​មិន​មាន​ការព្រម​ព្រៀង​គ្នា​លើ​សំណើ​ថវិកា​សម្រាប់​សង់​ជញ្ចាំង​ព្រំដែន​រវាង​អាមេរិក​និង​ម៉ិកស៊ី។

អ្វី​ដែល​លោក ត្រាំ​ បាន​លើក​ឡើង​នេះ​ហាក់​ដូចជា​ផ្ទុយគ្នា​ស្រឡះ​ពី​អ្វី​ដែល​លោក Charles Schumer​ មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​លោក ត្រាំ​ នៅ​ឯសេតវិមាន​បាន​លើក​ឡើង។

​លោក ​Schumer ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ លោក​នឹង​ទុក​ឲ្យ​រដ្ឋាភិបាល​នៅ​បិទ​ទ្វារ​រយៈ​ពេល​យូរ​អាច​រាប់​ខែ​ឬ​ដល់​រាប់​ឆ្នាំ។

លោកស្រី ​Nancy Pelosi​ ប្រធាន​សភា​តំណាង​រាស្រ្ត​បាន​និយាយ​ថា​ លោក ត្រាំ​ និង​ពួក​មេដឹកនាំ​សភា​បាន​ជួប​ប្រជុំគ្នា​រយៈ​ពេល​យូរ​និង​ពេល​ខ្លះ​បាន​ទាស់​សម្តី​គ្នា។ លោក​ស្រី​បាន​បញ្ជាក់​ថា ​បញ្ហា​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​មិន​អាច​ដោះស្រាយ​បាន​ទេ​រហូត​ទាល់​តែ​យើង​បើក​ទា្វរ​រដ្ឋាភិបាល​វិញ។

ក្រៅ​ពី​អ្វី​ដែល​បាន​លើក​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​នោះ​ មាន​ការវិវត្តន៍​បន្តិច​បន្តួច​ដោយ​លោក ត្រាំ​ បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​មាន​គោល​ដៅ​ដូច​គ្នា​ដើម្បី​បើក​ទ្វារ​រដ្ឋាភិបាល​ឡើង​វិញ​ ហើយ​លោក​បាន​ព្យាយាម​បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការ​សង់​ជញ្ជាំង​ព្រំដែន​នេះ។

លោក​ Mitch McConnell ​មេដឹកនាំ​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​សេតវិមាន​និង​ពួកមេដឹកនាំ​សភា​នឹង​រៀបចំ​កិច្ច​ប្រជុំ​បុគ្គលិក​ដើម្បី​ពិភាក្សា​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ព្រម​ពៀង​គ្នា៕