ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសស្ថានភាពជាតិមានអាសន្ន ដោយរំលងសភាជាតិដើម្បីសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនប៉ែកខាងត្បូងរបស់សហរដ្ឋអាមេរិក។ ការណ៍នេះបង្កើតឱ្យមានការតតាំងផ្លូវច្បាប់មួយ ដែលអាចជួយកម្រិតដែនកំណត់នៃអំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។
ដោយបានព្រមានប្រឆាំងនឹងអ្វីដែលលោកហៅថាជា«ក្រុមយូកូង» និង«ការឈ្លានពាន»ដោយគ្រឿងញៀននិងឧក្រិដ្ឋកម្ម លោក ត្រាំ បានមានប្រសាសន៍ថា ការប្រកាសស្ថានភាពអាសន្ននេះ គឺជា«របស់ដ៏អស្ចារ្យដែលត្រូវធ្វើ»។
ក្នុងពេលប្រកាសនោះ លោក ត្រាំ ក៏បានលើកឡើងអំពី«ហ្វូងមនុស្សម្នាដែលដើរជាក្បួនដ៏អាក្រក់ក្រៃលែង» ដោយប្រហែលជាសំដៅដល់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិកកណ្តាល ដែលបានប៉ុនប៉ងម្តងហើយម្តងទៀតចូលមកក្នុងសហរដ្ឋអាមេរិក ក្នុងពេលលោកកាន់ដំណែងជាប្រធានាធិបតី។
លោក ត្រាំ ថ្លែងថា៖ «យើងកំពុងនិយាយអំពីការឈ្លានពានប្រទេសរបស់យើង ដោយមានគ្រឿងញៀន អ្នកជួញដូរមនុស្ស និងឧក្រិដ្ឋជនហើយនិងក្រុមជើងកាងគ្រប់ប្រភេទ»។
ការប៉ុនប៉ងរបស់លោកត្រាំ ដើម្បីឈានទៅមុខក្នុងការសង់ជញ្ជាំងតាមព្រំដែន ដែលជាការសន្យាដ៏សំខាន់របស់លោកក្នុងពេលឃោសនារកសំឡេងឆ្នោតនោះ ទំនងជាធ្វើឱ្យអ្នកគាំទ្រនយោបាយអភិរក្សនិយមរបស់លោកសប្បាយចិត្ត ប៉ុន្តែទង្វើនេះក៏បានពង្រីកការចោទប្រកាន់ដែលថា លោកត្រាំ កំពុងតែរំលោភអំណាចរបស់លោកក្នុងការប្រកាសអាសន្ននេះ៕