លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងប្រកាសស្ថានភាពជាតិមានអាសន្នដើម្បីឱ្យលោកអាចចៀសវៀងសភាហើយអាចទទួលប្រាក់សម្រាប់កសាងជញ្ជាំងមួយតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក។
សេតវិមានបាននិយាយថាលោក ត្រាំ នឹងថ្លែងសុន្ទរកថាអំពីសន្តិសុខជាតិនិងវិបត្តិមនុស្សធម៌នៅលើព្រំដែនខាងត្បូងរបស់អាមេរិកនៅព្រឹកថ្ងៃសុក្រនេះនៅម៉ោង១០ក្នុងសួនផ្កាកុលាប។
សភាតំណាងរាស្ត្រអាមេរិកាំងនិងព្រឹទ្ធសភាស.រ.អា.បានអនុម័តសេចក្តីព្រាងច្បាប់អំពីសន្តិសុខព្រំដែនកាលពីយប់ថ្ងៃព្រហស្បតិ៍ដើម្បីផ្តល់ប្រាក់កាសសម្រាប់ឱ្យរដ្ឋាភិបាលមានដំណើរការនិងដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធមួយលើកទៀត។ លោក ត្រាំ មានពេលវេលារហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះដើម្បីចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ ហើយសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងចុះហត្ថលេខា។
សេចក្តីព្រាងច្បាប់នេះផ្តល់ឱ្យលោកនូវប្រាក់តែ១,៣០០លានដុល្លារដើម្បីស្ថាបនារបាំងមួយនៅតាមព្រំដែនតែប្រវែង៩០គ.ម.ប៉ុណ្ណោះ គឺតិចជាងប្រាក់ចំនួន៥,៧០០លានដុល្លារដែលលោកចង់បាន។
ក៏ប៉ុន្តែការប្រកាសស្ថានភាពជាតិមានអាសន្នផ្តល់អំណាចឱ្យលោក ត្រាំ ក្នុងការផ្ទេរប្រាក់ពីកន្លែងឯទៀតក្នុងថវិកាសហព័ន្ធហើយប្រើប្រាស់ទឹកប្រាក់នេះសម្រាប់កសាងជញ្ជាំងព្រំដែន។
ប្រសិនបើលោកប្រធានាធិបតីប្រកាសស្ថានភាពជាតិមានអាសន្ន ពួកប្រជាធិបតេយ្យនិងជនឯទៀតៗប្រាកដជានឹងដាក់បណ្តឹងក្នុងតុលាការប្រឆាំងនឹងលោក—ដែលជាចំណាត់ការមួយអាចពន្យារពេលការស្ថាបនាពិតប្រាកដជាច្រើនឆ្នាំ។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងលោក Chuck Schumer មេដឹកនាំក្រុមប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាស.រ.អា.បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «ការប្រកាសស្ថានភាពជាតិមានអាសន្នអាចជាសកម្មភាពមួយមិនត្រឹមត្រូវតាមច្បាប់ទេ ជាការរំលោភធ្ងន់ធ្ងរមួយទៅលើអំណាចតំណែងប្រធានាធិបតីនិងជាការប៉ុនប៉ងមួយដើម្បីបង្វែរការយកចិត្តទុកដាក់ពីការពិតជាក់ស្តែងដែលប្រធានាធិបតី ត្រាំ មិនបានធ្វើតាមការសន្យារបស់លោកដែលថាឱ្យប្រទេសម៉ិកស៊ិក បង់ប្រាក់សម្រាប់ការស្ថាបនាជញ្ជាំងរបស់លោកនេះ»។
លោកស្រី Pelosi និងលោក Schumer មានប្រសាសន៍ថា ជញ្ជាំងព្រំដែនគ្មានប្រសិទ្ធិភាពប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ទេ ហើយអស់ប្រាក់ច្រើនថែមទៀតផង។ ពួកប្រជាធិបតេយ្យច្រើននាក់និយាយថា គ្មានស្ថានភាពអាសន្ននៅតាមព្រំដែនទេដោយពួកគេបានចោទប្រកាន់លោក ត្រាំ ថាប្រឌិតរឿងនេះ។
សម្ព័ន្ធមិត្តសាធារណរដ្ឋខ្លះរបស់លោក ត្រាំ នៅក្នុងសភាស.រ.អា.ក៏មានពិភាល់ដែរអំពីការប្រកាសស្ថានភាពមានអាសន្ននេះដែរ៕