ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជួបជុំ​នយោបាយ​ប្រឆាំង​គ្នា​ពីរ​ក្រុម​រឿង​សន្តិសុខ​ព្រំដែន​ធ្វើ​ឡើង​នៅ​ទីក្រុង El Paso រដ្ឋ Texas សហរដ្ឋ​អាមេរិក


មនុស្សម្នា​ឆ្លើយតប​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
មនុស្សម្នា​ឆ្លើយតប​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការ​ជួបជុំ​នយោបាយ​ប្រឆាំង​គ្នា​ពីរ​ក្រុម​ដែល​ស្ថិត​នៅ​ចម្ងាយ ២ រយ​ម៉ែត្រ​ពី​គ្នា​តែ​ប៉ុណ្ណោះ នៅ​ក្នុង​រដ្ឋ Texas សហរដ្ឋ​អាមេរិក បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​រឿង​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក។

លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា៖ «ថ្ងៃ​នេះ យើង​បាន​ចាប់ផ្ដើម​សាងសង់​ជញ្ជាំង​ព្រំដែន​ដ៏​ធំ​និង​ស្រស់​ស្អាត​មួយ​នៅ​ចំ​ពី​លើ​ទន្លេ Rio Grande»។ លោក Trump ថ្លែង​ដូច្នេះ​ចង់​សំដៅ​លើ​ជញ្ជាំង​ព្រំដែន​ដែល​កំពុង​សាងសង់​ឡើង​នៅ​តាម​ដង​ទន្លេ Rio Grande ដែល​បែងចែក​ប្រទេស​ម៉ិកស៊ិក​ពី​សហរដ្ឋ​អាមេរិក។

ស្រប​ពេល​លោក Trump ថ្លែង​នៅ​ឯ​កន្លែង​សម្ដែង​សិល្បៈ​ឬ​កីឡា​នៃ​ស្រុក El Paso លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា ដែល​ឥឡូវ​នេះ​កំពុង​លេច​មុខ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​នយោបាយ​មួយ​ដើម្បី​ប្រឆាំង​នឹង​គម្រោង​ជញ្ជាំង​ព្រំដែន​របស់​លោក Trump នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការ​ជួបជុំ​របស់​លោក Trump។

លោក Beto O'Rourke និយាយ​ដូច្នេះ​ថា៖ «ជញ្ជាំង​ព្រំដែន​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ទេ។ ប៉ុន្តែ វា​ជា​ការ​បញ្ចប់​ជីវិត​ទៅ​វិញ​ទេ។ នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​កុមារ ស្ត្រី និង​បុរស​ជាង ៤ ពាន់​នាក់ បាន​ស្លាប់​នៅ​ពេល​ព្យាយាម​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក»។

លោក Trump បាន​និយាយ​ថា មនុស្ស ៦ ម៉ឺន ៩ ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការ​ជួបជុំ​របស់​លោក ប៉ុន្តែ​មាន​តែ​មនុស្ស ១ ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ចូលរួម​នៅ​ខាង​ក្នុង​កន្លែង​ជួបជុំ​នោះ ចំណែក​ឯ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​មើល​ការ​ជួបជុំ​នេះ​តាម​ការ​ផ្សាយ​ផ្ទាល់​តាម​អេក្រង់​វីដេអូ​ដ៏​ធំ។

ការ​ជួបជុំ​នយោបាយ​ប្រឆាំង​គ្នា​ទាំង​ពីរ​ក្រុម​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​កាល​បរិច្ឆេទ​កំណត់​មក​ដល់​នៅ​ថ្ងៃ​សុក្រ ដែល​តម្រូវ​ឲ្យ​សភា​ឯកភាព​គ្នា​លើ​គម្រោង​សន្តិសុខ​ព្រំដែន ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ម្ដង​ទៀត៕

XS
SM
MD
LG