ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅ​ជម្នះ​រឿង​ព្រំដែន ស្រប​ពេល​ការ​បិទ​រដ្ឋាភិបាល​អាច​កើត​ឡើង​ម្ដង​ទៀត


លោក​ប្រធានាធបិតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ អំពី​បញ្ហា​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធបិតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ អំពី​បញ្ហា​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

ការ​ជជែក​ដេញដោល​រឿង​សន្តិសុខ​ព្រំដែន​សហរដ្ឋ​អាមេរិក​រាប់​ខែ​កន្លង​មក​នេះ បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឈម​នឹង​កាល​កំណត់​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ម្ដង​ទៀត។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ជញ្ជាំង​ព្រំដែន​ត្រូវ​បាន​សាងសង់​ឡើង ការ​ឆ្លង​ព្រំដែន​ខុស​ច្បាប់​នឹង​ធ្លាក់​ចុះ។ ខ្ញុំ​នឹង​សាងសង់​វា​ឡើង​ជា​មិន​ខាន»។

លោក​ប្រធានាធិបតី Trump ដែល​ប្រកាន់​ជំហរ​មិន​ងាករេ នៅតែ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​ដែល​ប្រកាន់​ជំហរ​មិន​ងាករេ​ដែរ។

អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ដូច្នេះ​ថា៖ «ច្បាប់​ថវិកា​នឹង​មិន​បញ្ចូល​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ណា​មួយ​នោះ​ទេ»។

កន្លង​មក មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​សម្រេច​បាន​ដោយ​គណៈកម្មាធិការ​ប្រជុំ​នៃ​សភា​ទាំង​ពីរ​ថ្នាក់​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ទាំង​ពីរ​នោះ​ទេ។ គណៈកម្មាធិការ​នេះ​មាន​តួនាទី​ស្វែងរក​ចំណុច​រួម​អំពី​បញ្ហា​សន្តិសុខ​ព្រំដែន​នៅ​មុន​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ដែល​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​នឹង​អស់​ម្ដង​ទៀត។

ប៉ុន្តែ លោក​ប្រធានាធិបតី Trump មាន​អំណាច​នៅ​ក្នុង​ដៃ​ក្នុង​នាម​ជា​អគ្គ​មេបញ្ជាការ​ជាតិ ដើម្បី​ប្រកាស​ដាក់​ប្រទេសជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​ដោយ​មិន​បាច់​ឆ្លងកាត់​ការ​អនុម័ត​របស់​សភា។

លោក Kevin Mccarthy មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​អាច​ជំទាស់​ចំពោះ​អំណាច​ផ្លូវ​ច្បាប់​របស់​លោក​បាន​ទេ​នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន»។

គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​គឺ​ជា​រឿង​មិន​ចាំបាច់ និង​មិន​ឆ្លាតវៃ។

លោក Chuck Schumer មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា និយាយ​ថា៖ «នៅ​ពេល​ណា​ដែល​ប្រធានាធិបតី​ជ្រៀតជ្រែក នៅ​ពេល​នោះ​មាន​បញ្ហា​កើត​ឡើង។ ដូច្នេះ ខ្ញុំ​អាច​ផ្ដល់​យោបល់​ចំពោះ​លោក​ប្រធានាធិបតី​ថា ប្រសិនបើ​លោក​មិន​ចង់​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល ប្រសិនបើ​លោក​មិន​ចង់​ចាំបាច់​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន ដែល​ជា​អ្វី​ដែល​ខ្ញុំ​ប្រឆាំង និង​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​នឹង​មិន​កើត​ឡើង​នោះ សូម​កុំ​ធ្វើ​វា»។

សមាជិក​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ខាង​គណបក្ស​សាធារណរដ្ឋ​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ផង​ដែរ។

លោក Mitch Mcconnell មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​ព្រឹទ្ធសភា និយាយ​ថា៖ «ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​កាល​ពី​អតីតកាល​គឺ​មិន​ដែល​ធ្វើ​ឡើង​ដោយ​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ។ ខ្ញុំ​ច្បាស់​ថា ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​នៅ​ពេល​នេះ​គឺ​នឹង​អាច​កើត​ឡើង​ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​គ្នា»។

លោក Trump នៅតែ​ជម្នះ​លើ​រឿង​នេះ ដោយ​លោក​បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «ជញ្ជាំង​ព្រំដែន​នឹង​ត្រូវ​សាងសង់​ឡើង​ទោះ​តាម​វិធី​ណា​ក៏​ដោយ»។

ជា​ទូទៅ អំណាច​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​នោះ​ទេ។

លោក Paul Schiff Berman សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ George Washington និយាយ​ថា៖ «ច្បាប់​សហព័ន្ធ​បាន​បញ្ជាក់​នូវ​ចំណុច​ជា​ច្រើន​ដែល​ប្រធានាធិបតី​អាច​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន​បាន​នៅ​ក្នុង​បរិបទ​ផ្សេងៗ»។

ប៉ុន្តែ មាន​ចំណុច​សំខាន់​មួយ ដែល​នោះ​គឺ​ស្ថានភាព​ប្រទេស​ជាតិ​ត្រូវតែ​មាន​លក្ខណៈ​បន្ទាន់ និង​ធ្ងន់ធ្ងរ។

លោក Paul Schiff Berman បន្ថែម​ថា៖ «វិបត្តិ​ដ៏​ពិត​ប្រាកដ​មួយ​អាច​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​ក៏​ជា​ការ​ឈ្លានពាន​របស់​បរទេស​ជា​ដើម ដែល​តម្រូវការ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ជា​បន្ទាន់​គឺ​ចាំបាច់​បំផុត ដោយសារ​ប្រធានាធិបតី​ត្រូវការ​អំណាច​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភាព​អាសន្ន ដោយសារតែ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​សភា​អនុម័ត»។

អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​កត់​សម្គាល់​ឃើញ​ថា បញ្ហា​ខ្វះខាត​ខាង​សន្តិសុខ​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ជជែក​ដេញដោល​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។

លោក John Hudak អ្នក​វិភាគ​នយោបាយ​នៃ​វិទ្យាស្ថាន Brookings និយាយ​ថា៖ «ខ្ញុំ​គិត​ថា ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​មាន​មន្ទិល​សង្ស័យ​ចំពោះ​រឿង​នេះ និង​និយាយ​ថា តើ​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​ចាប់ពី​ដំណាក់កាល​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រទេស​មាន​ភាព​ធ្ងន់ធ្ងរ​បន្ទាន់ ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន​នោះ?»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG